ភ្នំពេញៈ ​សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​បាន​ជំនុំជម្រះ​ជនជាប់ចោទ​ ២ ​នាក់​ប្តី​ប្រពន្ធ​ពាក់ព័ន្ធ​ករណី​ចាក់​សម្លាប់​ស្ត្រី​ម្នាក់​កាលពី​ថ្ងៃ​ទី​ ៦ ​មិថុនា​ឆ្នាំ​ ២០១៦ ​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ​ជា​សំណុំ​រឿង​ដែល​ត្រូវ​បាន​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ដាក់គុក​ម្នាក់ៗ​ ១០ ​ឆ្នាំ​ និង​បង្គាប់​ឲ្យ​រួម​គ្នា​សង​ជំងឺ​ចិត្ត​ដល់​គ្រួសារ​ជនរងគ្រោះ ៤០ ​លាន​រៀល​។

នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​លោក ឯក សាម៉េត ដែល​ប្ដី​ស្ត្រី​រងគ្រោះ​ឈ្មោះ ឈួន ចន្ថា អាយុ ៣៥ ​ឆ្នាំ​បាន​ឆ្លើយ​ថា​មុន​ពេល​កើតហេតុ ប្រពន្ធ​គាត់​បាន​លក់​បាយ​ហើយ​​ពេល​នោះ​ស្ត្រី​ជាប់ចោទ ឈ្មោះ ឆោម ណៃ អាយុ ៣៣ ​ឆ្នាំ​បាន​ចាក់ទឹក​បង្ហូរ​នៅ​មុខ​កន្លែង​លក់​បាយ​គាត់​។

លោក​បន្ត​ថា​ពេល​នោះ​ប្រពន្ធ​លោក​បាន​ប្រាប់​ថា កុំ​ឲ្យ​ចាក់ទឹក​បែប​នេះ បន្ទាប់​មក​ក៏​មាន​ការឈ្លោះ​គ្នា​ដោយ​មាន​ទាំង​​ប្ដី​ស្ត្រី​ជាប់ចោទ​ចូលរួម​ផង​។ ក្នុង​ជម្លោះ​នោះ​ស្រាប់​តែ​ស្ត្រី ឆោម ណៃ បាន​ចាក់​ប្រពន្ធ​លោក​​នឹង​កាំបិត​ត្រូវ​ត្រង់​ដោះ​ផ្នែក​ខាង​ឆ្វេង ហើយ​បាន​ស្លាប់ បន្ទាប់ពី​ដឹក​ដល់​មន្ទីរពេទ្យ​។

តាម​កំណត់ហេតុ​តុលាការ​បង្ហាញ​ថា​សំណុំ​រឿង​នេះ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី​ ២១ ​ឧសភា ឆ្នាំ​ ២០១៧ ផ្តន្ទាទោស​ ២ ​នាក់​ប្ដី-ប្រពន្ធ​ដាក់គុក​ម្នាក់ៗ​ ១០ ​ឆ្នាំ និង​បង្គាប់​ឲ្យ​រួមគ្នា​សង​ជំងឺ​ចិត្ត​ទៅ​ប្តី​ស្ត្រី​រងគ្រោះ​ ៤០ ​លាន​រៀល​ចោទ​ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​មរណភាព​នៃ​ជនរងគ្រោះ​។

ប៉ុន្តែ​ ២ ​​នាក់​ប្តី​ប្រពន្ធ​នោះ​បាន​ប្តឹង​ឧទ្ធរណ៍ ហើយ​សំណុំ​រឿង​នេះ​អគ្គព្រះរាជអាជ្ញា​នៃ​សាលាឧទ្ធរណ៍​ក៏​បាន​ប្តឹង​ទាស់​តុលាការ​ថ្នាក់​ក្រោម​ចំពោះ​ការដាក់ទោស​ពួកគេ​តិច​ពេក​ផង​ដែរ​។

នៅក្នុង​បន្ទប់​សវនាការ​កាលពី​ម្សិលមិញ​ស្ត្រី​ជាប់ចោទ​ឈ្មោះ ឆោម ណៃ បាន​ឆ្លើយថា​៖ «​ខ្ញុំ​ពិត​ជា​បាន​ចាក់​លើ​ជនរងគ្រោះ​​ប្រាកដ​មែន ហើយ​ខ្ញុំ​សូម​តុលាការ​បន្ថយ​ទោស​ដល់​ខ្ញុំ​ផង​។

ចំណែក​ប្តី​របស់​ខ្ញុំ​គាត់​មិន​បាន​ចាក់​ស្ត្រី​រងគ្រោះ​ដូច​ការ​ចោទ​ទេ​។ នេះ​បើ​នរណា​ប្រព្រឹត្ត​ត្រូវ​តែ​មាន​ទោស តែ​ប្តី​ខ្ញុំ​គាត់​មិន​ប្រព្រឹត្ត​គួរ​ត្រូវ​បាន​រួច​ខ្លួន​»​។

