ភ្នំពេញៈ សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​ជំនុំជម្រះ​ជនជាប់ចោទ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​កូនស្រី​បង្កើត​ប្រព្រឹត្ត​នៅ​ឃុំ​នាងទើត ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​ក្នុង​​ឆ្នាំ​ ២០១៧ ខណៈ​សំណុំ​រឿងនេះ​​ត្រូវ​បាន​សាលាដំបូង​ខេត្ត​នេះ​​ផ្តន្ទាទោស​ដាក់គុក​ ១០ ​ឆ្នាំ​។

បើ​តាម​កំណត់ហេតុ​របស់​តុលាការ​បង្ហាញថា ជន​ជាប់ចោទ​ឈ្មោះ នួន រដ្ឋា ហៅ ពៅ អាយុ ៣៨ ​ឆ្នាំ​ មាន​កូនស្រី​ម្នាក់​ឈ្មោះ​ ន. ស អាយុ ១៤ ​ឆ្នាំ និង​បាន​លែងលះគ្នា​ជាមួយ​ប្រពន្ធដើម​រស់នៅ​ឃុំ-ស្រុក​ខាងលើ​។ ក្រោយមក​ជនជាប់ចោទ​រូបនេះ​​បាន​យក​ប្រពន្ធចុង​ម្នាក់​ទៀត​មក​រួមរស់​ជាមួយ​គ្នា​។

កំណត់ហេតុ​បន្តថា​ក្នុង​រយៈកាល​រស់នៅ​នោះ​ដោយសារ​​ក្មេងស្រី​រងគ្រោះ​គិតថា​ខ្លួន​គ្មាន​ម្តាយ ហើយ​រស់នៅ​ជាមួយ​ម្តាយចុង​ហាក់​មិន​ស្និទ្ធស្នាល​ដូច​ម្តាយបង្កើត​ក៏​មក​ដេក​ជាមួយ​ឪពុក​។ ប៉ុន្តែ​បែរ​ជា​ឪពុក​បង្កើត​ (​ជនជាប់ចោទ​) ​រូបនេះ​ចាប់រំលោភ​សេពសន្ថវៈ​ទៅវិញ ដែល​តាម​ចម្លើយ​របស់​នាង​ប្រាប់​សមត្ថកិច្ច​ថា ឪពុក​បាន​ចាប់រំលោភ​នាង​ក្នុង​ខែ​សីហា​ និង​ខែ​កញ្ញា ឆ្នាំ​ ២០១៧ បាន​សម្រេច​ចំនួន​ ៣ ​ដង​។

កំណត់ហេតុ​ដែល​បាន​ដកស្រង់​សម្តី​ក្មេងរងគ្រោះ​បន្ត​ថា ឪពុក​នាង​តែងតែ​លួងលោម​នាង​មុន និង​ក្រោយ​ពេល​រំលោភ​ម្តងៗ ហើយ​គាត់​តែងតែ​គំរាម​មិន​ឲ្យ​នាង​និយាយ​រឿងនេះ​ប្រាប់​អ្នកភូមិ​ទេ ជាហេតុ​ធ្វើឲ្យ​នាង​ភិតភ័យ ហើយ​ក៏​មិន​ដែល​ប្រាប់​នរណា​ម្នាក់​ឲ្យ​ដឹង​ដែរ សូម្បីតែ​ម្តាយចុង​នាង​។

តាម​កំណត់ហេតុ​ដដែល​សរសេរ​ថា មុន​ថ្ងៃ​សមត្ថកិច្ច​ចាប់ខ្លួន​គឺ​ក្មេងរងគ្រោះ និង​ម្តាយចុង​របស់​នាង​តែង​ត្រូវ​ជន​ជាប់ចោទ​វាយដំ​ធ្វើបាប​ស្ទើរ​រាល់ថ្ងៃ​ដូច្នេះ​ហើយ​ទើប​ក្មេងស្រី​រងគ្រោះ​ប្រាប់​រឿងនេះ​ឲ្យ​ម្តាយចុង​ដឹង ហើយ​ស្ត្រី​ជា​ម្តាយចុង​នោះ​ក៏​បាន​ប្តឹង​មក​ប៉ុស្តិ៍នគរបាល ឃុំ​នាងទើត​ឲ្យ​ចាប់ខ្លួន​នៅ​ខែ​កញ្ញា ឆ្នាំ​ ២០១៧ តែម្តង​។

សំណុំ​រឿងនេះ​ត្រូវ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ១០ ​ឆ្នាំ​​ កាលពី​ថ្ងៃទី​ ១១ ខែ​ មេសា ឆ្នាំ​ ២០១៨ ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ​តាម​បញ្ញត្តិ​មាត្រា​ ២៤០ ​នៃ​ក្រមព្រហ្មទណ្ឌ​។

