ភ្នំពេញៈ សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​បាន​បើកសវនាការ​ជំនុំជម្រះ​ជនជាប់ចោទ​ជា​អតីតមន្ត្រី​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ម្នាក់ ពាក់ព័ន្ធ​នឹង​ការបាញ់​បុរស​ចាក់​ភ្លេង​ម្នាក់​ក្នុង​ក្លិប​កម្សាន្ត​រ៉ក់​ (Rock) ​ឲ្យ​របួស​បាក់​ភ្លៅ​ក្នុង​ជម្លោះ​ហិង្សា​កាលពី​ឆ្នាំ​ ២០១៧ ដែល​សំណុំ​រឿងនេះ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ២ ​ឆ្នាំ​កន្លះ​។

យោងតាម​កំណត់ហេតុ​របស់​សាលាឧទ្ធរណ៍​បង្ហាញថា ជនជាប់ចោទ​ឈ្មោះ ឌុច សុវណ្ណារ៉េត អាយុ​ ៣៤ ​ឆ្នាំ​ ជា​អតីតមន្ត្រី​នៃ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០១៧ បាន​ចូលទៅ​ច្រៀង​ខារ៉ាអូខេ​នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​ដែល​ស្ថិត​នៅ​តាម​មហាវិថី​ព្រះមុនីវង្ស​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ក្នុង​បន្ទប់​ ២០៣​។ ​ពេល​នោះ​ស្រាប់តែ​មាន​ជម្លោះ​ជាមួយ​បុរស​ម្នាក់ ឈ្មោះ សីហា ប៉ុន្តែ​ត្រូវ​បាន​កងសន្តិសុខ​ដែល​បម្រើការ​នៅ​ក្លិប​កម្សាន្ត​នោះ​ឃាត់ និង​មានការ​សម្របសម្រួល​ត្រូវ​គ្នា​វិញ តែ​ប៉ុន្មាន​នាទី​ក្រោយមក​ក៏​ឈ្លោះ​វាយតប់​គ្នា​ម្តងទៀត​។

កំណត់ហេតុ​បន្តថា ពេលនោះ​អ្នក​ចាក់​ភ្លេង​ម្នាក់​ឈ្មោះ បៀ សំអឿន អាយុ ៣៣ ​ឆ្នាំ បាន​ឃាត់ តែ​ត្រូវ​ឈ្មោះ​ ឌុច សុវណ្ណារ៉េត បាញ់​ឲ្យ​របួស​ជើង​ស្តាំ​ ១ ​គ្រាប់ និង​ត្រគាក​ខាងឆ្វេង​ ១ ​គ្រាប់ និង​បាញ់​ជាច្រើន​គ្រាប់​ទៀត​មុន​រត់គេចខ្លួន​។

ប៉ុន្តែ​ក្រោយមក​នៅ​យប់​មួយនា​ដើម​ខែ​មករា​ឆ្នាំ​ ២០១៨ សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​បាន​នៅ​ខេត្ត​ឧត្តរមានជ័យ ហើយ​នាំខ្លួន​មក​រាជធានី​ភ្នំពេញ​វិញ​។

សំណុំ​រឿងនេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២១ មីនា ឆ្នាំ​ ២០១៩ ដោយ​សម្រេច​ប្តូរ​បទចោទ​ពី​បទឃាតកម្ម​តាម​បញ្ញត្តិ​មាត្រា​ ១៩៩ ​នៃ​ក្រមព្រហ្មទណ្ឌ​មក​ជា​បទ​អំពើហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ផ្តន្ទាទោស​​ដាក់​ពន្ធនាគារ ២ ​ឆ្នាំ​កន្លះ​វិញ​។

ខណៈ​ជនរងគ្រោះ​អវត្តមាន​ក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ជនជាប់ចោទ​ឈ្មោះ ឌុច សុវណ្ណារ៉េត បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា កាលពី​ឈ្លោះ​គ្នា​នោះ​គាត់​គ្មានកាំភ្លើង​ជាប់​ខ្លួន​ទេ ប៉ុន្តែ​មាន​ការវាយតប់​គ្នា​ហើយ​ភាគី​ម្ខាង​ទៀត​បាន​ជ្រុះ​កាំភ្លើង​ខ្លី​ ១ ​ដើម​។ ​ឃើញ​ដូច​នោះ​គាត់​ក៏​រើស​កាំភ្លើង​ពីលើ​ឥដ្ឋ​រួច​បាញ់​​តែ​ម្តង​ទៅ​។

ជនជាប់ចោទ​ថា​៖ «​ខ្ញុំ​មិន​ចេះ​បាញ់​កាំភ្លើង​ទេ តែ​រើស​កាំភ្លើង​បាន​ក៏​បាញ់​ទៅ​។ ខ្ញុំ​សុំ​ឲ្យ​តុលាការ​បន្ថយទោស​ដល់​ខ្ញុំ​...»​។

កញ្ញា យិន សុគន្ធារី តំណាង​មហាអយ្យការ​បាន​សន្និដ្ឋាន​ថា ជនជាប់ចោទ​បាន​សារភាព​ពី​ទង្វើ​របស់​គាត់​ដែល​ស៊ីចង្វាក់​គ្នា​ដូច​ការរៀបរាប់​ក្នុង​បណ្តឹង​របស់​ជនរងគ្រោះ​។ ​ហេតុដូច្នេះ​សូម​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី-ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​។

ក៏ប៉ុន្តែ​លោក ម៉ម ស៊ីដាណា មេធាវី​ការពារ​ជនជាប់ចោទ​បាន​ថ្លែង​ក្នុង​អង្គ​សវនាការ​ថា កាំភ្លើង​ដែល​កូនក្តី​លោក​បាញ់​នោះ​មិនមែន​ជា​កម្មសិទ្ធិ​របស់​គាត់​ទេ ប៉ុន្តែ​អំពើ​បាញ់ប្រហារ​នោះ​គឺ​កូនក្តី​របស់​លោក​ទទួល​កំហុស​ហើយ​។

លោក​ប្រាប់​ចៅក្រម​ថា​៖ «​កូនក្តី​របស់​ខ្ញុំ​ប្តឹង​មកនេះ​ដោយសារ​គាត់​មិន​សុខចិត្ត​នឹង​ទោស​ច្រើន​ឆ្នាំ​ពេក​។

សូម​តុលាការ​បន្ថយទោស​ដល់​គាត់​ផង​»​។

ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម សេង ស៊ីវុត្ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែងថា សាលដីកា​សំណុំ​រឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី ​៨ ​ខែកញ្ញា ខាងមុខ​៕