ភ្នំពេញៈ ​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃម្សិ​ល​មិញ​បាន​ជំ​នុំ​​ជម្រះ​រឿង​ក្ដី​​ស្រ្តី​ជាប់​ចោទ​ម្នាក់​ដោយ​ហេតុ​​យក​ស្បែក​ជើង​គប់​ស្លាក​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​​ដែល​មាន​រូប​លោក​នាយ​​ក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​​ និង​លោក​ ហេង ​សំ​រិន ​ប្រ​ធាន​រដ្ឋ​ស​ភា​ ដែល​បាន​ប្រ​ព្រឹត្ត​នៅ​​ស្រុក​ព្រៃ​នប់​​ ខេត្ត​​ព្រះ​សី​ហ​នុ​ ក្នុង​ឆ្នាំ​ ២​០​១​៧​ ហើយ​​​ស្រ្តី​រូប​នេះ​ត្រូវបាន​​តុលាការ​ខេត្ត​កំពង់ស្ពឺ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២ ឆ្នាំ។​

​នៅ​ក្នុង​បន្ទប់​សវនា​ការ​​​ស្រ្តី​ជាប់​ចោទឈ្មោះ ​​សំ ​សុ​ខា​ ប្រាប់​ចៅ​ក្រម​ថា​ សកម្ម​ភាព​របស់​គាត់​ដែល​មាន​បង្ហោះ​ក្នុង​ឃ្លីប​វី​ដេ​អូ​នោះ​ជា​កំហុស​ឆ្គង​របស់​គាត់​ដែល​ពេល​នោះ​គាត់​មិន​បាន​យល់​ដឹង​ថា​ ទង្វើ​នោះ​ខុស​ទេ។

ស្រ្តី ​សំ ​សុ​ខា ថ្លែង​​ថា​៖​ «​ខ្ញុំ​សូម​តុលាការ​​សម្រាល​ទោស​ដល់​ខ្ញុំ​ផង​ព្រោះ​ពេល​ខ្ញុំ​ជាប់​ក្នុង​ពន្ធនាគារ​ទើប​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ធ្វើ​ខុស​​។ ​ខ្ញុំ​ក៏​បាន​សូម​ទោស​សម្តេច​ ហ៊ុន​ សែន ​ដែរ»។

យោង​កំ​ណត់​ហេតុ​របស់​តុ​លា​​ការ​​បង្ហាញ​ថា​ ​កាល​ពី​អំ​ឡុង​​ឆ្នាំ​ ២​០​១​៧​ មាន​ការ​បង្ហោះ​វី​ដេ​អូ​មួយ​ដែល​មាន​រូប​ស្រ្តី​ជាប់​ចោទ​កំ​ពុង​យក​ស្បែក​ជើង​គប់​​ទៅ​​លើ​ស្លាក​គណបក្ស​ប្រជា​ជ​ន​កម្ពុជា​ស្ថិត​នៅ​ភូមិ​អុង​ ឃុំ​​រាម​ស្រុក​ព្រៃនប់។​

បន្ទាប់​មក​ស្រ្តី​ជាប់​ចោទ​បាន​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​ ហើយ​ត្រូវ​សមត្ថ​កិច្ច​​នៃ​​ប្រទេស​ថៃ​​ចាប់​ខ្លួន​ស្រ្តី​​ជាប់​ចោទ​ និង​បញ្ជូន​ឲ្យ​អាជ្ញាធរ​​វិញ​ នៅ​ថ្ងៃ​ទី​ ៨​ ខែ​ កុម្ភៈ​ ឆ្នាំ ​២​០​១​៨​ ហើយ​ស្រ្តីជា​​ប់​ចោទ​ត្រូវ​បាន​សា​លា​ដំបូ​ងខេ​ត្ត​កំ​ពង់​ស្ពឺ​ប្រ​កាស​សាល​ក្រម​កាល​ពី​ថ្ងៃ​ទី​ ២​២ ​ខែ​ មី​នា​​ ឆ្នាំ​ ២​០​១​៨ ​ផ្តន្ទា​​ទោស​ដាក់​ពន្ធនា​គារ​​ ២ ​ឆ្នាំ​និង​ពិ​ន័យ​ជា​ប្រាក់​ ៥​ លាន​រៀល​ចូល​ថវិការដ្ឋ​​ ដោយ​ចោទ​ពីបទ​ប្រ​មាថ​ និង​ញុះញង់​ឲ្យ​មាន​ការរើស​អើង​តាម​បញ្ញត្ដិមាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ។​

