ភ្នំពេញៈ ​ឧត្តមស្នងការ​សិទ្ធិមនុស្ស និង​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ បាន​គូស​បង្ហាញ​អំពី​សេរីភាព​នយោបាយ និង​សង្គម​ស៊ីវិល ដែល​មាន​លក្ខណៈ​រួញ​តូច​ជាង​មុន​នៅ​ក្នុង​របាយការណ៍​មួយ​ពី​មុន​កិច្ចពិភាក្សា​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​កម្ពុជា​នៅក្នុង​ខែ​មីនា​នេះ​។

របាយការណ៍​ស្តីពី​ជំនួយ​បច្ចេកទេស និង​ការកសាង​សមត្ថភាព​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​ ២ ខែ​កុម្ភៈ និង​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បាន​គូស​បង្ហាញ​អំពី​សកម្មភាព​របស់​ការិយាល័យ ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ចន្លោះ​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា និង​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ ឆ្នាំ​ ២០១៧​។

ពួកគេ​សរសេរ​ថា​៖ «​រយៈពេល​រាយការណ៍​បាន​រកឃើញ​មាន​ការ​បន្ត​ភាព​តានតឹង​នយោបាយ​ខ្លាំង​ឡើង​ និង​ការទប់ស្កាត់​សេរីភាព​សង្គម​ស៊ីវិល​»​។ ពួកគេ​សរសេរ​ថា​ការ​កើនឡើង​ភាព​តានតឹង​នេះ​រួមមាន​ការ​ចាប់ខ្លួន​លោក​ កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​កាលពី​ខែ​កញ្ញា និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បំភិត​បំភ័យ​អ្នក​នយោបាយ និង​សង្គម​ស៊ីវិល​។

របាយការណ៍​នេះ​បាន​បន្ត​ថា​៖ «​អតីត​សមាជិក​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជម្រាប​ជូន​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ថា ពួកគេ​កំពុង​ត្រូវ​បាន​បំភិត​បំភ័យ​ដោយ​នគរបាល ហើយ​អ្នក​ខ្លះ​ត្រូវ​បាន​គំរាម​កំហែង​ថា​នឹង​ត្រូវ​ចាប់​​ខ្លួន​»​។

ជាង​នេះ​ទៀត «​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​ទទួល​របាយការណ៍​ជាច្រើន​អំពី​ការ​បំភិត​បំភ័យ​អង្គការ​សង្គម​ស៊ីវិល និង​ការភិតភ័យ​ក្នុង​ចំណោម​បុគ្គលិក​របស់​ពួកគេ​»​។

ការពិភាក្សា​អំពី​កម្ពុជា​នៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នា​ថ្ងៃ​ទី​ ២១ មីនា ដែល​ជា​ពេល​របាយការណ៍​នឹង​ត្រូវ​បង្ហាញ​។ ក្រុមប្រឹក្សា​បាន​ធ្វើការ​ពិភាក្សា​អំពី​បញ្ហា​កម្ពុជា​តាំងពី​ថ្ងៃ​ទី​ ២៦ ខែ​មករា​។ ក្នុង​អំឡុង​កិច្ចប្រជុំ​នៃ​រដ្ឋាភិបាល​ឋានៈ​ខ្ពស់​របស់​ប្រទេស​សមាជិក និង​តំណាង​ប្រទេស​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​កាលពី​សប្តាហ៍​មុន​។ ​

អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក Manabu Horii ក៏​បាន​លើកឡើង​ដោយ​សង្ខេប​ផង​ដែរ​អំពី​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា​។ លោក​ថ្លែង​ថា​៖ «​ក្នុង​ប្រទេស​កម្ពុជា វា​សំខាន់​ណាស់​ដែល​ត្រូវ​រៀបចំ​ការបោះឆ្នោត​ទូទៅ​នា​ខែ​កក្កដា​នេះ​ក្នុង​លក្ខណៈ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​របស់​ប្រជាជន​»​។

លោក​បញ្ជាក់​ថា​៖ «​ជប៉ុន​នឹង​ឃ្លាំ​មើល​ស្ថានការណ៍​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត ឬ​បន្ត​ជួប​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ប្រសិន​បើ​ចាំបាច់​។ ពី​ពេល​នេះ​តទៅ​ជប៉ុន​នឹង​ខិតខំ​ជានិច្ច​ក្នុង​ការ​បង្កើត​តម្លៃ​មូលដ្ឋាន​ដូចជា សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅក្នុង​តំបន់​»​។

លោក Tariq Ahmad រដ្ឋមន្ត្រី​របស់​អង់គ្លេស​ទទួល​បន្ទុក​នៅ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា កំណើន​សេដ្ឋកិច្ច​របស់​អាស៊ីអាគ្នេយ៍ «​អាច​នឹង​ធ្វើ​ឲ្យ​មាន​ហានិភ័យ ប្រសិន​បើ​សេរីភាព​នយោបាយ និង​សង្គម​ស៊ីវិល​សឹករេចរឹល​» ដោយ​លោក​បាន​ចង្អុល​បង្ហាញ​ទៅ​លើ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការអភិវឌ្ឍ​តំបន់​ដទៃៗ​ទៀត​។

លោក​បាន​លើក​ឡើង​ថា​៖ «​យើង​សង្ឃឹម​ថា​ប្រទេស​ថៃ កម្ពុជា និង​ម៉ាឡេស៊ី​នឹង​អាច​ធ្វើឲ្យ​មាន​ការ​ពិភាក្សា​ដោយ​សេរី និង​កិច្ចពិភាក្សា​នយោបាយ​ដោយ​ចំហ មុន​ការបោះឆ្នោត​របស់​ខ្លួន​ដែល​បង្ហាញ​ថា ប្រជាធិបតេយ្យ​ក្នុង​តំបន់​នៅរស់ និង​ល្អ​»​។

អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា​៖ «​ខាង​កម្ពុជា​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​ពន្យល់​អំពី​ [​ការចាប់​ខ្លួន​លោក កឹម សុខា​] ​និង​ការរំលាយ​ [​គណបក្ស​សង្គ្រោះ​ជាតិ​]»​។

លោក ស៊ីផាន បាន​បង្វែរ​សំណួរ​បន្ថែម​ទៅ​លោក កែវ រ៉េមី ដែល​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដែល​លោក​ថ្លែង​ថា គួរ​តែ​បង្កើត​នូវ​ការិយាល័យ​ទំនាក់ទំនង​សមស្រប​។

លោក ផៃ ស៊ីផាន បាន​ថ្លែង​សំដៅ​ទៅ​សហការី​របស់​លោក​ថា​៖ «​ប្រាប់​ការពិត​អំពី​អ្វី​ដែល​កំពុង​កើត​មាន ហេតុអ្វី​អ្នក​ខ្លាច​ប្រព័ន្ធ​ផ្សព្វផ្សាយ​? ប្រាប់​ពួកគេ​នូវ​រាល់​អ្វីៗ​ទាំងអស់​។ នោះ​ហើយ​ជា​វិធីសាស្ត្រ​របស់​ខ្ញុំ​»​។

លោក កែវ រ៉េមី មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ត្រឹម​ម៉ោង​ចុះ​ផ្សាយ​ព័ត៌មាន​កាលពី​យប់មិញ​៕ PS