ភ្នំពេញៈ ​សាលាឧទ្ធរណ៍​កាលពី​​ម្សិលមិញ​បាន​បើក​សវនាការ​ជំនុំជម្រះ​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ ០,៣ ​ក្រាម​ប្រព្រឹត្ត​កាលពី​ឆ្នាំ​ ២០១៦ ជា​​សំណុំ​រឿង​ដែល​តុលាការ​ថ្នាក់​ក្រោម​ផ្ដន្ទាទោស​ដាក់គុក​ ៣ ​ឆ្នាំ​។

តាម​អង្គហេតុ​កាលពី​ថ្ងៃទី​ ១០ ខែ​កញ្ញា ឆ្នាំ​ ២០១៦ នគរបាល​ប្រឆាំង​គ្រឿងញៀន​នៅ​​មូលដ្ឋាន​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​ ៣ ក្នុង​ខណ្ឌដូនពេញ​ និង​បាន​ឃាត់​ខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់​ឈ្មោះ ផាន ស្រីភ័ក្រ អាយុ​ ៣០ ​ឆ្នាំ និង​បុរស​អាមេរិកាំង​ម្នាក់​ឈ្មោះ អេន ដ្រូ ចន អាយុ​ ៤២ ​ឆ្នាំ​។

ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ចាប់​បាន​កញ្ចប់​គ្រឿងញៀន​ពី​ស្ត្រី​ឈ្មោះ ផាន ស្រីភ័ក្រ ហើយ បាន​យក​សំណាក​គ្រឿងញៀន​នោះ​ធ្វើ​កោសល្យវិច័យ​ឃើញ​មាន​ទម្ងន់ ​០,៣ ក្រាម​។

សំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​បើក​សវនាការ និង​ប្រកាស​សាលក្រម សម្រេច​ផ្តន្ទាទោស​ឈ្មោះ អេន ដ្រូ ចន និង​ស្ត្រី ឈ្មោះ ផាន ស្រីភ័ក្រ ម្នាក់ៗ​ឲ្យ​ជាប់គុក​ ៣ ​ឆ្នាំ និង​ពិន័យ​ប្រាក់​ម្នាក់ៗ​ ៦ ​លាន​រៀល​ចោទ​ពី​បទ​ជួញដូរ​គ្រឿងញៀន​តាម​បញ្ញត្តិ​មាត្រា​ ៤០ ច្បាប់​ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿងញៀន​។

នៅ​ក្នុង​សវនាការ​ពី​ម្សិលមិញ​ជន​ជាប់ចោទ​អេន ដ្រូ ចន បាន​ឆ្លើយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​នោះ​គាត់​បាន​ជួល​បន្ទប់​ជាន់​ទី​ ២ ក្នុង​ផ្ទះ​សំណាក់​ឈ្មោះ​ សូរិយាស្កាយ ដើម្បី​ស្នាក់​នៅ​។ ​ពេល​នោះ​​គាត់​មាន​មិត្តភក្តិ​ជនជាតិ​អាមេរិក​ម្នាក់​ស្នាក់​នៅ​ទី​នោះ​ដែរ តែ​បន្ទប់​ផ្សេង​គ្នា​ដោយ​គាត់​មាន​នារី ផាន ស្រីភ័ក្រ ជា​សង្សារ​។

លោក​ប្រាប់​ចៅក្រម​ថា​៖ «​ខ្ញុំ​ជា​អ្នក​ទេសចរ​ហើយ​ខ្ញុំ​ក៏​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ដែរ ប៉ុន្តែ​ពេល​ប៉ូលិស​ឃាត់​ខ្លួន​ខ្ញុំ​នោះ​គេ​មិន​បាន​រកឃើញ​គ្រឿងញៀន​ក្នុង​ដៃ​ខ្ញុំ​ទេ​។ គ្រឿងញៀន​នោះ​ប៉ូលិស​ចាប់​បាន​នៅ​នឹង​ខ្លួន​ស្ត្រី​ឈ្មោះ ផាន ស្រីភ័ក្រ ទេ​» ។

