ភ្នំពេញៈ សាលាឧទ្ធរណ៍​ពី​ម្សិលមិញ​បាន​ជំនុំជម្រះ​ស្ត្រី​ជាប់ចោទ​ ២ ​នាក់​ម្តាយកូន​ ពាក់ព័ន្ធ​ករណី​កាប់ចាក់​បុរស​ជា​កូនប្រសា និង​ជា​ប្ដី ស្លាប់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំមុន​ជា​សំណុំរឿង​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ពី​ ១០ ​ទៅ​ ១១ ​ឆ្នាំ ប៉ុន្តែ​ជនជាប់ចោទ​បាន​ប្ដឹង​ឧទ្ធរណ៍​។

លោក​ចៅក្រម អ៊ិន វ៉ាន់វិបុល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​អង្គហេតុ​ចំពោះ​មុខ​ស្ត្រី​ជាប់ចោទ​ទាំង​ ២ ​នាក់ និង​មេធាវី​ ២ ​រូប​ការពារ​សិទ្ធិ​ឲ្យ​ពួកគេ​ថា ស្ត្រី​ជាប់​​ចោទ​ក្នុង​សំណុំ​រឿង​នេះ​ឈ្មោះ គង់ ធីតា អាយុ​ ៤៧ ​ឆ្នាំ និង​កូនស្រី​ឈ្មោះ ង៉ូវ សុម៉ារី អាយុ​ ២០ ​ឆ្នាំ​។ ​រីឯ​ជនរងគ្រោះ​ឈ្មោះ គឹម យ៉ត អាយុ​ ២៩ ​ឆ្នាំ ត្រូវ​ជា​ប្ដី​របស់​ស្ត្រី​ឈ្មោះ ង៉ូវ សុម៉ារី ធ្វើការ​ក្រុមហ៊ុន​ឯកជន​មួយ​។

លោក​ចៅក្រម​បន្តថា មុន​កើតហេតុ​ថ្ងៃទី​ ២៤ ខែ ឧសភា ឆ្នាំ​ ២០១៩ ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​បាន​ទាស់​គ្នា​ជាមួយ​ប្ដី​​រឿង​មិន​ចុះ​លិខិត​អាពាហ៍ពិពាហ៍​ និង​រឿង​សុំ​លុយ​ប្ដី​ ១ ​ម៉ឺន​រៀល​មិនបាន​។ ខណៈ​នោះ​ជនរងគ្រោះ​បាន​ប្រវាយប្រតប់​គ្នា​ និង​ច្របាច់ក ប្រពន្ធ​។ ​ពេល​នោះ​ស្ត្រី​ជា​ម្តាយ​បាន​យក​កាំបិត​ប៉័ងតោ​ពណ៌​ស​ ១ ​កាប់​ជនរងគ្រោះ​ចំក​ ១ ​កាំបិត ធ្វើឲ្យ​ជនរងគ្រោះ​ដួល​ទៅលើ​កម្រាល​ឥដ្ឋ​។

លោក​ចៅក្រម​បាន​បន្តថា បន្ទាប់ពី​កាប់​ជនរងគ្រោះ​រួច​ទាំង​ ២ ​នាក់​ម្តាយកូន​បាន​យក​ខ្សែភ្លើង​ និង​ស្កុត​មក​ចងដៃ​ជើង​ហើយ​សែង​ដាក់​លើ​គ្រែ​។ ​បន្ទាប់មក​ស្ត្រី​ជា​ប្រពន្ធ​បាន​យក​កាំបិត​ចាក់​បន្ថែម​ ២ ​កាំបិត​ទៀត​ធ្វើឲ្យ​ជនរងគ្រោះ​ស្លាប់​តែម្តង​។ ​បន្ទាប់ពី​សម្លាប់​ពួកគេ​ចង់​គេចខ្លួន ប៉ុន្តែ​ក្រោយមក​បាន​ចូល​សារភាព​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ទឹកថ្លា ហើយ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​តែម្តង​។

លោក​បន្តថា សំណុំ​រឿងនេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៣ ខែ​ធ្នូ​ឆ្នាំ​ ២០១៩ ​ផ្តន្ទាទោស​ស្ត្រី​ឈ្មោះ​ គង់ ធីតា ដាក់​ពន្ធនាគារ​ ១១ ​ឆ្នាំ​។ ​រីឯ​ស្ត្រី​ជា​កូន​ដាក់​ពន្ធនាគារ​ ១០ ​ឆ្នាំ​ចោទ​បទ​ឃាតកម្ម​តាម​មាត្រា​ ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ និង​បង្គាប់​ឲ្យ​សង​គ្រួសារ​ជនរងគ្រោះ​ ២០០ ​លាន​រៀល​។

លោក​ចៅក្រម វ៉ាន់វិបុល បញ្ជាក់ថា​៖ «​អំពើ​ឃាត​កម្មនេះ ខ្ញុំ​មិន​បង្ហាញ​រូបភាព​ស្នាម​កាប់​លើ​ជនរងគ្រោះ​ទេ ព្រោះ​កុំឲ្យ​​អ្នក​ក្នុង​បន្ទប់​សវនាការ​មាន​អារម្មណ៍​ស្លុត​។

