ភ្នំពេញៈ សាលា​ឧទ្ធរ​ណ៍​កាលពី​ម្សិល​មិញ​បាន​ជំនុំ​ជម្រះបុរស​​ជប៉ុន​ម្នាក់​ និង​ស្រ្តី​ខ្មែរ​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​នាំ​នារី​​ខ្មែរ​ ៦​ នាក់​ទៅ​បម្រើ​​ផ្លូវ​ភេទ​នៅប្រទេស​ជប៉ុន​ប្រព្រឹត្ត​​​កាល​ពី​ឆ្នាំ​ ២​​០​១​៦ ជា​សំណុំ​រឿង​ដែល​តុលា​ការ​ថ្នាក់​ក្រោម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ ៧ ឆ្នាំ។​

នៅ​ក្នុង​បន្ទប់​សវនាការ​កាល​ពី​ម្សិលមិ​ញ​​បុរស​ជាប់​ចោទ​ឈ្មោះ​ F​U​K​U​I​ S​U​S​U​ M​U ​​​អា​យុ ​​​៥​២ ​ឆ្នាំ​ បា​នប្រាប់​ចៅក្រម​​ថា​ លោក​បាន​មក​​កម្ពុជា​នៅ​មុន​ឆ្នាំ​ ២​​០​​១​៦​​ និ​ង​បាន​បើក​ហាង​អាហារ​មួយ​នៅ​ម្តុំ​​វត្ត​ភ្នំ​ ក្នុង​​​រាជធា​នីភ្នំពេញ​។ រីឯ​ស្ដ្រី ឈ្មោះ​​ លឹម​​ លក្ខិណា​ អាយុ​ ២៩ ​ឆ្នាំ​ជាអ្នក​ធ្វើ​ការ​ក្នុង​ហាង​នោះហើយ​ក៏​ជា​មិត្ត​ស្រី​របស់​លោក​ដែរ។

លោក​ F​U​K​U​I​ S​U​S​U ​M​U​​ ប្រាប់​ចៅ​ក្រម​បន្ត​ថា​ ជា​មួយ​គ្នា​នេះ​ លោក​បាន​ស្គាល់​នា​រី​ជប៉ុន​​ម្នាក់​ឈ្មោះ​ ណា​ហ្គា​រិ​ នៅ​ជប៉ុន​ហើយ​ឈ្មោះ​នេះ​ក៏ធ្លាប់​បាន​ស្គាល់​ស្រ្តី​ខ្មែរ​ម្នាក់​ ឈ្មោះ ​ឡាំ ​សាត នៅ​កម្ពុជា​ផង​ដែរ។ បន្ទាប់​មក​ ស្រ្តី​ជន​ជាតិ​ជប៉ុនរូបនេះ​បាន​​ណែ​នាំ​លោក​ឲ្យ​ស្គាល់​ស្រ្តី​ខ្មែរ​ឈ្មោះ ​ឡាំ​​ សាត ​​នេះ​។ ក្រោយ​ពី​ស្គាល់​គ្នា​ ស្រ្តី​​ឈ្មោះ​​ឡាំ​ សាត​ ឧស្សាហ៍​​ទៅ​ហាង​របស់​លោក​ញឹក​ញាប់​ ហើយ​ក៏​បាន​ស្គាល់​ឈ្មោះ​ លឹម​​ លក្ខិណា ​ដែរ​ទៅ។

លុះដល់ខែសីហា​ ឆ្នាំ​ ២​០​​​១​៦​ ស្រ្តី​ជន​ជាតិ​ជប៉ុន​ឈ្មោះ​ណា​​ហ្គា​​រិ​ បាន​ឲ្យ​​ឈ្មោះ ​​ឡាំ​ សាត​ រើស​នារី​​ខ្មែ​រ​មួយ​ចំនួន​យក​ទៅ​ហាត់​ការ​ពី​របៀប​បម្រើការ​ក្នុង​ភោជ​នីយ​ដ្ឋាន​មួយ​នៅ​ប្រទេស​​​ជប៉ុន​ដោយ​សន្យា​ថា​ ពេល​រៀន​ចេះ​​នឹ​ង​ឲ្យ​នារី​ខ្មែរ​ទាំ​ង​នោះ​មក​បម្រើការ​​នៅ​​ភោជ​នីយ​ដ្ឋាន​​នៅ​​ភ្នំពេញ​​វិញ​ ព្រោះ​ស្រ្តី​ជប៉ុន​​នោះ​ក៏​មាន​បំណង​​មក​បើក​ហាង​អាហារ​នៅ​ភ្នំពេញ​ដែរ។

