ភ្នំពេញៈ ​សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​បាន​ប្រកាស​ច្រានចោល​បណ្តឹង​ប្រឆាំង​សាលក្រម​ចាត់​របៀប​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ ២ ​នាក់ បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ២១ ​មករា​ដែល​ជា​ការសម្រេច​ធ្វើឲ្យ​ជន​ត្រូវ​ចោទ​ទាំង​ ២ ​នាក់​សម្ដែង​ការខកចិត្ត​ជាខ្លាំង​ ខណៈ​មេធាវី​ការពារ​សិទ្ធិ​ពួកគេ​អាច​ពិចារណា​ប្ដឹង​សារទុក្ខ​ទៅ​​តុលាការ​កំពូល​ទៀត​។

នៅ​ចំពោះមុខ​លោក សំ ចំរើន ដែលជា​មេធាវី​ការពារ​​សិទ្ធិ​ឲ្យ​លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា នៅឯ​បន្ទប់​សវនាការ​កាលពី​ម្សិលមិញ​លោក​ចៅក្រម ប្លង់ សំណាង បាន​ប្រកាស​ថា សំណុំ​រឿងនេះ​ជន​ត្រូវ​ចោទ​ទាំង​ ២ ​បាន​ប្តឹង​សាលាឧទ្ធរណ៍​ប្រឆាំង​ទៅ​នឹង​សាលក្រម​ចាត់​របៀប​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ក៏ប៉ុន្តែ​សាលាឧទ្ធរណ៍​សម្រេច​បដិសេធ​នឹង​បណ្តឹង​នេះ​ដោយ​សម្រេច​តម្កល់​សាលក្រម​នេះ​នៅ​ដដែល​។

លោក​បាន​បន្តថា​៖ «​តុលាការ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការតម្កល់​សាលក្រម​នេះ​ជូន​ទេ ប៉ុន្តែ​តុលាការ​នឹង​លម្អិត​ជូន​នៅក្នុង​សាលដីកា​ពេលចេញ​សាលដីកា​»​។

ជុំវិញ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​នេះ​លោក សំ ចំរើន ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា ប្រាប់​បន្ទាប់ពី​ចេញពី​បន្ទប់​សវនាការ​ថា តុលាការ​មិនបាន​ពិចារណា​ឲ្យ​លម្អិត និង​ដិតដល់​ទៅលើ​ផលប្រយោជន៍​នៃ​បណ្តឹងឧទ្ធរណ៍​របស់​កូនក្តី​លោក​ទេ​។ លោក​ថា បណ្ដឹង​នេះ​​គឺធ្វើ​ឡើង​ដោយ​ភាគី​ខាង​កូនក្តី​របស់​លោក​សុទ្ធសាធ​។

លោក​បន្តថា សេចក្តី​សម្រេច​នេះ​គឺ​ទាក់ទង​ទៅនឹង​បណ្តឹងឧទ្ធរណ៍​ប្រឆាំងនឹង​សាលក្រម​ចាត់​របៀប​របស់​កូនក្តី​លោក​ទាំង​ ២ ​នាក់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ​មានន័យថា​សាលក្រម​នេះ​បង្គាប់​ឲ្យ​ស៊ើបសួរ​​ឡើងវិញ តែ​កូនក្តី​លោក​មិន​សុខចិត្ត ក៏​ប្តឹង​ប្រឆាំង​នឹង​សាលក្រម​នេះ​មក​សាលាឧទ្ធរណ៍​។

លោក​បាន​ថ្លែងថា​៖ «​យើង​អាច​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ហើយ​កិច្ចការ​នេះ​ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​កូនក្តី​ខ្ញុំ​នៅ​សប្តាហ៍​ក្រោយ​ព្រោះ​យើង​មាន​ពេលវេលា​ ១ ​ខែ​ទៀត​សម្រាប់​ធ្វើ​កិច្ចការ​នេះ​»​។

ដោយឡែក លោក អ៊ួន ឈិន ប្រាប់​នៅក្រៅ​បន្ទប់​សវនាការ​កាលពី​ម្សិលមិញ​ដែរ​ថា ពួកលោក​មាន​ការខកចិត្ត​ចំពោះ​ការសម្រេច​នេះ ដែល​ផ្ទុយ​ពីអ្វី​បាន​រំពឹងគិត​ពី​មុន​មក​។ ព្រោះ​អ្វីដែល​ពួកលោក​ខំ​ប្តឹង​គឺ​បំណង​ចង់​​ឲ្យ​សាលាឧទ្ធរណ៍​ច្រានចោល​​សាលក្រម​ចាត់​របៀប​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ ​ប៉ុន្តែ​សាលាឧទ្ធរណ៍​បែរជា​នៅ​រក្សាទុក​សាលក្រម​នេះ​ដដែល​។

