ភ្នំពេញ: សាលាឧទ្ធរណ៍គ្រោងបើកសវនាការសំណុំរឿងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី (RFA) លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ សុជាមេត្តា នៅថ្ងៃទី ២១ មិថុនាខាងមុខនេះ ពាក់ព័ន្ធបទចោទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ» ខណៈសាមីខ្លួនស្នើឲ្យទម្លាក់ បទចោទចោលទាំងអស់។
តាមលិខិតអញ្ជើញ លោក សំ ចំរើន មេធាវីការពារក្ដីលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ដែលចុះហត្ថលេខាដោយលោកសាយ សុខហឿង ក្រឡាបញ្ជីសាលាឧទ្ធរណ៍ចុះថ្ងៃទី ១៦ មិថុនា បានឲ្យដឹងថា៖ «សូមជម្រាបមកមេធាវី សំ ចំរើន (មេធាវីការពារសិទ្ធិឲ្យជនត្រូវចោទឈ្មោះ អ៊ួន ឈិន និង យាង សុធារិន្ទ ហៅ យាង សុជាមេត្តា) ដើម្បីជំនុំជម្រះរឿងប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ២១ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ៨ ព្រឹកនៅបន្ទប់សវនាការទី ៣។
លោក យាង សុជាមេត្តា អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី (RFA) បានថ្លែងពីម្សិលមិញថា នៅថ្ងៃទី ២១ មិថុនា សាលាឧទ្ធរណ៍នឹងបើកសវនាការលើសំណុំរឿងចំនួន ២ គឺរឿងលោកទាំង២នាក់ស្នើសុំឲ្យតុលាការបញ្ឈប់ការដាក់ពួកលោកស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនិងបណ្ដឹងទាមទារយកសម្ភារដែលតុលាការបានរឹបអូសនោះមកវិញ។
លោកបន្តថា ការស្នើបែបនេះដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកលោកក្នុងការរកការងារធ្វើសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងមានឱកាសអាចទៅរៀនសូត្រនៅក្រៅប្រទេសផងដែរ។សម្រាប់លោក អ៊ួន ឈិន ចង់បានឧបករណ៍ទាំងអស់ដែលតុលាការបានរឹបអូសនោះមកវិញដើម្បីបង្កើតមុខរបររកស៊ីចិញ្ចឹមជីវិត។
លោក សុជាមេត្តា បានបញ្ជាក់ថា៖ «ខ្ញុំគិតថា បើតុលាការគិតយល់ពីស្ថានភាពពួកខ្ញុំជាក់ស្ដែងគឺគួរតែទម្លាក់ចោលការត្រួតពិនិត្យទាំងអស់ហ្នឹងទៅ ហើយបើតុលាការបន្តការស៊ើបអង្កេត ក៏បន្តស៊ើបទៅ ហើយយើងនឹងបន្តសហការជាមួយតុលាការជារៀងរហូតទេ តុលាការត្រូវការពេលណាៗអីនោះ គឺយើងនឹងទៅបង្ហាញខ្លួនរហូតទេ»។
លោក សំ ចំរើន មេធាវីការពារក្ដីលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា បានថ្លែងថា លោកនឹងចូលរួមក្នុងសវនាការនេះ ហើយខំប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីកូនក្ដីលោកមានសេរីភាពពេញលេញ។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនមានយោបល់អ្វីច្រើនទេ ប៉ុន្ដែខ្ញុំនឹងប្រឹងប្រែងជួយពួកគាត់ឲ្យមានសេរីភាពពេញលេញឡើងវិញ។ ខ្ញុំក៏ជំរុញឲ្យតុលាការយើងកែតម្រូវឬលុបចោលបទចោទហ្នឹងទាំងស្រុង ព្រោះសព្វថ្ងៃនេះ គាត់មានបញ្ហាផ្នែកជីវភាព រស់នៅប្រចាំថ្ងៃ»។
ក្រុមការងារសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីថ្ងៃទី ៣ ខែ មិថុនា កន្លងមកនេះ បានចេញសេចក្ដីថ្លែងការណ៍មួយថា អ្នកទាំង ២ ត្រូវបានដាក់ឲ្យនៅក្រៅឃុំក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការកាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៨ ដោយត្រូវបានឃុំខ្លួនរយៈពេលជាង ៩ ខែ ដោយគ្មានសវនាការ។
សេចក្ដីថ្លែងការណ៍បន្តថា ក្រុមការងារបានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាឲ្យដោះលែងអ្នកទាំង ២ ដោយគ្មានលក្ខខណ្ឌ ផ្តល់សិទ្ធិឲ្យពួកគេទាមទារសំណង និងការជួសជុលសំណង និងសុំកែប្រែមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ (បទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ) ដើម្បីធ្វើឲ្យមាត្រា ៤៤៥ នេះ ស្របនឹងកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន។
លោក អ៊ួន ឈិន អតីតអ្នកគ្រប់គ្រងផ្នែកវីដេអូ និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា អតីតបុគ្គលិកអាស៊ីសេរី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ ២០១៧ ហើយត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជភ្នំពេញចោទប្រកាន់ពីបទ «ផ្តល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឲ្យអន្តរាយដល់ការការពារជាតិ» តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីអ្នកវិភាគនយោបាយ និងសកម្មជនដីធ្លីសហគមន៍បឹងកក់ត្រូវបានដោះលែងជាបន្តបន្ទាប់នោះ អ្នកទាំង ២ នាក់នេះក៏ត្រូវបានដោះលែងឲ្យនៅក្រៅឃុំដែរកាលពីយប់ថ្ងៃទី ២១ សីហា ឆ្នាំ ២០១៨ តាមដីកាបង្គាប់ឲ្យដោះលែងជាបណ្ដោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ៕