ភ្នំពេញៈ សាលាឧទ្ធរណ៍បានប្រកាសច្រានចោលបណ្តឹងឧទ្ធរណ៍របស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដោយចាត់ទុកថាមិនអាចទទួលយកបាន និងបង្គាប់ឲ្យជនជាប់ចោទអនុវត្តតាមសាលក្រមសាលាដំបូងដែលតម្រូវឲ្យផ្តល់ឯកសារ និងភ័ស្តុតាងដោះបន្ទុក។
សវនាការលើពាក្យប្តឹងទាស់របស់មេធាវីលើសាលក្រមចាត់របៀបរបស់សាលាដំបូងរាជធានីកាលពីម្សិលមិញធ្វើឡើងដោយលោកចៅក្រម ប្លង់ សំណាង ប្រធានក្រុមជំនុំជម្រះតំណាងអយ្យការសាលាឧទ្ធរណ៍ និងមេធាវីការពារក្តីតែមិនមានវត្តមានរបស់ជនជាប់ចោទ លោក ហុង សុខហួរ នោះទេ។
ក្នុងដំណើរការសវនាការទាំងព្រះរាជអាជ្ញា និងមេធាវីជនជាប់ចោទបានធ្វើការបកស្រាយរៀងៗខ្លួនពាក់ព័ន្ធនឹងអត្ថន័យនៃនីតិវិធីច្បាប់ដែលមានចែងក្នុងមាត្រា ៣៨៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌដែលបានចែងថា «កាលណាតុលាការចេញសាលក្រមចាត់របៀបបណ្តឹងឧទ្ធរណ៍អាចត្រូវទទួលបានភ្លាមប្រសិនបើសាលក្រមនេះបញ្ចប់នីតិវិធី។ ក្នុងករណីផ្ទុយពីនេះសាលក្រមចាត់របៀបនឹងអាចត្រូវដាក់ជូនសាលាឧទ្ធរណ៍ពិនិត្យបានលុះត្រាតែធ្វើព្រមគ្នាជាមួយសាលក្រមលើអង្គសេចក្តី»។
ផ្អែកតាមមាត្រានេះព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍លោកស្រី យិន សុគន្ធារី បានថ្លែងយ៉ាងខ្លីថា៖ «ដោយសារសាលាដំបូងមិនទាន់បានបញ្ចប់នីតិវិធីតុលាការដូចនេះសាលាឧទ្ធរណ៍មិនអាចយកមកជំនុំជម្រះបានឡើយ»។
ចំណែកមេធាវីការពារជនជាប់ចោទលោក ជូង ជូងី ក៏បានលើកអំណះអំណាងមាត្រាដូចគ្នាដោយសង្កត់ធ្ងន់ទៅលើសាលក្រមចាត់របៀបរបស់សាលាដំបូងចែងឲ្យសិទ្ធិមេធាវីក្នុងការប្តឹងឧទ្ធរណ៍។ ជាមួយគ្នានេះលោកបានបន្តថាសាលក្រមចាត់របៀបមិនអាចត្រូវបានបញ្ជូនមកឧទ្ធរណ៍ដោយមិនមានភ្ជាប់នូវសាលក្រមលើអង្គសេចក្តីនោះទេ។
លោកថា៖ «ទម្រង់ និងខ្លឹមសារនៃការចេញសាលក្រមចាត់របៀបនេះគឺខុសគតិច្បាប់បញ្ហាគឺចោទលើការបកស្រាយច្បាប់»។
យ៉ាងណាក៏ដោយក្រោយកិច្ចពិភាក្សារបស់អង្គចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកចៅក្រម ប្លង់ សំណាង បានប្រកាសថាពាក្យប្តឹងឧទ្ធរណ៍នោះគឺមិនអាចទទួលយកបានឡើយតែលោកមិនបានបញ្ជាក់ពីមូលហេតុនោះទេ។
ក្រោយការប្រកាសនេះលោកមេធាវី ជូង ជូងី បានឲ្យដឹងថាលោកនឹងពិភាក្សាជាមួយកូនក្តីដើម្បីពិចារណាប្តឹងទាស់ទៅតុលាការកំពូលសម្រេចជាថ្មី។
