ភ្នំពេញៈ នៅពេល​ដែល​សាលាឧទ្ធរណ៍​កំពុងបើក​សវនាការ​នៅក្នុង​បន្ទប់​ជំនុំជម្រះ​កាលពី​ម្សិលមិញ​លើ​សំណុំ​រឿង​នាំ​ស្ត្រី​ខ្មែរ​ទៅ​ការ​ប្ដី​នៅ​ចិន​នៅក្នុង​អំឡុង​ឆ្នាំ​ ២០១៦ ​នោះ ស្ត្រី​ដែល​ជា​ជនជាប់ចោទ​ ២ ​នាក់​បាន​សុំ​អង្វរ​ដល់​ចៅក្រម​ឲ្យ​បន្ថយទោស​ដល់​ពួកគេ​។ ជនជាប់ចោទ​ទាំង​ ២ ​នាក់​ ឈ្មោះ សាន ខា អាយុ​ ៥៣ ​ឆ្នាំ និង​ ស្រ៊ន ស៊ីនឿន អាយុ​ ៥៣ ​ឆ្នាំ​។

ស្ត្រី​ជាប់ចោទ​ទាំង​ ២ ​នាក់ ​បាន​ថ្លែង​ទៅកាន់​ចៅក្រម​ក្នុង​ពេល​​ជំនុំជម្រះ​ថា​៖ «​ពួក​ខ្ញុំ​គ្រាន់តែ​នាំ​ស្ត្រី​រងគ្រោះ​ឲ្យ​ជួប​គេ​នៅ​ភ្នំពេញ​ទេ ប៉ុន្តែ​ខ្ញុំ​សុំ​ទទួលខុស ហើយ​សូម​តុលាការ​បន្ថយទោស​ដល់​ពួក​ខ្ញុំ​ផង​»​។ ស្ត្រី​ជាប់ចោទ​ទាំង​ ២ ​នាក់​ថា សំណុំ​រឿងនេះ​ត្រូវ​សាលា​ដំបូង​ខេត្តក្រចេះ ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១០ ខែ ឧសភា ឆ្នាំ ២០១៨ ផ្តន្ទាទោស​ពួកគេ​ម្នាក់ៗ​ឲ្យ​ជាប់​ពន្ធនាគារ​ ៨ ​ឆ្នាំ​ចោទ​ពី​បទ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន​តាម​មាត្រា​​ ២០ ​និង​មាត្រា​ ១៩ ច្បាប់​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង​រួមគ្នា​សង​ទៅ​ស្ត្រី​រងគ្រោះ​ម្នាក់ៗ ៤ ​លាន​រៀល​។

លោក ប៉ែត សារ៉ាត តំណាង​មហាអយ្យការ​សន្និដ្ឋានថា តាម​អង្គហេតុ និង ចម្លើយសារភាព​របស់​ស្ត្រី​ជាប់ចោទ​ទាំង​ ២ ​នាក់​ និង​ចម្លើយ​របស់​ស្ត្រី​រងគ្រោះ​ទាំង​ ២ ​នាក់​បង្ហាញថា ជនជាប់ចោទ​ពិតជា​ប្រព្រឹត្ត​បទល្មើស​មែន​។

លោក​ថ្លែង​ថា​៖ «​សុំ​ឲ្យ​ក្រុមប្រឹក្សា​ពិចារណា​តាមច្បាប់​»​។

លោក​មេធាវី​ការពារ​សិទ្ធិ​ជនជាប់ចោទ​ទាំង​ ២ បាន​សន្និដ្ឋានថា ជនជាប់ចោទ​ដែល​ជា​កូនក្តី​របស់​លោក​ក៏​ជា​ជនរងគ្រោះ​ដែរ​ព្រោះ​គាត់​គ្រាន់តែ​នាំ​ស្ត្រី​រងគ្រោះ​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ទៀត ដូច្នេះ​គាត់​មិន​ពាក់ព័ន្ធ​នឹង​ការនាំ​ស្ត្រី​រងគ្រោះ​ទៅ​ប្រទេស​ចិន​ទេ​។

លោក​មេធាវី ទាំង​ ២ ​នាក់​ បាន​ថ្លែង​ទៅកាន់​អង្គជំនុំជម្រះ​ដោយ​សូម​ឲ្យ​តុលាការ​បន្ថយទោស​ដល់​កូនក្ដី​របស់​លោក​ទាំង​ ២ ​នាក់​ផងដែរ​។ លោក ចៅក្រម សេង ស៊ីវត្ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ថា សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃទី​ ១៩ ខែ​ធ្នូ​៕