លោក អ៊ួន ឈិន បាន​បញ្ជាក់ថា​៖ «​អ៊ីចឹង​ទៅ​យើង​មាន​តែ​ខកចិត្ត​ព្រោះ​យើង​សង្ឃឹមថា​ពេលវេលា​នឹង​ផ្តល់​យុត្តិធម៌​ឲ្យ​យើង​។ យើង​រស់នៅក្នុង​ច្បាប់​ក្រោម​ដំបូល​​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​បើ​ដំបូល​ធ្លុះ​ជញ្ជាំង​ធ្លាយ​។ ដូច្នេះ​យើង​មិនដឹងថា​ធ្វើ​​ម៉េច​មានតែ​បន្ត​ទទឹក ហើយ​រងា​តទៅទៀត​តែ​ប៉ុណ្ណឹង​»​។

ទន្ទឹម​នេះដែរ​លោក យាង សុជាមេត្តា បាន​ថ្លែង​ដែរ​ថា ដោយសារ​តែ​សាលាឧទ្ធរណ៍​សម្រេច​ដូច្នេះ​ទៅ​ហើយ​អ្វី​ដែល​លោក​ចង់​ឲ្យ​តុលាការ​ (​សាលាដំបូង​រាជធានី​ភ្នំពេញ​) ​ធ្វើ​បន្ត​នោះ​គឺ​សូមព​ន្លឿន​នីតិវិធី​។

នេះ​ជា​អ្វីដែល​លោក​ចង់បាន​ហើយ​កុំ​ឲ្យ​ថា ពួកលោក​ប្តឹង​​មកហើយ ហើយ​ច្រានចោល​បណ្តឹង​ពួកលោក​ហើយ​បែរជា​មិន​ធ្វើការ​។

លោក​ថា​៖ «​អ៊ីចឹង​ប្រសិន​បើ​ទុក​រក្សា​រឿង​ពួកលោក​ចោល​គឺ​វា​ប៉ះពាល់​ដល់​មុខមាត់​តុលាការ​ដែរ ហើយ​យក​រឿងរ៉ាវ​ស៊ើបអង្កេត​ថ្មី​នោះ មក​ជំនុំជម្រះ​មក​ឲ្យ​ដឹង​សខ្មៅ​ជាមួយ​គ្នា បើ​ជ្រុល​តែ​សម្រេច​បើក​ការស៊ើបអង្កេត​បន្ថែម​សូម​ស៊ើបអង្កេត ហើយ​ពន្លឿន​ការស៊ើបអង្កេត​ហ្នឹង​ឲ្យ​លឿន​ផង​»​។

លោក អ៊ួន ឈិន និង​លោក យាងសុជាមេត្តា​ ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​ ១៤ ​វិច្ឆិកា ឆ្នាំ ២០១៧ ខណៈ​ពួកគេ​កំពុង​រៀបចំ​បន្ទប់​ស្ទូឌីយោ​ក្នុង​ផ្ទះ​សំណាក់​ម៉ារឌី​ជាន់​ទី​ ៧ ​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​ក្រោម​ការសង្ស័យ​លើ​ករណី​ផ្តល់ព័ត៌មាន​ពី​កម្ពុជា​ទៅ​ឲ្យ​វិទ្យុ​អាស៊ីសេរី​។

អ្នក​ទាំង​ ២ ​នាក់ ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ «​ប្រគល់​ឲ្យ​រដ្ឋបរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ដល់​ការការពារ​ជាតិ​តាម​បញ្ញត្តិ​មាត្រា​ ៤៤៥ ​នៃ​ក្រមព្រហ្មទណ្ឌ​។

ក្រោយមក​សំណុំរឿង​របស់​ពួកគេ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​សាលក្រម​ចាត់​របៀប​កាលពី​ថ្ងៃទី​ ៣ ខែ ​តុលា ឆ្នាំ​ ២០១៩ ដែលជា​​ការសម្រេច​បង្គាប់​ឲ្យ​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​ករណី​នេះ​ឡើង​វិញ​៕