ដោយឡែក​ស្ត្រី​ជាប់ចោទ ផាន ស្រីភ័ក្រ មិន​បាន​ប្តឹង​ឧទ្ធរណ៍​ទេ តែ​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​ខ្លួន​ធ្វើ​ជា​សាក្សី និង​បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា​នៅ​មុន​ថ្ងៃ​ឃាត់​ខ្លួន​រូបនាង និង​សង្សារ​រួម​ជាមួយ​បុរស​ជាប់​ចោទ​បាន​ជួល​បន្ទប់​ផ្ទះសំណាក់​ខាង​លើ​ស្នាក់នៅ ប៉ុន្តែ​នាង​ស្នាក់នៅ​ជាន់​ទី​ ៣ ទេ​។

ស្ត្រី​ជាប់ចោទ​បញ្ជាក់​ថា​៖ «​ខ្ញុំ​ស្នាក់នៅ​បន្ទប់​ជាន់​ទី​ ៣ ​ទេ​ហើយ​គ្រឿងញៀន​នោះ​មាន​ទម្ងន់​ ២ ​ហ៊ុន​កន្លះ​ខ្ញុំ​ទិញ​ពី​ឈ្មោះ អេន ដ្រូ មែន ក្នុង​តម្លៃ​ ៥៥ ​ដុល្លារ តែ​មិន​ទាន់​ឲ្យ​លុយ​គាត់​ទេ​។ ​បន្ទាប់មក​បាន​ប្រហែល​ ១ ​ម៉ោង​ប៉ូលិស​ក៏​ទៅ​ចាប់​ខ្លួន​ឈ្មោះ អេន ដ្រូ ទៀត​»​។

នៅក្នុង​សវនាការ​នោះ​ដែរ​លោក​ព្រះរាជអាជ្ញា តាន់ សេណារ៉ុង តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា​៖ «​រឿង​នេះ​ខ្ញុំ​យល់​ថា អង្គហេតុ​មិន​មាន​អ្វី​ប្រែប្រួល​ទេ បើ​ទោះ​ជា​ជនជាប់ចោទ​បដិសេធ​ក្តី ហើយ​ការ​ចោទប្រកាន់​របស់​តុលាការ​ថ្នាក់​ក្រោម​ត្រឹមត្រូវ​ហើយ​។ តែ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិនិត្យ​លើ​លិខិត​ធ្វើ​កោសល្យវិច័យ​របស់​មន្ត្រី​ជំនាញ​ថា តើ​សារធាតុ​សុទ្ធ​នៃ​គ្រឿងញៀន​នោះ​ស័ក្ដិសម​នឹង​ការផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឬទេ​?»​។

មេធាវី​ចាត់តាំង​លោក សុខ សំណាង ដែល​ការពារ​សិទ្ធិ​ឲ្យ​បុរស​ជាប់​ចោទ បាន​សន្និដ្ឋាន​ថា​ក្នុង​ការ​សួរដេញដោល​កូនក្តី​លោក​នៅ​តែ​បដិសេធ​ដូច​នៅ​​គ្រប់​ដំណាក់កាល​ពី​ដំបូង​ដែរ​ហើយ​ក្នុង​រឿង​នេះ​សមត្ថកិច្ច​ក៏​មិន​បាន​ដកហូត​គ្រឿងញៀន​ជាក់ស្តែង​ពី​កូនក្តី​លោក​ដែរ​។

រីឯ​ស្ត្រី​ឈ្មោះ ស្រី ភ័ក្រ ថា គ្រឿងញៀន​នោះ​យក​ពី​កូនក្តី​លោក តែ​កូនក្តី​លោក​ថា គាត់​មិន​បាន​ឲ្យ​ទៅ​ស្ត្រី​ជាប់ចោទ​ទេ​។

លោក​ប្រាប់​ចៅក្រម​ថា​៖ «​បើ​សមត្ថកិច្ច​ឃាត់​ខ្លួន​កូនក្តី​ខ្ញុំ​មិន​ឃើញ​មាន​គ្រឿងញៀន​ផង សួរ​​ថា ការបដិសេធ​របស់​គាត់​តើ​ត្រឹមត្រូវ​ទេ​? ខ្ញុំ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​លើកលែង​ការចោទប្រកាន់​មក​លើ​កូនក្តី​ខ្ញុំ​»​។

ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម ប៉ុល សំអឿន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ថា សាលដីកា​នៃ​សំណុំ​រឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ៣១ ខែ​ឧសភា ខាង​មុខ​៕