The Phnom Penh Post Search

Search form

ឧទ្ធរណ៍​ជម្រះ​ក្ដីអតីត​​យោ​ធា ​ជួញ​ដូរ​​គ្រឿង​ញៀន​ជិត ​១ ​គីឡូ​នៅ​ស្ទឹង​ត្រែង

Content image - Phnom Penh Post
មានធំ(ឆ្វេង)ជាជនជាប់ចោទ លី រ៉ាសេត ពេលនាំមកសាលាឧទ្ធរណ៍កាលពីព្រឹកមិញ។ រូបថតៈ គឹម សារុំ

ឧទ្ធរណ៍​ជម្រះ​ក្ដីអតីត​​យោ​ធា ​ជួញ​ដូរ​​គ្រឿង​ញៀន​ជិត ​១ ​គីឡូ​នៅ​ស្ទឹង​ត្រែង

ភ្នំពេញៈ សំណុំ​រឿង​អតីតមន្ត្រី​យោធា​ម្នាក់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​មេតំហ្វេតាមីន​ ៩៨៩,៥ ​ក្រាម​ប្រព្រឹត្ត​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង​កាលពី​ឆ្នាំ​ ២០១៦ ត្រូវ​បាន​សាលាឧទ្ធរណ៍​លើក​យក​មក​ជម្រះក្ដី​កាល​ពី​ព្រឹក​ថ្ងៃ​នេះ ខណៈ​រឿង​នេះ​ត្រូវ​បាន​សាលាដំបូង​​ខេត្ត​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ២៨ ​ឆ្នាំ​។

ខណៈ​ចៅក្រម​ផ្តល់​សិទ្ធិ​ឲ្យ​បំភ្លឺ ជនជាប់ចោទ​ឈ្មោះ លី រ៉ាសេត អាយុ​ ៤៦ ​ឆ្នាំ​បាន​និយាយ​ថា​​ មុន​មន្ត្រី​អាវុធហត្ថ​ឃាត់​ខ្លួន​លោក​បាន​ស្គាល់​ស្ត្រី​ម្នាក់​ឈ្មោះ​ យាយឥណ្ឌា ដែល​ជា​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​។ លុះ​នៅ​ថ្ងៃ​ទី​ ១៩ ខែ​សីហា ឆ្នាំ​ ២០១៦ ស្ត្រី​នោះ​បាន​ហៅ​​លោក​ឲ្យ​ទៅ​ជួយ​រាប់​លុយ​ជាមួយ​គាត់​ព្រោះ​ថា​មាន​ម៉ូយ​ទិញ​ឈើ​គ្រញូង ។

ជន​ជាប់ចោទ​បន្ត​ថា​នៅ​ថ្ងៃ​នោះ​លោក​​ និង​យាយ​ឥណ្ឌា​បាន​ទៅ​ដល់​ចំណុច​កំពង់​ស្រឡៅ ក្នុង​ភូមិ-ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ហើយ​បាន​ជួប​បុរស​ឡាវ​ ២ ​នាក់ និង​បុរស​ខ្មែរ​ម្នាក់​នៅ​ទី​នោះ​។ ​ពេល​នោះ​យាយ​ឥណ្ឌា​បាន​ឲ្យ​លោក​ទៅ​រាប់​លុយ​ជាមួយ​បុរស​ខ្មែរ​ម្នាក់​នោះ តែ​ពេល​​កំពុង​រាប់​ក៏ត្រូវ​កម្លាំង​អាវុធហត្ថ​ចេញ​ពី​ក្នុង​ព្រៃ​ព័ទ្ធចាប់​ខ្លួន​លោក​តែ​ម្តង​។

ក្រោយ​ចាប់​ខ្លួន​សមត្ថកិច្ច​ឆែក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​មេតំហ្វេតាមីន​ ១ ​ថង់​ធំ​ទម្ងន់​ ៩៨៩,៥ ​ក្រាម​។

ទោះ​យ៉ាង​ណា​ បើ​តាម​សម្ដី​ជន​ជាប់ចោទ​នៅ​ដំណាក់កាល​សមត្ថកិច្ច និង​នៅ​ចៅក្រម​ស៊ើបសួរ សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង​បាន​ឆ្លើយ​ថា លោក​ត្រូវ​បាន​យាយ​ឥណ្ឌា​បបួល​រកស៊ី​ជួញដូរ​គ្រឿងញៀន ប៉ុន្តែ​យាយ​ឥណ្ឌា​មិន​ឲ្យ​លោក​ចេញ​ដើម​ទុន​ទេ គ្រាន់តែ​ឲ្យ​ជួយ​មើល​ផ្លូវ និង​ជា​បង្អែក​ប៉ុណ្ណោះ ព្រោះ​លោក​ធ្វើ​ជា​ទាហាន​ស្រាប់ ។

