The Phnom Penh Post Search

Search form

ឧទ្ធរណ៍​ជម្រះ​ក្ដី​ឡើង​វិញ​ លើ​ជន​​ជាប់​ចោទ​ដែល​ជាប់​គុក​ ១៥ ​ឆ្នាំ​​តាំង​ពី ​៩ ឆ្នាំ​មុន​

Content image - Phnom Penh Post
ជនជាប់​ចោទ​ឈ្មោះ​ នាង រុណ អាយុ ៥៤​ឆ្នាំ​(រូប​កណ្ដាល)ចូល​សវនាការ​នៅ​សលាឧទ្ធរណ៍​នៅ​ថ្ងៃ​នេះ។ គឹម សារុំ

ឧទ្ធរណ៍​ជម្រះ​ក្ដី​ឡើង​វិញ​ លើ​ជន​​ជាប់​ចោទ​ដែល​ជាប់​គុក​ ១៥ ​ឆ្នាំ​​តាំង​ពី ​៩ ឆ្នាំ​មុន​

ភ្នំ​ពេញៈ សាលា​​ឧទ្ធរណ៍​នៅ​ថ្ងៃ​នេះ​​ បាន​លើក​សំណុំរឿង​បុរស​ជាប់ចោទ​ម្នាក់​មក​ជម្រះ​ឡើង​វិញ​ តាម​​បង្គាប់​របស់​​តុលាការ​កំពូល​ ពាក់ព័ន្ធ​នាំ​​ក្មេង ​ប្រុស​-​ស្រី​​ ជា​អនីតិ​ជន​ចំនួន​ ១០​ នាក់ ​ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃ តាម​ច្រក​​ចាំយាម​ ខេត្ត​កោះកុង​​ កាល​ពី​​ឆ្នាំ​ ២​​០​០​៩​។​

តាម​អង្គហេតុ​របស់​នគរបាល​ខេត្ត​កោះកុង ​​បាន​បង្ហាញ​ថា​ កាល​ពី​ថ្ងៃ​ ២​៦ ​ខែ​​មករា ​ឆ្នាំ​​ ២​០​០​៩​ ឈ្មោះ នាង ​រុណ​ អាយុ​​ ៥៤ ​​ឆ្នាំ​នៅ​ថ្ងៃ​ទី ​៩ ​ខែ​​ មករា​​ឆ្នាំ ​២​០​០​៩ ​បាន​បើក​រថយន្ត​​តាក់ស៊ី​ដឹក​ក្រុម​​ជនរងគ្រោះ​​ ប្រុ​ស​-​ស្រី​ ចំនួន​ ១​០​ នាក់​ ដើម្បី​ចូល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ ថៃ​។​ ប៉ុន្តែ​ពេល​​ជនជាប់ចោទ​បើ​ក​រថយន្ត​ដល់​ច្រក​ចាំ​យាម ​ឃុំ​ប៉ាក​ខ្លង ​ស្រុក​ដង​ទុង​ ខេត្ត​​កោះកុង​ ដោយ​​មាន​ការ​​សង្ស័យ​សមត្ថកិច្ច​ក៏​ឃាត់​រថយន្ត​និង​ឃាត់​ខ្លួន​ជនជាប់ជាប់​តែ​ម្តង​។​​

សំណុំរឿង​​នេះ​ ត្រូវ​សាលា​ដំបូង​ខេត្ត​កោះកុង​បើក​សវនាការ​ និង ​ប្រកាស​​សាលក្រម​​នៅ​ថ្ងៃ​ទី ​១១ ​ខែ ​វិច្ឆិកា ​ឆ្នាំ ​២​០​០៩​ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ១៥ ​ឆ្នាំ ​​ចោទ​បទ ​«​ការនាំ​ចេញ​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​ឆ្លង​ដែន​និង​សមគំនិត​»​ តាម​បញ្ញត្តមាត្រា ​​១១ ​ច្បាប់​ស្តី​ពី ​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​និង​ មាត្រា ​៦៨ ​នៃ​ក្រម​ព្រហ្មទណ្ឌ។​

ប៉ុន្តែ​ជនជាប់ចោទ​​មិន​សុខចិត្ត​ប្តឹង​ទាស់​​មក​ សាលា​ឧទ្ធរណ៍ ​​ហើយ​ត្រូវ​ឧទ្ធរណ៍​តម្កល់​សាលក្រម​នៅ​ថ្ងៃ​ទី ​១២ ​ខែ​មេសា ​ឆ្នាំ​ ២​០​១​១​ ហើយ​ជនជាប់​ចោទ​មិន​សុខ​ចិត្ត​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​ហើយ​ត្រូវ​តុលាការ​កំពូល​បើក​សវនាការ​និង​ ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​ ៥​ខែ​ មករា ​​ឆ្នាំ​​ ២​០​១​២​ ដោយ​សម្រេច​​បង្វិល​សំណុំរឿង​នេះ​មក​សាលាទ្ធរណ៍​ជម្រះ​ឡើង​វិញ​។​

