ភ្នំពេញៈ សា​លា​​ឧទ្ធរណ៍​កាលពី​ម្សិល​មិញ​បាន​ជំ​​នុំ​​ជម្រះ​ជន​ជាប់​ចោទ​​ ២​ នាក់​​ ក្នុង​ចំណោម​ ៣​ នាក់ (ម្នាក់មិនប្តឹងឧ​ទ្ធ​រណ៍)​ ពាក់​ព័ន្ធ​​ករណី​វាយ​​ជន​​ជាប់​ចោទ​ម្នាក់​ក្នុង​ពន្ធនាគារ​បណ្ដាល​ឲ្យ​របួស​ធ្ងន់​ជា​ករណី​ដែល​តុលា​ការ​ថ្នាក់​ក្រោម​ផ្តន្ទា​ទោស​ម្នាក់ៗ​​ ២​ ឆ្នាំ​ បន្ថែម​​ពី​លើ​​បទ​ល្មើស​លួច​​ដែល​មាន​ទោស ២ ឆ្នាំ។

លោក​ចៅ​​ក្រម​ ញូង​ ធុល​ ប្រធាន​ក្រុម​ប្រឹក្សា​​ជំ​នុំ​ជម្រះ​បាន​អាន​កំ​ណត់​ហេតុ​ថា ​កាល​ពី​ថ្ងៃ​ទី ​៥ ​ខែ​ មេ​សា​ ឆ្នាំ​ ២​០​១​៧​ មាន​ជន​ជាប់​ចោទ​ឈ្មោះ​សាន ឡុង ​អាយុ ​២៥​ ឆ្នាំ​, ឈ្មោះ​ ពុន ​ដាំ ​អាយុ​ ២៤​ ឆ្នាំ និង​ជន​ជាប់​ចោទ​ម្នាក់​ទៀត​ឈ្មោះ​ជីវ័ន្ត​ បាន​ប្រើ​ហិង្សា​វាយ​ដំ​ទៅ​​លើ​អ្នក​ជាប់​ឃុំ​ដូច​គ្នា​បណ្តាល​ឲ្យ​របួស​ធ្ងន់​ដេក​ដួល​លើ​ឥដ្ឋ​ក្នុង​បន្ទប់​នៃ​មណ្ឌល​កែ​ប្រែ​ព្រៃ​ស​។ បន្ទាប់​មក​ត្រូវ​មន្រ្តី​ពន្ធនា​គារ​ក​សាង​សំណុំ​រឿង​បញ្ជូន​មក​​ជំ​នុំ​ជម្រះនៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

លោក​​ចៅ​ក្រម​ បាន​អាន​បន្ត​ថា​ សំ​ណុំ​រឿង​នេះ​ត្រូវ​បាន​សា​លា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ​ប្រកាស​សាល​ក្រម​សម្រេច​​ផ្តន្ទា​ទោស​លើ​ជន​ជាប់​ចោទ​ ៣ ​នាក់ ​ខាង​លើ​ឲ្យ​​ជាប់​ពន្ធ​នា​គារ​ក្នុង​ម្នាក់​ៗ​ ២​ ឆ្នាំ ​ដោយ​ចោទ​​ពីបទ​ហិង្សាប​ន្ថែម​ពីលើ​ទោស​លួចពី​មុន​ដែល​ជាប់​ពន្ធនា​គា​រ​ក្នុងម្នាក់​​ៗ​ ២ ឆ្នាំ។

លោក​ចៅ​ក្រម ​បាន​បន្ត​ថា​រឿង​នេះ​អ្នក​ប្រ​ព្រឹត្ត​ហិង្សា​មាន​ ៣​ នាក់​ តែ​ម្នាក់​ទៀត​មិន​បាន​ប្តឹង​ទាស់​​មក​សា​លា​ឧទ្ធរណ៍​ទេ​ព្រោះ​​គាត់​ព្រម​ទទួល​កំហុស។​

