ភ្នំពេញៈ ​សាលា​ឧទ្ធរណ៍​ពី​ម្សិលមិញ​បាន​ជំនុំជម្រះ​ក្រុម​ចោរប្លន់​ដាវសាមូរ៉ៃ​ ៤ ​នាក់​ក្នុង​ចំណោម​ ៦ ​នាក់​ដែល​ប្រព្រឹត្ត​នៅ​ម្តុំ​វត្ត​មហាមន្ត្រី​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​ ២០១៦ ជា​សំណុំ​រឿង​ដែល​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់​គុក​ម្នាក់​ពី ៣ ​ដល់ ៥ ​ឆ្នាំ​។

តាម​អង្គហេតុ​បង្ហាញ​ថា​កាលពី​ថ្ងៃទី​ ១៨ ​ដល់​ថ្ងៃ​ទី​ ២០ ​ខែ​ឧសភា​ឆ្នាំ​ ២០១៦ វេលា​ម៉ោង​ជាង ​១០ ​យប់​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ក្រុម​ចោរប្លន់​បាន​ជិះ​ម៉ូតូ​ ៣ ​គ្រឿង​ហើយ​ពេល​ដល់​ម្តុំ​​វត្ត​មហាមន្ត្រី ស្រាប់តែ​ពួកគេ​បាន​ដក​ដាវ​សាមូរ៉ៃ​ ១ ​ដើម​គំរាម​ប្លន់​យក​ម៉ូតូ​សេ​ ១២៥ ពី​ជនរងគ្រោះ​ម្នាក់​។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក សមត្ថកិច្ច​ក៏​ស្រាវជ្រាវ​ចាប់​បាន​ ៦ ​នាក់​នៅ​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន រួមមាន ទី​ ១- ​ឈ្មោះ ជំនិត សុខៈឧត្តមសំណាង អាយុ​ ២៣ ​ឆ្នាំ ទី​ ២- ឈ្មោះ ឆយ សុវណ្ណម៉ូលី ហៅ​ប៉ូលី អាយុ​ ១៩ ​ឆ្នាំ ជា​សិស្ស , ទី​ ៣- ឈ្មោះ អ៊ុង មាស អាយុ​ ២១ ​ឆ្នាំ ទី​ ៤-​ឈ្មោះ​ គៀង ផាយុទ្ធ អាយុ​ ២០ ​ឆ្នាំ ទី​ ៥-ឈ្មោះ កុល និង ទី​ ៦-ឈ្មោះ វ៉ាត​ (​គេចខ្លួន​)​។

សំណុំ​រឿង​នេះ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ថ្ងៃទី​ ២៥ ​ខែ​កក្កដា​ឆ្នាំ​ ២០១៧ ​ឱ្យ​ឈ្មោះ ឆយ សុវណ្ណម៉ូលី និង ឈ្មោះ ជំនិត សុខៈឧត្តមសំណាង ជាប់គុក​ម្នាក់ៗ​ ៥ ​ឆ្នាំ​,​ឈ្មោះ អ៊ុង មាស,គៀង ផាយុទ្ធ ជាប់គុក​ម្នាក់ៗ​ ៤ ​ឆ្នាំ​ចោទ​ពី​បទ ​«​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​ហិង្សា​»​។

ជនជាប់ចោទ​ទាំង​ ៤ ​នាក់​បាន​ឆ្លើយ​ក្នុង​សវនាការ​កាលពី​ម្សិលមិញ​ថា មុន​កើតហេតុ​ពួកគេ​បាន​បបួល​គ្នា​ដើរលេង​នៅ​វិមានឯករាជ្យ​។ ​លុះ​ម៉ោង​ប្រហែល​ ១០ ​យប់​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ​។ ប៉ុន្តែ​ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់តែ​ឈ្មោះ វ៉ាត ជិះ​ម៉ូតូ​កៀរ​ម៉ូតូ​ជនរងគ្រោះ​ឈ្មោះ ចាន់ ណា ហើយ​ក៏​ដក​ដាវ​សាមូរ៉ៃ​គំរាម​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​ហើយ​ឈ្មោះ កុល យក​ម៉ូតូ​ជិះ​គេច​ខ្លួន​បាត់​។

ក្រុម​ជន​ជាប់ចោទ​ថា​៖ «​ពួក​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​ទេ ប៉ុន្តែ​ពួកខ្ញុំ​ទទួល​ស្គាល់​ថា​បាន​ជិះ​ម៉ូតូ​ជាមួយ​ពួកគេ​ក្នុង​ពេល​ធ្វើ​សកម្មភាព​មែន​។ ​ពួក​ខ្ញុំ​សុំ​តុលាការ​បន្ថយ​ទោស​ផង​»​។

លោក​ព្រះរាជអាជ្ញា សរ យសថាវរៈ តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា​៖ «​រឿង​នេះ​ហាក់​ស្មុគស្មាញ​ព្រោះ​កាលពី​កើតហេតុ ជនជាប់ចោទ​ខ្លះ​ត្រូវ​នគរបាល​ហៅ​សួរ​ហើយ​ដោះលែង​វិញ​ហើយ​ក៏​ចាប់​មក​វិញ​ទៀត​។ ​ប៉ុន្តែ​ខ្ញុំ​យល់​ថា អង្គហេតុ​ពិត​ជា​កើត​មាន​មែន​។ ​ដូច្នេះ​ដើម្បី​យុត្តិធម៌​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​វិនិច្ឆ័យ​ទៅ​តាម​ការយល់​ឃើញ​ចុះ​»​។

លោក ឃឹម សៀកឡុង មេធាវី​ចាត់​តាំង​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​សន្និដ្ឋាន​ថា​នៅ​យប់​ថ្ងៃ​នោះ​ពិតជា​មាន​អំពើ​ប្លន់​កើត​ឡើង​មែន ប៉ុន្តែ​កូនក្តី​លោក​ទាំង​ ៤ ​នាក់​នេះ​មិន​បាន​ចូលរួម​ធ្វើ​សកម្មភាព​ទេ គឺ​គ្រាន់​តែ​រួម​ដំណើរ​ជាមួយ​ប៉ុណ្ណោះ​។

លោក​ថា​៖ «​រឿង​នេះ​មាន​វិមតិសង្ស័យ​ច្រើន ហើយ​តាម​មាត្រា​ ៣៨ ​នៃ​រដ្ឋធម្មនុញ្ញ​វិមតិសង្ស័យ​ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជនជាប់ចោទ​។ ខ្ញុំ​សូម​តុលាការ​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ​»​។

ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម ញូង ធុល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ថា សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ១៧ ខែ​ឧសភា ខាង​មុខ​៕