ភ្នំពេញៈ សាលា​ឧទ្ធរណ៍​​កា​ល​​ពី​​ម្សិលមិញ​​បាន​បើក​​សវនា​ការ​ ជំនុំជម្រះ​បុរស​ ២ ​នាក់​ឪ​ពុក​និង​​កូន​​ពាក់ព័ន្ធ​​ករណី​ផលិត​​និង​ជួញដូរ​​គ្រឿង​ញៀន​មេតំ​ហ្វេ​តាមីន​​ចំនួន ​១១២,៧១ ក្រាម​នៅ​​សង្កាត់​អូរឫស្សី​​ទី​ ៤​​ ខណ្ឌ​ ៧​​ មករា​កាល​ពី​ឆ្នាំ ២០១១។

នៅ​ក្នុង​​បន្ទប់​សវនាការ​​កាល​ពី​​​ម្សិលមិញ​ បុរស​ជាប់​ចោទ​ឈ្មោះ ​ឌិន ​​សុខ​ជា​ អា​យុ​​ ២​៦ ​ឆ្នាំ​ បាន​ឆ្លើយ​ប្រាប់​ចៅ​ក្រម​ថា​ ខ្លួន​មាន​ឪពុក​​​ឈ្មោះ ​សុខ ​​ដា​រ៉ា​ អា​យុ ​៥៨​ ឆ្នាំ​ និង​មាន​ម្តាយ​ចុង​ឈ្មោះ ហ៊ឹម ​វ៉ាន់​ ដែល​​ម្តាយ​ចុង​ជួល​​ផ្ទះ​គេ​ស្នាក់​នៅ​ក្នុង​សង្កា​​ត់​អូរ​ឫស្សី​ទី​៤ ​​ខណ្ឌ​​ ៧ មករា​​។ ​ប៉ុន្តែ​​ខ្លួន​​​មិន​បាន​រស់នៅ​ជា​មួយ​ម្តាយ​ចុង​នោះ​ទេ​។​ ​​នៅ​​ថ្ងៃ​ទី ​១០​ ខែ​កក្កដា​ឆ្នាំ​ ២០១​១ ខ្លួន​​រួម​ជា​មួយ​ម្តាយ​​ និង​ប្អូន​​ស្រី​ឈ្មោះ​​ ង្វៀង ​ធី​ធី​,​ សុខ ​​​គឹម​​មី​,​ មី​​នី​ ​និង​ ឌិន​ គឹម​​ហេង​ បាន​ទៅ​ធ្វើ​ពិធី​សែន​កុងម៉ា​នៅ​ផ្ទះ​កើត​ហេតុ។

ឌិ​ន​​​ សុ​ខ​ ជា​និ​យាយប្រាប់ចៅក្រម​ថា​៖ ​«​នៅ​ថ្ងៃ​​នោះ​ ខ្ញុំ​ និង​​គ្រួសារ​ខ្ញុំ ​កំពុង​​សែន​កុងម៉ា​ ស្រាប់​តែ​ប៉ូលិស​ចូល​ចាប់​ពួកខ្ញុំ​ ប៉ុន្តែ​សមត្ថកិច្ច​ឆែក​ខ្លួន​ពួកខ្ញុំ​​ មិន​ឃើញ​​មាន​អ្វី​ទេ​ ហើយ​ក៏​​បង្ហួស​​ទៅ​ផ្ទះ​ប្រពន្ធ​ចុង​ឪពុក​ខ្ញុំ​ ដែល​​នៅ​​ខណ្ឌ​​ដាច់​ពី​គ្នា​​។ ​សមត្ថកិច្ច​ប្រាប់​ថា ​រក​ឃើញ​​ឧបករណ៍​​ផលិត​គ្រឿង​ញៀន និង​ថ្នាំ​ញៀន​​មួយ​ចំនួន​ដែល​នៅ​ខាង​ក្រោយ​ផ្ទះ​ខ្ញុំ​​ ដែល​ជា​ផ្ទះ​ម្តាយ​ចុង​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​​មិន​ឃើញ​សមត្ថកិច្ច​​ចាប់​​គាត់​​ទេ​​។​ ខ្ញុំ​សូម​តុលាការ​ដោះ​​​​​​​លែង​​ខ្ញុំ​​វិញ​ ព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ទេ»។