លោក​ F​U​K​U​I​ S​U​S​U ​M​U​ បន្ត​ថា ​បន្ទាប់​មក​ឈ្មោះ ​ឡាំ​សាត​ ​រក​បាន​នារី​ខ្មែរ​ពេញ​វ័យ​​ ៦ ​នាក់​ ដោយឲ្យ​លោកជា​អ្នក​​រត់​ឯកសារ​លិខិត​ឆ្លង​ដែន​និង​វី​សាឲ្យ​នារី​ទាំង​នោះ ​រី​ឯ​ការចំ​ណាយ​គឺ​ស្រ្តី​ជ​ប៉ុន​ឈ្មោះ ណា​ហ្គា​រិ​ ជា​អ្នក​ចេញ​ ក្នុង​នោះ​លោក​ត្រូវ​ស្ត្រី​ជប៉ុន​រូប​នោះ​ សន្យា​ឲ្យ​ឈ្នួល​ ១៨០០ ​ដុល្លារ។ បន្ទាប់​ពី​រត់​ការ​រួច លោក​បាន​នាំ​នា​រី​ខ្មែរ​ទាំង​ ៦ នាក់​នោះ​ទៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ដើម្បី​ឡើង​យន្ត​ហោះ​ទៅ​ជប៉ុន។

ក៏​ប៉ុន្តែ​តាម​​កំណត់​​ហេតុ​តុលា​ការ​បង្ហាញ​ថា​ ពេល​នារី​រងគ្រោះ​​ទាំងនោះទៅ​ដល់​​ជប៉ុន​ក្នុង​ឆ្នាំ ​២​០​១​៦​ ក៏​ត្រូវ​បាន​គេឲ្យ​បម្រើ​ផ្លូវ​ភេទ​ ហើយ​ក្រោយ​ម​កក្រុមនារី​រង​គ្រោះ​បាន​ប្តឹង​ស្ថាន​ទូត​កម្ពុជា​​ ទើប​ត្រូវ​បាន​ជួយ​ឲ្យ​ត្រឡប់​កម្ពុជា​វិញ​ ហើយ​បន្ទាប់​មកស​មត្ថកិច្ច​​កម្ពុជា​ក៏​បាន​ស្រា​វជ្រាវ​ចាប់​ខ្លួន​​ឈ្មោះ ​F​U​K​U​I​ S​U​S​U ​M​U​ និង​ស្រ្តី​ខែ្មរ​ឈ្មោះ​ លឹម​ លក្ខិណា តែម្ត។

សំណុំ​រឿ​ង​នេះ​ ត្រូវ​សាលា​ដំបូ​ង​រាជ​ធា​នី​ភ្នំពេញ​​កាល​ពី​ថ្ងៃ​ទី ​​១​០ ​ខែ​ឧសភា​ ឆ្នាំ​ ២​០​១​៨​ ផ្តន្ទា​ទោស​ជន​ទាំង​ ២ ​នាក់​ដាក់​ពន្ធនាគារ​ម្នាក់​ៗ ​៧ ​ឆ្នាំ​ចោទ​ពីបទ​ការ​ជ្រើសរើស​ដោយមិន​ស្រប​ច្បាប់​សម្រាប់​​កេងប្រវ័ញ្ចតាម​មាត្រា​ ១២ ​នៃ​ច្បាប់ស្ដី​ពី​ការ​បង្ក្រា​ប​អំ​ពើជួ​ញ​ដូ​រ​ម​នុស្ស និង​អំពើ​ធ្វើ​អា​ជីវ​ក​ម្ម​ផ្លូវភេទ និង​បានបង្គាប់​ឲ្យ​ជន​ជាប់ចោទ​ទាំង ​២​ នាក់​រួមគ្នាសង​ទៅ​ក្រុមនា​រីរងគ្រោះក្នុង​ម្នាក់​ៗ ​២​ ម៉ឺន​ដុល្លារ។