ស្ត្រី​ជាប់ចោទ​ទាំង​ ២ ​នាក់​សម្លាប់​ហើយ​ចង​ជនរងគ្រោះ​ទៀត​»​។

ប៉ុន្តែ​ស្ត្រី​ឈ្មោះ ង៉ូវ សុម៉ារី បាន​ឆ្លើយ​ក្នុង​សវនាការ​ថា ការសម្លាប់​នេះ​មិន​ទាក់ទង​នឹង​ការចុះ​លិខិត​អាពាហ៍ពិពាហ៍​ទេ តែ​មូលហេតុ​ចម្បង​គឺ​មកពី​នាង​សុំ​លុយ​ប្តី​ ១ ​ម៉ឺន​រៀល​មិនបាន​ក៏​ឈ្លោះ​គ្នា ហើយ​ប្តី​នាង​បាន​ច្របាច់​កនាង តែ​គ្រានោះ​ម្តាយ​របស់​នាង​បាន​កាប់​ប្តី​នាង​ ១ ​កាំបិត​ចំ​កញ្ចឹងក​។

ស្ត្រី​ជាប់ចោទ​រូបនេះ​បន្តថា​៖ «​ពេល​​កាប់​ត្រូវ​នោះ​គាត់​នៅ​និយាយ​បាន​តិចៗ​ថា​​អញ​នឹង​សម្លាប់​ឯង​ចោល ព្រោះ​អញ​ធ្លាប់​សម្លាប់​មនុស្ស​នៅ​វៀតណាម​។ ​ខ្ញុំ​ឮ​ដូច្នេះ​ខ្លាច​គាត់​សម្លាប់​ខ្ញុំ​ក៏​យក​កូនកាំបិត​ចាក់​ដើមទ្រូង​គាត់​ ២ ​កាំបិត​ទៀត​ស្លាប់​តែម្តង​»​។

ដោយឡែក​ស្ត្រី​ជាប់ចោទ​ជា​ម្តាយ​ឆ្លើយ​ប្រាប់​ចៅក្រម​ថា មូលហេតុ​ដែល​គាត់​កាប់​ជនរងគ្រោះ​នោះ ដោយសារ​ឃើញ​ជន​​រងគ្រោះ​ច្របាច់​ក​កូនស្រី​គាត់ ហើយ​គាត់​ភ័យ​ក៏​យក​កាំបិត​កាប់​ជនរងគ្រោះ​តែម្ដង​ទៅ ព្រោះ​បើ​មិន​សម្លាប់​ជនរងគ្រោះ​ទេ​គាត់​ខ្លាច​ជនរងគ្រោះ​សម្លាប់​ទាំង​ម្តាយ​​ទាំង​កូន​វិញ​។

ប៉ុន្តែ​ទាំង​ ២ ​នាក់​ម្តាយកូន​បាន​ទទួល​ស្គាល់​កំហុស ហើយ​បាន​ស្នើសុំ​ដល់​តុលាការ​ឲ្យ​បន្ថយទោស​ដល់​ពួកគេ​។

ទោះ​ជា​យ៉ាងណា​លោក​ តាន់ សេណារ៉ុង តំណាង​មហាអយ្យការ​បាន​ថ្លែងថា លោក​សោកស្តាយ​ដែល​ឃើញ​ការផ្តន្ទាទោស​លើ​ស្ត្រី​ជាប់ចោទ​ទាំង​ ២ ​នាក់​របស់​តុលាការ​ថ្នាក់ក្រោម​តិច​ឆ្នាំ​ពេក ព្រោះ​ពួកគេ​បាន​សម្លាប់​មនុស្ស​។ ​ម្យ៉ាង​លោក​ក៏​សោកស្តាយ​ដែរ​ដែល​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​ប្តឹង​ទាស់​នឹង​សាលក្រម​ផ្តន្ទាទោស​នេះ​។

លោក​ប្រាប់​នៅ​ចំពោះ​មុខ​ស្ត្រី​ជាប់ចោទ និង​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​ថា​៖ «​អំពើ​សម្លាប់​មនុស្ស​នេះ​ឃោរឃៅ​ណាស់ ដូច្នេះ​ខ្ញុំ​នឹង​ប្តឹង​ទាស់​ប្រឆាំង​នឹង​សាលក្រម​នេះ​ព្រោះ​ជន​ទាំង​ ២ ​នាក់​សម​នឹង​ទទួល​ទោស​ ១ ​ជីវិត​»​។

លោក​មេធាវី ការពារ​សិទ្ធិ​តំណាង​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែងថា ពេលនេះ​ឪពុកម្តាយ​របស់​ជនរងគ្រោះ​កំពុង​ស្នាក់នៅ​កម្ពុជា​ក្រោម ហើយ​ពួកគាត់​ផ្តល់​សិទ្ធិ​ឲ្យ​លោក​ការពារ​ក្តី​ក្នុង​រឿងនេះ​។

លោក​ថា​៖ «​ខ្ញុំ​គ្មានអ្វី​លើកឡើង​ទេ​ប៉ុន្តែ​ស្នើ​ដល់​តុលាការ​ឲ្យ​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ដដែល​»​។

ដោយឡែក​លោក ម៉ម ស៊ីដាណា មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ស្ត្រី​ទាំង​ ២ ​នាក់​​សន្និដ្ឋាន​ថា កូនក្តី​លោក​បាន​សារភាព​អស់​ហើយ​ហើយ​ពួកគេ​ក៏បាន​ស្នើសុំ​ដល់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឲ្យ​បន្ថយទោស​ផងដែរ​។

លោក​ថា​៖ «​ជុំវិញ​រឿងក្តី​នេះ​ខ្ញុំ​ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ពួកគាត់​សុំ​តុលាការ​បន្ថយទោស​ដល់​ពួកគាត់​ផង​»​។

ក្រោយពេល​ជំនុំជម្រះ​លោក អ៊ិន វ៉ាន់វិបុល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​​ថ្លែងថា សាលដីកា​នៃ​សំណុំ​រឿងនេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ១៥ ខែ​មិថុនា ខាងមុខ​នេះ​៕