ដោយ​ឡែក​ជនជាប់ចោទ​ សុខ​ ដា​រ៉ា​ ដែល​ជា​ឪពុក​ ​បាន​ប្រាប់​ចៅក្រម​​​ដែរ​ថា​ មុន​កើត​ហេតុ​ ៦​​ ខែ​​ខ្លួន​​បាន​ជាប់​ឃុំ​នៅ​​ពន្ធនាគារ​ព្រៃ​ស​ឯណោះទេ​​ ពាក់ព័ន្ធ​​បទ​ចោទ​ជួញដូរ​គ្រឿង​ញៀន ​​និង​ត្រូវ​តុលាការផ្តន្ទា​ទោស​ ដាក់​ពន្ធនាគារ​ ២​ ​ឆ្នាំ​។​ប៉ុន្តែ​ពេល​កើត​ហេតុនោះ​ ខ្លួន​​ក៏​ត្រូវ​សមត្ថកិច្ច​ថា​ ជាប់​ពាក់ព័ន្ធ​​នឹង​​បទ​ល្មើស​នោះ​ដែរ។

សុខ​ ដា​រ៉ា ​​និយាយ​ថា​​៖ ​«​ខ្ញុំ​មាន​ប្រពន្ធ​ទី ​​២ ​មែន​ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ នៅ​ក្នុង​ផ្ទះ​ដែល​គាត់​ជួល​ស្នាក់​​នៅ​នោះ ​មាន​ឧបករណ៍​​ផលិត​គ្រឿ​ង​ញៀន​ ឬ​យ៉ាង​​ណា​ទេ​ ព្រោះ​​ខ្ញុំ​ជាប់​ឃុំ​មុន​កើត​ហេតុការណ៍​​ទៅ​​ទៀត​។ ​ខ្ញុំ​សូម​តុលាការ​​ដោះ​លែង​​ខ្ញុំ​វិញ​ ព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកា​ន់​ទេ»​។

សំណុំ​​រឿង​នេះ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​កាល​ពី​ខែ​មេសា​​ឆ្នាំ ២​​០​​១​​២ ​​បាន​​សម្រេ​ច​​ផ្តន្ទាទោស​ជន​ជាប់​ចោទ​ សុខ ​​ដា​រ៉ា​​, សុខ ​គឹម​​មី​​,​ មី​នី ​(ស្លាប់​ក្នុង​ពន្ធនាគារ​) និង​​ឈ្មោះ​ ឌិន​​ សុខ​ជា ​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ ១​៥​ ឆ្នាំ​ចោទ​បទ​ផលិត​និង​ជួញ​​ដូរ​គ្រឿង​ញៀន​។​ រីឯ​ឈ្មោះ​ង្វៀង​ ធី​ធី​ ជាប់​ពន្ធនាគារ​ ៥​ ឆ្នាំ​និង​ឈ្មោះ​​ គឹម ​ហេង ​ជាប់​ពន្ធនាគារ​ ៥ ​ឆ្នាំ​ពី​បទ​ជួញដូរ​​គ្រឿង​ញៀន។

