ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញ បានច្រានចោលបណ្តឹងរបស់ក្រុមមេធាវីការពារមន្ត្រីសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គជប ដែលបានប្តឹងទាស់នឹងសេចក្តីសម្រេចសាលារបស់សាលាដំបូងក្នុងការពន្យារពេលឃុំខ្លួនកូនក្តីរបស់ខ្លួនបន្ថែមរយៈពេល៦ខែទៀតដោយចាត់ទុកការពន្យារពេលថាជាការត្រឹមត្រូវ ខណៈដែលអ្នកច្បាប់ថា គួរពិចារណាលើទំហំនៃការប្រព្រឹត្តផង។
មន្ត្រីសិទ្ធិមនុស្ស ៤រូប និងមន្ត្រី គជប ១ រូប ត្រូវបាននាំខ្លួនមកសាលាឧទ្ធរណ៍នៅវេលាម៉ោង២ ដើម្បីស្តាប់ការប្រកាសសាលដីកានេះ។
មេធាវីម្នាក់ក្នុងចំណោមមេធាវីផ្សេងទៀតដែលការពារមន្ត្រីអាដហុកគឺលោកស្រី គា សុផល បានថ្លែងថា ឧទ្ធរណ៍បន្តឃុំខ្លូនមន្ត្រីសិទ្ធិមនុស្សតាមការស្នើសុំរបស់សាលាដំបូងរាជធានីភ្នំពេញ។
លោកស្រីថា៖ «តុលាការថាពន្យារការឃុំខ្លួនគឺត្រឹមត្រូវ ព្រោះគេថា រឿងក្តីនេះ ការស៊ើបអង្កេតអត់ទាន់ចប់ហើយវាជាបទឧក្រិដ្ឋអ៊ីចឹងគេអាចមានសិទ្ធិពន្យារការឃុំខ្លួន»។ យ៉ាងណាក៏ដោយលោកស្រី សុំមិនអត្ថាធិប្បាយជុំវិញការសម្រេចនេះទេ ខណៈលោកស្រីនឹងពិភាក្សាជាមួយមេធាវីផ្សេងទៀតដើម្បីរកវិធីជាបន្តបន្ទាប់។

លោកស្រី លឹម មុនី ថ្លែងក្រោយចេញពីតុលាការថា«ពិតជាមិនយុត្តិធម៌សម្រាប់ខ្ញុំ ដែលសម្រេចការឃុំខ្លួន និងរក្សាដីការបស់តុលាការក្រុង»។
ទន្ទឹមនឹងនោះដែរ លោក ណៃ វង់ដា ដែលជាអ្នកជាប់ឃុំម្នាក់ដែរ បានស្នើឱ្យរដ្ឋាភិបាលរក្សាការិយាល័យអង្គការសហប្រជាជាតិនៅកម្ពុជា បន្ទាប់ពីមន្រី្តរដ្ឋាភិបាលព្រមានបិទការិយាល័យសិទ្ធិមនុស្សដ៏ធំមួយនេះ។
លោកថា«ខ្ញុំស្នើសុំឱ្យរក្សាការិយាល័យសិទ្ធិមនុស្ស ហើយនិងអ្នករាយការណ៍ពិសេសឱ្យនៅប្រទេសកម្ពុជាដដែល ព្រោះជាប្រយោជន៍ប្រជាពលរដ្ឋរបស់ប្រទេសខ្មែរតទៅថ្ងៃមុខ»។
«មានUN ជាកញ្ចក់ឆ្លុះបញ្ចាំងរដ្ឋាភិបាលថា តើរដ្ឋាភិបាលមានការរំលោភសិទ្ធិមនុស្សដែរឬអត់ ហើយប្រទេសយើងមិនទាន់មានការគោរពសិទ្ធិមនុស្សពេញលេញនៅឡើយទេ អ៊ីចឹង UN ហ្នឹងហើយដែលមានប្រយោជន៍ដល់សង្គមជាតិ បើសិនជាអត់UN ការរំលោភសិទ្ធិមនុស្សកាន់តែខ្លាំងថែមទៀត»។
លោក សំ សុគង់ មេធាវីការពារឱ្យលោក នី ចរិយា អវត្តមានក្នុងសវនាការនេះ ដោយជាប់រវល់បំពេញការងារតាមខេត្ត ខណៈកូនក្តីរបស់លោក អគ្គលេខាធិការរង គជប លោក នី ចរិយា សុំមិនធ្វើអត្ថាធិប្បាយលើការសម្រេចនេះ។
ទាក់ទងករណីនេះដែរ តុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្តឹងសុំនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្សនៅថ្ងៃទី ៣០ខែ វិច្ឆិកាស្អែកនេះ។
ក្រមនីតិវិធីព្រហ្មទណ្ឌត្រង់មាត្រា ២០៨ ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងបទឧក្រិដ្ឋចែងថា «ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋ ការឃុំបណ្តោះអាសន្ន មិនអាចលើសពី៦ខែបានទេ។ ប៉ុន្តែនៅពេលផុតថិរវេលានេះចៅក្រមស៊ើបសួរ អាចពន្យារពេលឃុំខ្លួនបណ្តោះអាសន្នម្តងបាន៦ខែដោយដីកាមានសំអាងហេតុត្រឹមត្រូវនិងច្បាស់លាស់» «ចៅក្រមស៊ើបសួរអាចសម្រេចពន្យារការឃុំខ្លួនបណ្តោះអាសន្នបានត្រឹមតែ២ដងគត់»។
លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា សុំមិនអត្ថាធិប្បាយពីរឿងតុលាការចោទប្រកាន់មន្ត្រីសិទ្ធិមនុស្សពីបទឧក្រិដ្ឋនេះទេ។ តែលោកថា តុលាការគួរពិចារណាពីទំហំនៃអំពើនោះផងដែរ។ លោកថា៖«ច្បាប់យើងឱ្យតែចោទរឿងឧក្រិដ្ឋ អាចឃុំបន្តដល់១៨ខែ តែត្រង់ចំណុចហ្នឹង តុលាការគួរពិចារណាផងថា តើបទឧក្រិដ្ឋ វាមានកម្រិតសាហាវប៉ុនណាឬសម្លាប់មនុស្សយើងគួរតែមិនអាចឱ្យនៅក្រៅឃុំបាន តែរឿងនេះដូចមិនអ៊ីចឹងនោះទេ»៕