ភ្នំពេញៈ សាលាឧទ្ធរណ៍​បាន​ចេញ​ដីកា​កោះហៅ​លោក​​ ស ម៉ូរ៉ា ប្រធាន​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​ឲ្យ​ចូល​ខ្លួន​ដើម្បី​សាកសួរ​ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា​ដែល​សំណុំ​រឿងក្តី​នេះ​ចុះ​ថ្ងៃទី​ ៩ ខែ​មីនា ឆ្នាំ​ ២០១៨​។ ក្រុមហ៊ុន​បាន​ប្តឹង​ឧទ្ធរណ៍​ទាមទារ​សំណង​ជំងឺ​ចិត្ត​បន្ទាប់ពី​តុលាការ​ខេត្ត​ព្រះសីហនុ​បាន​បដិសេធ​បណ្តឹង​ប្រឆាំង​នឹង​លោក ស ម៉ូរ៉ា កាលពី​ខែ​កក្កដា​ក្នុង​ឆ្នាំ​នេះ​។

យោង​តាម​ដីកា​កោះហៅ​របស់​លោក ងួន អ៊ិម ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បង្គាប់​ដល់​ឈ្មោះ​ ស ម៉ូរ៉ា ឲ្យ​បង្ហាញ​ខ្លួន​នៅ​ថ្ងៃទី​ ៥ ខែ​កញ្ញា វេលា​ម៉ោង​ ៨:៣០ ​ព្រឹក​នៅឯ​សាលាឧទ្ធរណ៍​។

ប្រសិន​បើ​លោក ម៉ូរ៉ា មិន​ចូល​ខ្លួន​នោះ​តុលាការ​ទទួល​ស្គាល់​ថា សេចក្តី​អះអាង​អំពី​ចំណុច​សាកសួរ​របស់​ភាគី​ម្ខាង​ទៀត​ជា​ការពិត​បាន​។ ដីកា​នោះ​បាន​បញ្ជាក់ថា លោក ស ម៉ូរ៉ា និង​ ខែម ម៉ៅ គឺជា​ចុងចម្លើយ ហើយ​ដើមចោទ​គឺ​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា​។

លោក​ ទូច ថារិទ្ធិ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​បាន​បញ្ជាក់​ថា​ករណី​នេះ​ត្រូវ​បាន​ប្តឹង​ដោយ​ក្រុមហ៊ុន​។

លោក​ថ្លែង​ថា​៖ «​ផ្អែកលើ​នីតិវិធី​តុលាការ​យើង​ក៏​នឹង​ចេញ​ដីការ​កោះហៅ​ភាគី​ដើមចោទ​ដែរ​»​។

ប្រធាន​សហជីព​ ២ ​រូប​គឺ​លោក ស ម៉ូរ៉ា និង​លោក​ ខែមម៉ៅ ត្រូវ​បាន​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា​ប្តឹង​ទាមទារ​សំណង​ចំនួន​ ៦ ​ម៉ឺន​ដុល្លារ បន្ទាប់ពី​មាន​កូដកម្ម​ប្រឆាំង​ក្រុមហ៊ុន​កាលពី​ខែ​សីហា ឆ្នាំ​ ២០១៧​។ កម្មករ​ប្រហែល ១០០ នាក់​បាន​ធ្វើ​កូដកម្ម​រយៈពេល​ ៥ ​ថ្ងៃ​ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ការបណ្តេញ​អ្នកគ្រប់គ្រង​ឃ្លាំង​ចេញ​ពី​ការងារ​។

ការសម្រេច​របស់​ចៅក្រម​ខេត្ត​ព្រះសីហនុ​នៅ​ក្នុង​ខែ​មីនា​ឆ្នាំ​ ២០១៨ គឺ​បាន​ទាមទារ​ឲ្យ​មេដឹកនាំ​សហជីព​មូលដ្ឋាន​ឈ្មោះ​ ខែម ម៉ៅ ​សង​ប្រាក់​ចំនួន​ ៣០០០ ​ដុល្លារ​ទៅ​ឱ្យ​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា​ហើយ​ទម្លាក់​ការចោទ​ចំពោះ​លោក ម៉ូរ៉ា​។

លោក ស ម៉ូរ៉ា បាន​អះអាង​ថា​លោក​នឹង​ទៅ​បង្ហាញ​ខ្លួន​តប​តាម​ដីកា​នោះ​ប្រសិន​បើ​លោក​អាច​រក​មេធាវី​ការពារ​ក្តី​បាន​។

លោក​ថ្លែង​ថា​៖ «​គោលបំណង​របស់​ខ្ញុំ​គឺ​យើង​ចង់​ចូល​ខ្លួន​តាម​ដីកា​កោះហៅ ប៉ុន្តែ​យើង​កំពុង​ធ្វើ​ទំនាក់ទំនង​ជាមួយ​មេធាវី ដូច្នេះ​ខ្ញុំ​មិន​ដឹង​ថា តើ​ខ្ញុំ​អាច​ទៅ​ទាន់​ពេលវេលា​ ឬ​ក៏​អត់​នោះទេ​។ ប្រសិនបើ​យើង​មិន​អាច​ស្វែងរក​ការជួយ​គាំទ្រ​ពី​មេធាវី​បាន​ទាន់​ពេលវេលា​ទេ នោះ​យើង​នឹង​ស្នើ​លើក​ទៅ​ពេល​ក្រោយ​»​។

លោក​បាន​ចាត់ទុក​ថា​ពាក្យបណ្តឹង​នេះ​គឺ​មាន​គោលបំណង​គំរាមកំហែង​មិន​ឱ្យ​បង្កើត​សហជីព​នៅក្នុង​រោងចក្រ​។ លោក​ថា​៖ «​វា​គ្រាន់តែ​ជា​បច្ចេកទេស​សម្រាប់​ក្រុមហ៊ុន​ដើម្បី​ធ្វើការ​គំរាម​កំហែង​ដល់​សហជីព​ដែល​ព្យាយាម​ការពារ​ផលប្រយោជន៍​របស់​កម្មករ​ប៉ុណ្ណោះ ហើយ​យើង​សង្ឃឹម​ថា​សាលាឧទ្ធរណ៍​នឹង​ទម្លាក់​ការចោទប្រកាន់​យើង​ចោល​»៕ NS