សំណុំ​រឿង​នេះ ​ត្រូវ​សាលា​ដំបូង​ខេត្ត​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ២៨ ​ឆ្នាំ​ចោទ​ពី​បទ​ «​ជួញដូរ​គ្រឿងញៀន​» ​និង​ពិន័យ​ប្រាក់​ ៥០ ​លាន​រៀល​កាលពី​ថ្ងៃ​ទី​ ៩ សីហា​ឆ្នាំ​ ២០១៧ ដោយ​ផ្អែក​តាម​មាត្រា​ ៤០ ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។

ជនជាប់ចោទ​ឆ្លើយ​ក្នុង​សវនាការ​ថា​៖ «​ខ្ញុំ​ជា​យោធា​ឈរ​ជើង​នៅ​អង្គភាព​លេខ​ ៩ ​ខេត្ត​ស្ទឹងត្រែង​ហើយ​ខ្ញុំ​មិន​បាន​ជួញដូរ គ្រឿងញៀន​ទេ តែ​នៅ​ថ្ងៃ​នោះ​ខ្ញុំ​បាន​រាប់​លុយ​ប្រហែល​ ៥ ​ទៅ​ ៦ ​ម៉ឺន​ដុល្លារ​មែន​យាយ​ឥណ្ឌា​ប្រាប់​ខ្ញុំ​ថា ចាំ​គាត់​ជួយ​ទិញ​រថយន្ត​តម្លៃ​ល្មម​ឲ្យ​ ១ ​គ្រឿង​។ ​ខ្ញុំ​សូម​តុលាការ​បន្ថយទោស​ដល់​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​កូន​តូច​ ៥ ​នាក់​»​។

ក្នង​សវនាការ​លោកស្រី ព្រះរាជអាជ្ញា សា កញ្ញារិទ្ធ តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា ជនជាប់ចោទ​បាន​សារភាព​ថា គាត់​ពិតជា​បាន​សហការ​ជួញដូរ​គ្រឿង​ញៀន​ជាមួយ​យាយ​ឥណ្ឌា​មែន ប៉ុន្តែ​ជន​ចាប់​ចោទ​ឆ្លើយ​ដោះសា​ថា ខ្វះខាត​ជីវភាព​។

លោកស្រី​ថា​៖ «​ចំពោះ​ចម្លើយ​របស់​គាត់​នៅ​ប៉េអឹម​ថា គាត់​ខ្វះខាត​ជីវភាព ប៉ុន្តែ​នៅ​ឧទ្ធរណ៍​ពេល​នេះ​គាត់​ឆ្លើយ​ក្រឡិចក្រឡុច បន្ទាប់​មក​សារភាព​។ ​ករណី​នេះ​មិន​អាច​ទទួល​យក​បាន​ទេ​ហើយ​ការសម្រេច​របស់​តុលាការ​ខេត្ត​ត្រឹមត្រូវ​ហើយ ដូច្នេះ​ខ្ញុំ​សូម​តម្កល់​សាលក្រម​ទុក​ជា​បានការ​»​។

យ៉ាងណា​ក្ដី​លោក ម៉ម ស៊ីដាណា ជា​មេធាវី​ការពារ​ជន​ជាប់ចោទ​សន្និដ្ឋាន​ថា​៖ « កូនក្តី​ខ្ញុំ​ប្តឹង​មក​ឧទ្ធរណ៍ ព្រោះ​មិន​សុខ​ចិត្ត​នឹង​ទោស​ ២៨ ​ឆ្នាំ ព្រោះ​ថា​គាត់​​មិនមែន​ជា​ជន​សកម្ម​ជួញដូរ​គ្រឿង​ញៀន​ទេ តែ​គាត់​គ្រាន់​តែ​ជូន​គេ​ទៅ​ប៉ុណ្ណោះ​។ ហេតុ​នេះ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​បន្ថយទោស​ដល់​គាត់​ផង » ។

បន្ទាប់ពី​ជំនុំជម្រះ​មក​លោកស្រី គឹម ដានី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ថា សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ ២២ ខែ​មីនា ខាង​មុខ​៕

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។