ភ្នំពេញៈ សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី ២១ ខែ​ មិថុនា បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ជន​ជាប់​ចោទ​ម្នាក់ ក្នុង​ចំណោម ៣ នាក់ ពាក់ព័ន្ធ​ព្រួត​គ្នា​វាយ​លោក​ ស៊ុយ សារ៉េត ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​កម្ពុជា កាល​ពី​ថ្ងៃ​ទី ១១ មីនា ឆ្នាំ ២០១៨ ហើយ​ត្រូវ​បាន​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ ៣ ឆ្នាំ តែ​ឲ្យ​អនុវត្ត​ទោស ១៨ ខែ និង​រួមគ្នា​សង​ប្រាក់ ៥០០ លាន​រៀល ​និង​ពិន័យ​ប្រាក់​ម្នាក់ ៥ លាន​រៀល។

តាម​កំណត់ហេតុ​តុលាការ​បង្ហាញថា កាលពី​រសៀល​ថ្ងៃទី ១១ មីនា ឆ្នាំ ២០១៨ មាន​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ហើយ​ពេល​នោះ​មាន ប្រជា​ពលរដ្ឋ​បាន​ដេញ​វាយ​រថយន្ត​ខណៈ​លោក ស៊ុយ សារ៉េត ដែល​ជា​សាស្ត្រាចារ្យ សាកល​វិទ្យាល័យ​កម្ពុជា ហើយ​បាន​វាយ​កម្ទេច​រថយន្ត​របស់​លោក ដោយ​ចោទ​ប្រកាន់​ថា បាន​បើក​បុក​រះ​សម្លាប់​មនុស្ស ២ ទៅ ៣ នាក់ ពី​ផ្លូវ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រួច​បើក​រត់​គេច​រហូត​ដល់​ម្តុំ​ពេទ្យ​លោកសង្ឃ ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

កំណត់ហេតុ​បង្ហាញ​បន្តថា លុះដល់​រសៀល​ថ្ងៃទី ១៦ មីនា ឆ្នាំ ២០១៨ ដដែល នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​ជនសង្ស័យ​បាន ៣ នាក់ ជន​សង្ស័យ​ទាំង ៣ នាក់ ១- ឈ្មោះ យាត ទិត្យា អាយុ ២១ ឆ្នាំ ទី២- ឈ្មោះ អាន វិនទី ប្រុស​អាយុ ២១ ឆ្នាំ និង​ទី៣- ឈ្មោះ អាន ផល្លី អាយុ ៣១ ឆ្នាំ។

សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូងរាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ ២០១៨ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ ៣ ឆ្នាំ តែ​ឲ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ១៨ ខែ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ និង​បង្គាប់​ឲ្យ​រួមគ្នា​សង​ប្រាក់​ទៅ​ជន​រង​គ្រោះ​ចំនួន ៥០០ លាន​រៀល និង​ពិន័យ​ម្នាក់ៗ ៥ លាន​រៀល​ទៀត​ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ទី២- បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស យោង​តាម​មាត្រា ២១៨ និង​មាត្រា ៤១១ នៃ​ក្រម​ព្រហ្មទណ្ឌ។

នៅក្នុង​បន្ទប់​សវនាការ​កាលពី​ថ្ងៃ​ជំនុំជម្រះ ទី ២១ មិថុនា ឆ្នាំ ២០១៩ នោះ​ជន​ជាប់​ចោទ​ឈ្មោះ អាន ផល្លី បាន​ឆ្លើយ​ប្រាប់ ចៅក្រម​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មែន​ហើយ​ខ្លួន​បាន​ព្រម​ទទួល​យក​ទណ្ឌកម្ម​ទោស។

អាន ផល្លី និយាយថា៖ «ប៉ុន្តែ ខ្ញុំ​សុំ​តុលាការ​បន្ថយ​ប្រាក់​សំណង ព្រោះ​ខ្ញុំ​ក្រ​គ្មាន​លទ្ធភាព​សង​ទេ»។

ក្រោយ​ជំនុំជម្រះ​លោកស្រី​ចៅក្រម​ យ៉េត ម៉ូ​លិ​ន ​ថ្លែងថា សាលដីកា​នៃ​សំណុំ​រឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី ៨ ខែ​ កក្កដា​ ខាងមុខ៕