ភ្នំពេញៈ សាលាឧទ្ធរណ៍​ពី​ម្សិលមិញ​បាន​លើក​យក​សំណុំរឿង​បរិហារកេរ្តិ៍​លោក សេរី កុសល អនុប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​មក​ជំនុំជម្រះ​ជា​សំណុំរឿង​ដែល​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​សម្រេច​ឱ្យ​ចុងចោទ​សង​ជំងឺ​ចិត្ត​ទៅ​ដើមបណ្ដឹង​ ៣០ ​លាន​រៀល​។

បើ​តាម​លោក​ចៅក្រម ស៊ិន វិសាល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលា​ឧទ្ធរណ៍​បាន​អាន​កំណត់ហេតុ​សាលា​ដំបូង​ខេត្ត​ថា​កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​ ២០១៧ មាន​ស្ត្រី​ម្នាក់​ឈ្មោះ ហេង ម៉េត អាយុ​ ៤២ ​ឆ្នាំ​រស់នៅ​ភូមិ​សិទ្ធិសេរី ឃុំ​គោកមន ស្រុក​បន្ទាយអម្ពិល ខេត្ត​ឧត្តរមានជ័យ បាន​បង្ហោះ​សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេសប៊ុក​ដោយ​សរសេរ​ថា​លោក សេរី កុសល អាង​ខ្លួន​មាន​បុណ្យ​ស័ក្ដិធំ​បាន​ដើរ​រំលោភ​យក​ដី​ប្រជារាស្ត្រ​។ ​

បន្ទាប់ពី​ឃើញ​សារ​នោះ​មក លោក​ សេរី កុសល បាន​ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​។ ក្នុង​បណ្តឹង​នោះ​បាន​រៀបរាប់​ថា ស្ត្រី​ឈ្មោះ ហេង ម៉េត បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​កិត្តិយស​របស់​លោក សេរី កុសល ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ និង​ភរិយា​របស់​លោក​ឈ្មោះ យិន សោភា ផង​ដែរ​។

សំណុំ​រឿង​នេះ​ត្រូវ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​សម្រេច​កាលពី​ថ្ងៃ​ទី​​ ២៨ ​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៨ ដោយ​បង្គាប់​ឲ្យ​ស្ត្រី​ឈ្មោះ ហេង ម៉េត សងសំណង​រដ្ឋប្បវេណី​ទៅ​លោក សេរី កុសល ចំនួន​ ២០ ​លាន​រៀល​ដើម្បី​ប៉ះប៉ូវ​នូវ​ការខូចខាត​ដល់​កិត្តិយស​របស់​លោក រីឯ​ ១០ ​លាន​រៀល​ជា​សំណង​ជំងឺ​ចិត្ត​ទៅ​ភរិយា​របស់​លោក និង​រឹបអូស​កាមេរ៉ា​មេម៉ូរី​ចំនួន​ ១ ​គ្រឿង​ផង​ដែរ​។

កំណត់ហេតុ​បង្ហាញ​ទៀត​ថា​បន្ទាប់ពី​សាលាដំបូង​ខេត្ត​ចេញ​សាលក្រម​ហើយ​នោះ ភាគី​ទាំង​ ២ ​បាន​សម្រុះសម្រួល​គ្នា​នៅ​សាលាខេត្ត​ឧត្តរមានជ័យ និង​អាជ្ញាធរ​ស្រុក​ផង​ដែរ​។ ប៉ុន្តែ​ក្រោយ​មក​ភាគី​ចាញ់ក្តី​បាន​ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍​ទៀត​។

លោក សេរី កុសល បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ថា លោក​សុខចិត្ត​ទទួល​យក​សាលក្រម​របស់​សាលាដំបូង​ខេត្ត ហើយ​ពេល​នោះ​ខាង​ស្ត្រី​ឈ្មោះ ហេង ម៉េត បាន​ពឹង​មន្ត្រី​យោធា​រហូត​ដល់​តំណាងរាស្ត្រ​ដើម្បី​មក​ចរចា​ជាមួយ​លោក​ហើយ​ក៏​មាន​ការ​ព្រមព្រៀង​គ្នា​។ ប៉ុន្តែ​មិន​ដឹង​យ៉ាង​ម៉េច​បាន​ជា​ស្ត្រី​រូប​នោះ​ប្តឹង​មក​សាលាឧទ្ធរណ៍​ហើយ​លោក​ក៏​ប្តឹង​ស្រប​តាម​ដែរ​ទៅ​។

លោក​ប្រាប់​ចៅក្រម​ថា​៖ «​ខ្ញុំ​ប្តឹង​ស្ត្រី​នោះ​ព្រោះ​គាត់​បរិហារកេរ្តិ៍​ខ្ញុំ​ដែល​កាល​នោះ​គាត់​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​ដោយ​គ្រាន់​តែ​មាន​អ្នក​ឡាយ​រហូត​ដល់​ជិត​ ១ ​សែន​នាក់​។ ស្ត្រី​នោះ​ក្រោយ​ពី​យល់​ព្រម​គ្នា​ហើយ ហេតុអ្វី​គាត់​នៅ​តែ​បង្ហោះ​សារ​បរិហារកេរ្តិ៍​ខ្ញុំ​ទៀត​។ ប៉ុន្តែ​ខ្ញុំ​ព្រម​ទទួល​យក​សាលក្រម​របស់​តុលាការ​ខេត្ត​ឧត្តរមានជ័យ​»​។

កញ្ញា សារ កញ្ញារិទ្ធ ព្រះរាជអាជ្ញា និង​ជា​តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា​៖ «​តាម​អង្គហេតុ​រឿង​នេះ​ស្ត្រី​នោះ​ព្រម​ទទួល​ស្គាល់​កំហុស​ហើយ​ក៏​មាន​ភាព​ស៊ីចង្វាក់​គ្នា​នឹង​ការអះអាង​របស់​ដើមបណ្តឹង​ផង​ដែរ​។ ​ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា ការសម្រេច​របស់​សាលា​ដំបូង​ខេត្ត​ឧត្តរមានជ័យ​ត្រឹមត្រូវ​ហើយ​»​។

ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម ស៊ិន វិសាល បាន​ឱ្យ​ដឹង​ថា​សាលដីកា​នៃ​សំណុំ​រឿង​នេះ​នឹង​លើក​ទៅ​ប្រកាស​នៅ​ថ្ងៃទី​ ៣០ ខែ​កក្កដា​ខាង​មុខ​៕