ស្ទឹងត្រែងៈ តុលាការខេត្ត​ស្ទឹងត្រែង​បាន​សម្រេច​ចោទប្រកាន់​មន្ត្រី​យោធា​ឋានៈ​ឧត្តមសេនីយ៍ទោ​ម្នាក់​ឈ្មោះ ចាន់ សំអាត តាម​បញ្ញត្ដិ​នៃ​ច្បាប់​ព្រៃឈើ​ពាក់ព័ន្ធ​នឹង​ការឈូសឆាយ​ដី​ព្រៃ​រដ្ឋ​ជិត​ ៧០ ​ហិកតា ប៉ុន្ដែ​តុលាការ​បានសម្រេច​អនុញ្ញាត​ឲ្យ​ជនជាប់ចោទ​រូបនេះ​នៅ​ក្រៅ​ឃុំ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ដោយសារ​ជនជាប់ចោទ​មាន​ជំងឺ​ធ្ងន់ធ្ងរ​។

លោក យ៉ា ណារិន ប្រធាន​សាលាដំបូង​ខេត្តស្ទឹងត្រែង​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ក្រោយ​ចៅក្រម​ស៊ើបសួរ​បាន​បញ្ចប់​ការសាកសួរ​មន្ត្រី​យោធា​ឈ្មោះ ចាន់ សំអាត រួច​កាលពី​ថ្ងៃ​ពុធ​ទី​​ ២៩ ខែ​មេសា បាន​សម្រេច​ចោទប្រកាន់​តាម​ទោស​បញ្ញត្ដិ​នៃ​ច្បាប់​ព្រៃឈើ​។ ប៉ុន្ដែ​តុលាការ​សម្រេច​ឲ្យ​ជនជាប់ចោទ​រូបនេះ​នៅ​ក្រៅ​ឃុំ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។

លោក​ថ្លែងថា​៖ «​ការដែល​តុលាការ​យើង​សម្រេច​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ ក្រោម​ការត្រួត​ពិនិត្យ​របស់​តុលាការ​នេះ​គឺ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​សុខភាព​របស់គាត់​។ យើង​សម្រេច​ដោះលែង​គាត់​ឲ្យ​នៅក្រៅ​ឃុំ​កាលពី​ថ្ងៃទី​ ២៩ ខែមេសា​។ គាត់​មាន​សុខភាព​ធ្ងន់ធ្ងរ​ដោយសារ​គាត់​វះ​ពោះ​ហើយ​និង​ប្លោកនោម ក្រពះ​អី គឺ​នៅក្រៅ​ទាំងអស់​។ ដូច្នេះ​យើង​មិនអាច​ដាក់​គាត់​នៅក្នុង​ហ្នឹង​បាន (​ពន្ធនាគារ​) តែ​ដាក់​នឹង​គឺ​ស្លាប់​ហើយ​»​។

លោក ណារិន បន្ត​ថា​៖ «​ប៉ុន្ដែ​កាលពី​ថ្ងៃទី​ ២៩ ខែមេសា​​ នោះ​គឺ​យើង​បាន​ចោទប្រកាន់​គាត់​ហើយ​។ ចោទប្រកាន់​គាត់​តាមច្បាប់​ព្រៃឈើ​»​។ ប៉ុន្ដែ​ទោះ​ជា​យ៉ាងណា​លោក​ ណារិន ​មិន​បាន​បញ្ជាក់ថា ការចោទប្រកាន់​តាម​ច្បាប់​ព្រៃឈើ​នេះ​ស្ថិត​ក្នុង​មាត្រា​ណាមួយ​នោះទេ​។

កាលពី​ថ្ងៃទី​ ២៣ ខែ​មេសា សមត្ថកិច្ច​ចម្រុះ​ខេត្ដ​ស្ទឹងត្រែង​ក្រោម​ការបញ្ជា​របស់​អភិបាលខេត្ដ​ស្ទឹងត្រែង​បាន​ឃាត់ខ្លួន​លោក ចាន់ សំអាត រួច​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​ជិត ៧០ ​ហិកតា​នៅ​ភូមិ​ស្រឡៅ ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់​។

លោក ប៊ី វណ្ណី ​មន្ដ្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ដ​ស្ទឹងត្រែង សោកស្ដាយ​ចំពោះ​ការអនុវត្ដ​នីតិវិធី​ច្បាប់​របស់​តុលាការ​ដែល​សម្រេច​ឲ្យ​ជនជាប់ចោទ​ជា​មន្ដ្រី​ស្ថិតនៅ​ក្រៅ​ឃុំ​បែប​នេះ​។ លោក​ថា ការអនុវត្ដ​បែបនេះ គឺ​ខ្វះ​ភាពយុត្ដិធម៌​ចំពោះ​ការអនុវត្ដ​នីតិវិធី​ច្បាប់​រវាង​មន្ដ្រី​មាន​អំណាច និង​ប្រជាពលរដ្ឋ​ធម្មតា ព្រោះ​កន្លងមក​ចំពោះ​ពលរដ្ឋ​ធម្មតា​ពេល​ធ្វើ​ខុស​គឺ​តែងតែ​ត្រូវ​បាន​ឃុំខ្លួន មិនមាន​ការលើកលែង​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​រឿងនេះ​បង្ហាញថា ការ​អនុវត្ដ​ច្បាប់​គឺ​មាន​ភាព​ធូរស្រាល ចំពោះ​មន្ដ្រី​ធំៗ​ដែល​ប្រព្រឹត្ត​បទល្មើស​គឺ​យើង​ឃើញថា តុលាការ​មិន​មាន​ឆន្ទៈ​ក្នុងការ​អនុវត្ដ​ច្បាប់​​ឲ្យ​បាន​តឹងរ៉ឹង និង​មាន​ភាពសុក្រឹត​នោះទេ​។ ប៉ុន្ដែ​ចំពោះ​ការអនុវត្ដ​ច្បាប់​ចំពោះ​ពលរដ្ឋ​គឺ​មាន​ការឃុំ​ខ្លួន​ជា​បន្តបន្ទាប់​។ ដូច្នេះ​យើង​ឃើញថា ការអនុវត្ដ​ច្បាប់​នេះ​គឺ​មាន​ស្ដង់ដា​ ២ រវាង​មន្ដ្រី និង​ពលរដ្ឋ​»​។

លោក វណ្ណី បាន​ទាមទារ​ឲ្យ​តុលាការ​មាន​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើភាព​គ្នា​ទាំង​មន្ត្រី និង​ពលរដ្ឋ​។ លោក​បន្ដថា ប្រសាសន៍ និង​គោលនយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ធ្លាប់​បាន​លើកឡើង​ថា ប្រសិន​បើ​មន្ដ្រីរាជការ​ណា​ដែល​ប្រព្រឹត្ដ​ខុសច្បាប់​នោះ​គឺ​ត្រូវ​អនុវត្ដ​ទៅតាម​នីតិវិធី​ច្បាប់ និង​ព្រមាន​ដកតំណែង​ផងដែរ​៕