លោក​ចៅ​ក្រម​បាន​ប្រាប់​ទៅ​ជន​ជាប់​ចោទ​ក្នុង​ស​វ​នា​ការ​ពី​ម្សិល​មិញ​ថា៖​ «​ការ​ប្រើ​ហិង្សា​នេះ​ជន​រង​គ្រោះ​ត្រូវ​បាន​ទាត់​ ១ ​ជើង​ ចំ​ដើម​ទ្រូង​ហើយ​បើ​ទាត់​ចំ​កន្លែង​ដំណំ​គឺ​ជន​រង​គ្រោះ​​អាច​ស្លាប់​បាន»។

ចំ​ពោះ​ជន​ជាប់​ចោទ​ឈ្មោះ​ពុន​ដាំ​ បាន​ឆ្លើយ​ប្រាប់​ចៅ​ក្រម​ថា ​ជន​ដែល​គាត់​វាយ​នោះ​ជាប់​ចោទ​ពី​បទ​មនុស្ស​ឃាត​ហើយ​មូល​ហេតុ​ដែល​គាត់​វាយ​​​លើ​ជន​​នោះ​ដោយ​សារ​គេ​និ​យាយ​មើល​ងាយ​គាត់​ថា​អាខ្មៅ។

ជន​ជាប់​ចោទ​រូប​នេះ​បាន​បញ្ជាក់​ថា​៖ ​«​ខ្ញុំ​ទាត់​ជន​រង​គ្រោះ ​១ ជើង​ ចំ​ដើម​ទ្រូង​មែន​ព្រោះ​ខ្ញុំ​ខឹង​គាត់​ពេក​តែ​ខ្ញុំ​សុំ​តុលាការ​​បន្ធូរ​បន្ថយ​ទោស​ដល់​ខ្ញុំ​ផង​។​ តាម​ពិត​ទោស​ខ្ញុំ​ពី​មុន​ត្រូវ​ចេញ​ពី​ពន្ធនា​គារ​នៅ​ឆ្នាំ​ ២​០​១​៧ ​តែ​ដោយ​សារ​ខ្ញុំ​បង្ក​បទ​ល្មើស​មួយ​ទៀត​ទើប​ជាប់​ឃុំ​បន្ត»។

ដោយ​ឡែក​ជន​ជាប់​ចោទ​ឈ្មោះ​ សាន​ ឡុង​ បាន​ប្រាប់​ចៅ​ក្រម​ដែរ​ថា​គាត់​មិន​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ទេ​តែ​ពេល​​នោះ​គេ​ចោទ​គាត់​ថា​បាន​វាយ​លើ​ផ្ទៃ​មុខ​ជន​រង​គ្រោះ​។​ «​ខ្ញុំ​សុំ​តុ​លាកា​រ​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​បទ​ចោទ​នេះ​ផង»។

លោក​ ប៉ែន​ សា​រ៉ាត​ តំ​ណាង​ម​ហា​អយ្យការ​សន្និដ្ឋាន​ថា ​ឆ្លង​តាម​ការ​សួ​រ​ដេញ​ដោល​ជន​ជាប់​ចោទ​បាន​ឆ្លើយ​សារ​ភាព​ប្រាប់​ក្រុម​ប្រឹ​ក្សា​ជំ​នុំ​ជម្រះ​ថា​ពួក​គេ​ពិ​ត​ជា​បាន​វាយ​ដំ​លើ​ជន​ជាប់​ឃុំ​ដូច​គ្នា​មែន​។​«​អាស្រ័​យ​ហេតុ​នេះ​សូម​ក្រុម​ប្រឹក្សា​ជំ​នុំជម្រះ​ពិចារណា​តាម​ច្បាប់»។

ក្រោយ​ជំ​នុំ​ជម្រះ​​ប្រ​មាណ ២​០ ​នា​ទី​រួចមក​​ លោក​​ចៅ​ក្រម ​ញូង ​​ធុល ​​បាន​ថ្លែង​ថា ​សាល​ដី​កា​នៃ​សំ​ណុំ​រឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ ១​៣ ​ខែ ​​មិថុនា ​​ខាងមុខ​នេះ៕