លោកថា៖ «ចៅក្រមហាក់ដូចជាចាក់កណ្តាលមិនប្រកាសថាសាលក្រមសាលាដំបូងត្រូវឬអត់តែថា ពាក្យបណ្តឹងមិនអាចទទួលយកបានទៅវិញជាគោលការណ៍ច្បាប់រាល់សេចក្តីសម្រេចប៉ះពាល់ប្រយោជន៍គឺភាគីមានសិទ្ធិប្តឹង»។
សាលាដំបូងរាជធានីបានចេញសាលក្រមរបៀបនៅថ្ងៃទី ៧ ខែតុលា ដែលតម្រូវឲ្យមេធាវីការពារសិទ្ធិជនចាប់ចោទ និងជនជាប់ចោទផ្តល់ឯកសារដែលពាក់ព័ន្ធនឹងការទាញយកសន្ធិសញ្ញាព្រំដែនឆ្នាំ ១៩៧៩ និងឧបករណ៍អេឡិចត្រូនិកមកតុលាការដើម្បីបន្តនីតិវិធីស៊ើបសួរបន្ថែមប៉ុន្តែពេលនោះមិនមានការឆ្លើយតបឡើយ។
ក្រោយមកនៅថ្ងៃទី ២២ ខែតុលាសាលាដំបូងរាជធានីក៏បានចេញដីកាបង្គាប់ឲ្យមេធាវីដាក់ភ័ស្តុតាងម្តងទៀតមកតុលាការ។ ក្នុងដីកាបានគូសបញ្ជាក់ថាបើមិនអនុវត្តតាមតុលាការ តុលាការនឹងកំណត់កាលបរិច្ឆេទបន្តនីតិវិធីហើយនឹងមិនទទួលភ័ស្តុតាងពាក់ព័ន្ធខាងលើនៅពេលខាងមុខឡើយ។
មិនខុសកាលពីមុនលោក ជូងី នៅតែអះអាងថាកូនក្តីរបស់លោកអាចអនុវត្តសាលក្រមរបៀបរបស់សាលាដំបូងបានលុះណាតែគាត់នៅក្រៅឃុំទើបមានលទ្ធភាពក្នុងការប្រមូលនូវឯកសារពាក់ព័ន្ធទាំងនោះសម្រាប់ដោះបន្ទុកបានហើយសម្រាប់ការដាក់ភ័ស្តុតាងទាំងនេះគឺជាសិទ្ធិរបស់ជនជាប់ចោទ និងមេធាវី។
ទីប្រឹក្សាបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ដែលបានចូលរួមតាមដានសវនាការនេះយល់ថាការសម្រេចរបស់ចៅក្រមហាក់មិនមានមូលដ្ឋានច្បាស់លាស់ និងគ្រាន់តែជាល្បែងនយោបាយតែប៉ុណ្ណោះ។
លោក សំអាត បន្តថា៖ «សាលក្រមចាត់របៀបបើកផ្លូវប្តឹងឧទ្ធរណ៍តែតុលាការសម្រេចបដិសេធទៅវិញ។ ខ្ញុំយល់ថានេះហាក់ជាល្បែងរុញទៅរុញមកយើងដឹងហើយថារឿងនេះជាករណីនយោបាយរង់ចាំការចរចាផ្នែកនយោបាយតែប៉ុណ្ណោះ»។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៥ និងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសដោយរងការចោទប្រកាន់បីបទល្មើសរួមមានការក្លែងឯកសារសាធារណៈការប្រើប្រាស់ឯកសារដែលក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ព័ន្ធនឹងការបកស្រាយសន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ ដ៏ចម្រូងចម្រាសដែលត្រូវបានដាក់បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ៕