លោក ម៉ម ស៊ីដាណា មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ភាគី​ប្ដី​ស្ត្រី​រងគ្រោះ​បាន​សន្និដ្ឋាន​ថា ស្ត្រី​ជាប់ចោទ​ពិត​ជា​បាន​ចាក់​សម្លាប់​កូនក្តី​របស់​លោក​មែន ហើយ​គាត់​ក៏បាន​សារភាព​នៅ​ដំណាក់កាល​នគរបាល​ និង​នៅ​តុលាការ​ថ្នាក់​ក្រោម​ថា បាន​ចាក់​លើ​កូនក្តី​លោក​ដែរ​។ ​ជាមួយ​គ្នា​នេះ​សូម្បី​តែ​មេធាវី​របស់​ជន​ជាប់ចោទ​ក៏​ទទួល​ស្គាល់​ថា​កូនក្តី​របស់​ខ្លួន​កាន់​កាំបិត​ដែរ​។

លោក​ថ្លែង​ថា​៖ «​ដូច្នេះ​អ្វី​ដែល​​ជនជាប់ចោទ​សារភាព វា​ស៊ីចង្វាក់​នឹង​ការអះអាង​របស់​សាក្សី ហើយ​ខ្ញុំ​សូម​ឯកភាព​នឹង​ការប្តឹង​របស់​អគ្គព្រះរាជអាជ្ញា​ដើម្បី​បន្ថែម​ទោស​លើ​ជនជាប់ចោទ​ទាំង​ ២ ​នាក់​»​។

លោក ឃុត សុឃាង ព្រះរាជអាជ្ញា និង​ជា​តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា​​ឆ្លង​តាម​ការពិនិត្យ​លើ​អង្គហេតុ​ និង​ការឆ្លើយ​សារភាព​របស់​ជនជាប់ចោទ​នៅ​ដំណាក់កាល​នគរបាល​យុត្តិធម៌ និង​នៅ​តុលាការ​ថ្នាក់ក្រោម​បង្ហាញ​ថា​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន​។ ​ស្ត្រី​ជាប់ចោទ​ពិតជា​មាន​ចេតនា​ចាក់​លើ​ជនរងគ្រោះ ប៉ុន្តែ​គាត់​មិន​បាន​គិត​ថា ចំ​កន្លែង​ស្លាប់​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ក្រុម​​ប្រឹក្សា​ជំនុំជម្រះ​តម្កល់​សាលក្រម​របស់​តុលាការ​ថ្នាក់ក្រោម​​ចំពោះ​ស្ត្រី​ជាប់ចោទ ប៉ុន្តែ​ប្តី​របស់​ស្ត្រី​ជាប់ចោទ​សូម​ក្រុមប្រឹក្សា​ពិចារណា​។ ព្រោះ​ខាង​ភាគី​ប្តី​ស្ត្រី​រងគ្រោះ​ថា ជនជាប់ចោទ​ជា​ប្តី​បាន​ចាក់​បន្ថែម​លើ​ស្ត្រី​រងគ្រោះ តែ​ស្នាម​ចាក់​មាន​​តែ​ ១ ​កាំបិត​ទេ​។ ដូច្នេះ​សូម​ក្រុមប្រឹក្សា​ពិចារណា​ទៅ​លើ​ប្តី​ស្ត្រី​ជាប់ចោទ​»​។

រីឯ​លោកស្រី​មេធាវី ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់ចោទ​ទាំង​ ២ ​នាក់​ប្តី​ប្រពន្ធ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា ដើមហេតុ​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​នេះ បើ​តាម​លោកស្រី​មើល​អង្គហេតុ​បង្ហាញ​ថា មុន​ដំបូង​ស្ត្រី​រងគ្រោះ​បាន​ឆ្លងថ្នល់ ហើយ​បាន​ចាប់​យក​ថាស​ដាក់​ដំឡូង​របស់​កូនក្តី​លោកស្រី​ដែល​កំពុង​លក់ ចាក់ចោល​។ បញ្ហា​នេះ​ហើយ ទើប​កូនក្តី​លោកស្រី​បាន​ខឹង ហើយ​ក៏​បាន​ក្លាយ​ជា​ហិង្សា​ទៅ រីឯ​កូនក្តី​លោកស្រី​ជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​គឺ​គាត់​មិន​បាន​ចាក់​លើ​ស្ត្រី​រងគ្រោះ​​ទេ ដោយ​គាត់​គ្រាន់​តែ​បាន​ទៅ​ជួយ​ប៉ុណ្ណោះ​។

លោកស្រី​ថា​៖ «​ខ្ញុំ​សូម​តុលាការ​លើកលែង​បទ​ចោទ​ឲ្យ​បុរស​ជា​កូនក្តី​ខ្ញុំ​រួច​ខ្លួន​។ ចំណែកឯ​ប្រពន្ធ​គាត់​សូម​តុលាការ​បន្ថយ​ទោស​គាត់​ផង​»​។

ក្រោយពី​បាន​ជំនុំជម្រះ​រួច​លោកស្រី គឹម ដានី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែង​ថា​សាលដីកា​នៃ​សំណុំរឿង​​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​​ទី​ ២៧ ខែ​ធ្នូ ខាង​មុខ​៕