ជន​ជាប់​ចោទ​ឈ្មោះ ​F​U​K​U​I​ S​U​S​U ​M​U បាន​បញ្ជាក់​ប្រាប់​ចៅ​ក្រម​ពីម្សិល​មិញ​ថា​​៖ ​«​រឿង​នេះ​ខ្ញុំ​មិន​បាន​នាំ​នារី​​ខ្មែរ​​ទាំ​​ង​ ៦ ​នាក់​នោះ​ទៅ​​បម្រើ​​ផ្លូវ​ភេទ​ទេប៉ុន្តែ​​ខ្ញុំ​បាន​រត់ការ​​ធ្វើ​ឯកសារ​ឲ្យពួ​កគេ​មែន​ រី​ឯ​លុយ​ក៏​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ពី​ស្រ្តី​ជប៉ុននោះ​ដែរ​។​ទោះ​យ៉ាង​ណា​​ខ្ញុំ​សុំ​ឲ្យ​តុលា​ការ​បន្ថយ​​ទោស​​ដល់​ខ្ញុំ​ព្រោះ​ខ្ញុំ​មាន​ជំងឺ​សួត​ហើយ​មាន​​ម្តាយ​ចាស់​ជរា​​កំពុង​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​ជប៉ុន»។

ដោយ​ឡែក​ស្រ្តី​ជាប់​ចោទ​ឈ្មោះ ​​លឹម​​ លក្ខិណា​ បាន​ប្រាប់​ចៅ​ក្រម​​ពីម្សិលមិញដែរ​ថា ​គាត់​គ្រាន់​តែ​ជា​អ្នក​ធ្វើ​ការ​ក្នុង​​ហាង​​លោក​​​ F​U​K​U​I​ S​U​S​U​ M​U​ ប៉ុណ្ណោះ​ ហើយ​ក៏​​​មិន​បាន​ស្គាល់​មុខ​នារី​រងគ្រោះ​ឬ​មាន​ទំនាក់ទំ​នង​គ្នា​ដែរ​។​

ស្រ្តី​រូប​នេះ​បាន​និយាយ​ថា៖ «​ខ្ញុំ​ស្នើ​ដល់​តុលាការ​​​ឲ្យ​ដោះលែង​​ខ្ញុំ​វិញ​ព្រោះ​ម្តាយ​ខ្ញុំ​​ជា​ជនពិការ​​គ្មាន​អ្នក​ណា​រក​ស៊ី​ចិញ្ចឹម​​គាត់​ទេ ​ខ្ញុំ​​មិន​បាន​ពាក់​ព័ន្ធ​រឿង​នេះ​ទេ»។

លោក ​ជុំ​ សែន​សទ្ធា ​តំណាង​​មហា​អយ្យការ​សន្និ​ដ្ឋាន​ថា​ ក្រោយស្តាប់​ចម្លើយរបស់​ជន​ទាំង​ ២ ​នាក់​ លោក​យល់​ថា​​​ ក្នុង​សវនាការ​ជន​ជាប់​ចោទ​ F​U​K​U​I​ S​U​S​U ​M​U ថា​ គាត់​គ្រាន់​តែ​រត់​ការ​ឯក​សារ​ឲ្យនារី​រងគ្រោះ ​ប៉ុន្តែ​ពេល​ទៅ​ដល់​ប្រទេស​ជប៉ុន​នារី​រង​គ្រោះ​ត្រូវ​គេ​ឲ្យ​បម្រើផ្លូ​វ​​ភេទ​ជាមួយ​បុរស​ជាតិ​ជប៉ុន។

លោក​ថា​៖​ «​ទោះយ៉ាងណា​ក្រុម​ជនជាប់ចោទ​​ធ្វើ​ការ​ជ្រើស​រើស​មនុស្ស​ទៅ​ប្រទេស​ជប៉ុ​ន​នេះ​ មិន​មែន​ជា​លក្ខណៈ​ក្រុម​ហ៊ុន​មាន​ច្បាប់​ត្រឹម​ត្រូវ​ទេ​។​ដូច្នេះ​ខ្ញុំ​សូម​តម្កល់​សាល​ក្រម​របស់​តុលាការ​ថ្នាក់​ក្រោម​ទុក​ជា​បាន​ការ»។

ក្រោយ​ជំនុំជ​ម្រះ ​លោក ​សំរិទ្ធិ សុផល​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជ​ម្រះ​ថ្លែង​ថា​​ សាលដី​កា​សំណុំរឿងនេះ​នឹងប្រកាស​នៅ​ថ្ងៃទី ៧​ ខែ​មីនា ​ខាង​មុខ៕