លោក​ តេង ​បូរ៉ា​ មេ​ធា​វី​ការពា​រ​សិទ្ធិ​ឲ្យ​ឈ្មោះ​ ឌិន ​សុខ​ជា​ និង​ឈ្មោះ​​ សុខ ​ដា ​ថ្លែង​​ក្នុង​សវនាការ​​ថា៖ «​សូម្បី​តែ​កំណត់​​ហេតុ​របស់​ប៉ូលិស​ ដែល​ចុះ​ប្រតិ​បត្តិការ​បង្ក្រាប​​គ្រឿង​ញៀ​ន​​នោះ​​ក៏​​អះអាង​នៅ​សា​លា​ដំបូង​រាជ​ធា​នី​​ភ្នំពេញ​ថា​ ឈ្មោះ​ សុខ​ ដា​រ៉ា​ គ្មាន​​វត្ត​​មាន​នៅ​កន្លែង​កើត​ហេតុ​ទេ​។​ យ៉ាង​​ណា​សូម​ក្រុម​​ប្រឹក្សា​​ជំនុំជម្រះ​ ដោះលែង​កូន​ក្តី​ខ្ញុំ​ ឲ្យ​មាន​សេរីភាព​​វិញ​ ព្រោះ​រឿង​​នេះ​មាន​​វិមតិ​​សង្ស័យ​ច្រើន​ ហើយ​បើ​យោង​មាត្រ ៣​៨ ​នៃ​រដ្ឋ​​ធម្មនុញ្ញចែង​ថា​វិមតិ​​សង្ស័​យ​​​ត្រូវ​បាន​ជា​​ប្រយោជន៍​របស់​ជន​ជាប់​ចោទ»។

លោក ​នូ​​ ចន្ថា​ មេ​ធា​វី​ការពារ​សិទ្ធិ​ឲ្យ​ឈ្មោះ ​​ឌិន ​គឹម​ហេង​,​ សុខ​ គឹម​មី ​(អវត្តមាន) ​សន្និដ្ឋា​​ន​ថា​ រឿង​នេះ​តាម​ពិត​ឈ្មោះ​ហ៊ឹម​វ៉ាន់​ (ប្រពន្ធ​ចុង​ជន​ជាប់​ចោទ​)​ ជាអ្ន​ក​ពាក់ព័ន្ធ​ផ្ទាល់​។​ ដូច្នេះ​សូម​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សម្រាល​ទោស​ឲ្យ​កូន​ក្តី​លោក​ផង។

ចំណែក​លោក​ អុឹម ​សុ​ផាន​​ តំណាង​មហាអយ្យការ​ សន្និ​​ដ្ឋាន​​ថា ​រឿង​នេះ​ផ្ទះ​ដែល​ជនជាប់​ចោទ​ទៅ​សែន​នោះ​ខណ្ឌ​ដាច់​ពី​ផ្ទះ​ដែល​សមត្ថកិច្ច​រក​ឃើ​ញ​ឧបករ​ណ៍​គ្រឿង​ញៀន​និង​គ្រឿង​ញៀន​ ឯជន​ជាប់​ចោទ​ សុខ ​ដារ៉ា​ គាត់​ថា​​ នៅ​ថ្ងៃ​នោះ​គាត់​នៅ​ជាប់​ពន្ធនាគារ​ទេ។

លោក​ថា​៖ «​រឿង​នេះ​ ដើម្បី​រក​យុត្តិធម៌​ថា​ អ្នក​ណា​ជា​អ្នក​ប្រព្រឹត្ត​ពិត​នោះ​ គួរ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​ធ្វើ​ការ​ស៊ើប​អង្កេត​ឡើង​វិញ ​ហើយ​មិន​ត្រូវ​ចាប់​អ្នក​ដែល​ស្ថិត​នៅ​បន្ទប់​ផ្សេង​ថា ​ជា​អ្នក​ប្រព្រឹត្ត​នោះ​ទេ»។

ក្រោយពី​​ធ្វើ​ការ​​ជំនុំជម្រះ​លោក​ស្រី ​​ចាន់​ ម៉ា​ឌី​ណា​ ប្រធា​ន​​ក្រុមប្រឹក្សា​​ជំនុំជម្រះ​​បាន​ថ្លែង​ថា ​សាល​ដីកា​នេះ​ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ១៤​ ខែ​មីនា​ខាងមុខ៕