ជនជាប់ចោទ​​ឆ្លើយ​ប្រាប់​​ចៅ​ក្រម​នៅ​ក្នុង​​បន្ទប់​សវនា​ថា​៖ ​«​ខ្ញុំ​​ជា​អ្នក​បើក​តាក់ស៊ី​ហើយ​ក្រុម​ជនរងគ្រោះ​បាន​ជួល​រថយន្ត​ខ្ញុំ​ជិះ​ដើម្បី​ឆ្លងដែន​ទៅ​ប្រទេស​ ថៃ​។ ​ខ្ញុំ​មិន​បាន​ជួយ​រត់ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ឲ្យ​ពួកគេ​​ទេ​ការបំពេញ​លិខិត​ទាល់​តែ​សាម៉ី​ខ្លួន​ទៅ​ផ្ទាល់​ទើប​​ធ្វើ​បាន​។ ​ពួកគេ​ចូល​បំពេញ​បែប​បទ​ខ្លួន​គេ​ទេ​ខ្ញុំ​សូម​តុលាការ​ដោះលែង​ខ្ញុំ​វិញ​ផង​»​។​

លោកស្រី​​ព្រះរាជអាជ្ញា​​​ សា​ កញ្ញារិទ្ធ​​​ តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា​៖​«​រឿងនេះ​បើ​តាម​ចម្លើយ​​របស់​ជនចាប់ចោទ​មាន​លក្ខណៈ​ស៊ី​សង្វាក់​នឹង​អង្គហេតុ​។​​ដូច្នេះ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​​ពិចារណាតា​ម​ច្បាប់​»​។​

ដោយឡែក​ លោក គិន ​​វិបុល ​ជា​មេធាវីចាត់តាំង​ការពារ​សិទ្ធិ​ឲ្យ​ជនចាប់ចោទ​សន្និដ្ឋាន​ថា ​រឿង​នេះ​តុលាការ​​ថ្នាក់​ក្រោម​បាន​ចោទ​កូនក្តី​លោក​ពី​បទ​ «​ការនាំ​ចេញ​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​ឆ្លង​ដែន​និង​សមគំនិត​» ​តាម​បញ្ញត្តមាត្រា ​​១១ ​ច្បាប់​ស្តី​ពី​ ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​និង​មាត្រា ​៦៨​ នៃ​ក្រម​ព្រហ្មទណ្ឌ។ ​ប៉ុន្តែ ​ត្រូវ​តុលាការ​កំពូល​បង្គាប់​ឲ្យ​ឧទ្ធរណ៍​ជំនុំជម្រះ​ឡើង​វិញ ​​ព្រោះ​តុលាការ​កំពូល​ពិនិត្យ​ឃើញ​ថា​កូនក្តី​លោក​មិន​ពាក់ព័ន្ធ​​ការ​ទទួល​លុយ​ពី​ជនរងគ្រោះ​ទេ​​តែ​សាច់ញាតិ​គាត់​ជា​អ្នក​ទទួល​។​

លោក​ថ្លែង​ថា​៖​«​​គាត់​អះអាង​ថា​មិន​បាន​ទទួល​លុយ​ពី​ជនរងគ្រោះ​ទេ​គាត់​ថា​គ្រាន់​តែ​ជូនពួកគេ​ទៅ​តែ​ប៉ុណ្ណោះ​​។​តុលាការ​កំពូល​ចង្អុល​មក​​ឧទ្ធរណ៍​វិញ​ព្រោះ​មាន​វិមតិសង្ស័យ​ច្រើន​ក្នុង​រឿង​នេះ​ខ្ញុំ​សូម​ក្រុមប្រឹក្សា​លើក​លែង​ទោស​ឲ្យ​កូនក្តី​ខ្ញុំ​ផង​»​។​

បន្ទាប់​​ពី​បើក​សវនារ​ជំនុំជម្រះ​ ​ប្រមាណ​ជាង​កន្លះ​ម៉ោង​មក​​ លោក​ស្រី​ចៅក្រម ​គឹម ​​ដានី ​ថ្លែង​ថា​​​ សាលដីកា​សំណុំ​រឿង​នេះ​ប្រកាស​នៅ​ថ្ងៃ​ទី​២២​ មីនា​ ខាង​មុខ​៕​

អត្ថបទគួរចាប់អារម្មណ៍