​លោក​ព្រះ​រាជ​អាជ្ញា​ ប៉ែន ​សា​រ៉ាត​ ជា​តំ​ណាង​ម​ហា​អយ្យការ​បាន​សន្និដ្ឋាន​ថា​ រឿង​នេះ​បើ​យោង​អង្គ​ហេតុ​ និង​ការ​សារភាព​របស់​​ជន​ជាប់​ចោទ​បាន​ប្រ​ព្រឹត្ត​ពិត​ប្រាកដ​មែន​ ហើយ​សាលក្រម​របស់​​សា​លា​ដំ​បូង​ខេត្ត​កំ​​ពង់​ស្ពឺ​ប្រ​កាស​កាល​ពី​ថ្ងៃ​ទី​ ២​២​ ខែ​ មី​នា​​ ឆ្នាំ​​ ២​០​១​៨​ ជា​ការ​ត្រឹមត្រូវ។​

លោក ​ឡោ​ ជុន​ធី​ មេ​ធា​វី​ការពារ​សិទ្ធិ​ឲ្យ​ស្រ្តី​ជាប់​ចោទ​សន្និ​ដ្ឋាន​ដែរ​ថា​ កូន​ក្តី​លោក​​ប្តឹង​មក​សា​លា​ឧទ្ធរណ៍​ព្រោះ​យល់​ថា ​ការ​ផ្តន្ទា​ទោស​របស់​តុលាការ​ខេត្ត​កំ​ពង់​ស្ពឺ​មាន​លក្ខណៈ​​ធ្ងន់ធ្ងរ​ពេក​​ ព្រោះ​សកម្ម​ភាព​របស់​គាត់​មិន​បាន​​ធ្វើ​​ផ្ទាល់​ទៅ​លើ​បុគ្គល​​ណា​​ម្នាក់​ឡើយ​គឺ​គ្រាន់​តែ​ធ្វើ​ទៅ​លើ​រូប​ភាព​ប៉ុណ្ណោះ​។​ចំ​ពោះ​ការ​ប្រើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​គឺ​គាត់​មិនមែន​ជា​អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា​ទេ។​

​លោក​ថា​៖​​ «​តាម​ពិត​ទៅ​គាត់​ជា​ជន​រង​គ្រោះ​នឹ​ង​បច្ចេក​វិទ្យា​ទៅ​វិញ ​ហើយ​ម៉្យាង​គាត់​ភ្ញាក់ រឭក​ពី​ទង្វើ​ដែល​គាត់​ធ្វើ​នោះ​ហើយ​។ ​មួយ​វិញ​ទៀត​គាត់​មាន​កូន​តូច​ៗ​ ២ ​នាក់​ក្នុង​បន្ទុក​និង​មាន​ម្តាយ​ចាស់​ជ​រា​ផង​។​សូម​តុលាការ​​ពិចារណា​សម្រាល​ទោស​ដល់​គាត់​ផង»។​

លោក​ចៅ​ក្រម​ សំ​រិទ្ធិ សុ​ផល ​ប្រធាន​ក្រុម​ប្រឹក្សា​ជំ​នុំ​ជម្រះ​ថ្លែង​ថា​ សាល​ដី​កា​នេះ​នឹង​ប្រ​កាស​នៅ​ថ្ងៃ​ទី​ ៣​១​​ ឧសភា៕