នៅក្នុង​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍​ពី​ម្សិលមិញ ជន​ជាប់ចោទ​បាន​ប្រាប់​ចៅក្រម​ថា គាត់​តែងតែ​ឆ្លៀត​ឱកាស​ចាប់រំលោភ​កូនស្រី​បង្កើត​ពេល​នាង​ដេក​ជាមួយ​គាត់​ក្នុងផ្ទះ និង​ពេល​ម្តាយចុង​នាង​មិន​នៅផ្ទះ​។ ​ប៉ុន្តែ​គាត់​ចាប់​កូន​រំលោភ​បាន​តែ​ ២ ​ដង​ទេ​​មិន​ដូច​អ្វី​ដែល​កូនស្រី​គាត់​ប្រាប់​សមត្ថកិច្ច​ឡើយ​។

ជនជាប់ចោទ​អះអាង​ថា​៖ «​អ្វី​​ដែល​ខ្ញុំ​ប្រព្រឹត្ត​ខ្ញុំ​សុំ​ទទួល​កំហុស ហើយ​ខ្ញុំ​ប្តឹង​មក​សាលាឧទ្ធរណ៍ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​តុលាការ​បន្ថយទោស​ដល់​ខ្ញុំ​ ៥ ​ឆ្នាំ​។ ​តែ​បើ​មិនបាន​ ៥ ​ឆ្នាំ​បាន​ ១ ​ឆ្នាំ​ក៏បាន​ដែរ​»​។

ទោះយ៉ាងណា​លោក​ចៅក្រម ងួន រតនា បាន​ប្រាប់​ជនជាប់ចោទ​ក្នុង​បន្ទប់​សវនាការ​ដែរ​ថា លោក​ជា​ឪពុក​បង្កើត ឬ ជា​ឪពុកចុង​ក៏ដោយ ក៏​មិន​ត្រូវ​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​ដែរ​។ អំពើ​នេះ​នៅក្នុង​សង្គម​គេ​ស្អប់ខ្ពើម​ណាស់​។

លោក​បាន​ថ្លែង​ថា​៖ «​ពេល​សវនាការ​នេះ លោក​ហាក់​មិន​បង្ហាញ​ពី​អារម្មណ៍​សោកស្តាយ​ចេញ​ពី​ខ្លួន​ទេ​។ លោក​បាន​បន្សល់ទុក​ការឈឺចាប់​ឲ្យ​កូនស្រី​លោក​»​។

លោក ជុំ សែនសុទ្ធា តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា ជនជាប់ចោទ​បាន​សារភាព​ហើយ​គាត់​ប្តឹង​ទាស់​មក​សាលា​ឧទ្ធរណ៍​គឺ​គាត់​សុំ​បន្ថយទោស​ដែល​​គាត់​ថា បើ​មិន​បាន​ ៥ ​ឆ្នាំ ក៏​សុំ​បន្ថយទោស​ ១ ​ឆ្នាំ​ក៏បាន​ដែរ ព្រោះ​ឆាប់​បាន​ចេញ​ទៅផ្ទះ​វិញ​។ ប៉ុន្តែ​​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ផ្តន្ទាទោស​គាត់​ដាក់ពន្ធនាគារ​ ១០ ​ឆ្នាំ​សមល្មម​ហើយ​។

លោក​ថ្លែងថា​៖ «​បើ​តាម​បញ្ញត្តិ​នៃ​ច្បាប់​គឺ​បទល្មើស​របស់​គាត់​ត្រូវ​ផ្តន្ទាទោស​ពី​ ៧ ​ឆ្នាំ​ទៅ​ ១៥ ​ឆ្នាំ​ឯណោះ​។ ​តែ​នេះ​តុលាការ​ថ្នាក់ក្រោម​ដាក់​ ១០ ​ឆ្នាំ​សមរម្យ​ហើយ​។ ​ខ្ញុំ​សូម​តម្កល់​សាលក្រម​នៅ​ដដែល​»​។

លោក ចាន់ សុភា មេធាវី ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​សន្និដ្ឋាន​ថា កូនក្តី​របស់​លោក​ពិត​ជា​បាន​ប្រព្រឹត្ត​លើ​កូនស្រី​របស់​គាត់​មែន​។ ​ប៉ុន្តែ​គាត់​មិន​បាន​​ធ្វើ​ឲ្យ​ក្មេងរងគ្រោះ​មាន​របួសស្នាម​ទេ ហើយ​គាត់​ថា​ពេល​គាត់​ចេញពី​​ពន្ធនាគារ​វិញ​គាត់​នឹង​ធ្វើ​អំពើ​ល្អ​។

លោក​បន្តថា​៖ «​ខ្ញុំ​សូម​ដល់​តុលាការ​មេត្តា​បន្ថយទោស​ដល់​កូនក្តី​របស់​ខ្ញុំ​ផង ដោយ​ផ្អែកលើ​មាត្រា​ ៩៣ និង​ ៩៤ នៃ​ក្រមព្រហ្មទណ្ឌ​»​។

ក្រោយ​ជំនុំជម្រះ​លោក ចៅក្រម ងួន រតនា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែងថា សាលដីកា​រឿងនេះ​នឹង​ប្រកាស​នៅ​​ថ្ងៃទី​ ៣១ ខែ​តុលា​៕