The Phnom Penh Post Search

Search form

ឧទ្ធរ​ណ៍​​តម្កល់​​ទោស​​បុរស​ម្នាក់ ​​ឲ្យ​​ជាប់​​ទោស​ ៦ ​ឆ្នាំ​​ដដែល​ពាក់​ព័ន្ធ​ថ្មាំ​ញៀន

ឧទ្ធរ​ណ៍​​តម្កល់​​ទោស​​បុរស​ម្នាក់ ​​ឲ្យ​​ជាប់​​ទោស​ ៦ ​ឆ្នាំ​​ដដែល​ពាក់​ព័ន្ធ​ថ្មាំ​ញៀន

ភ្នំពេញៈសភា​ព្រហ្ម​ទណ្ឌ​សាលា​ឧទ្ធរ​ណ៍​​នៅ​ព្រឹក​ថ្ងៃ​ ១៣ ​កុ​ម្ភៈ នេះ ​បាន​ប្រ​កាស​សាល​ដីកាត​ម្កល់​ទោស​ជន​ជាប់​ចោទ​​ម្នាក់​ឲ្យ​ជាប់​ពន្ធ​នាគារ ​​៦ ​​ឆ្នាំ​ដដែល​ បន្ទាប់​ពី​បើក​សវនា​ការ​ កាល​ពី​ថ្ងៃ​ទី​ ២៥​ មករា​​ ពាក់ព័ន្ធ​នឹងសំណុំរឿងគ្រឿង​ញៀន​ ១​០​១​​ ក្រាម​ ប្រ​ព្រឹត្ត​​កាល​ពី​ឆ្នាំ​​មុន​។

​លោក​​ស្រី​ចៅ​ក្រម ​ចាន់ ​​ម៉ាឌី​ណា ​​ប្រធាន​ក្រុម​ប្រឹក្សា​​ជំនុំ​ជ​ម្រះ​ថ្លែង​ថា​ សំណុំ​រឿង​នេះ​មាន​ជន​ជាប់​ចោទ​ឈ្មោះ ​អ៊ែល​​តាហ្វា​ ហើយ​ការ​ដែល​ឧទ្ធរ​ណ៍​សម្រេច​តម្កល់សាលដីកាដូច​នេះ ​ក្រោយ​ពេល​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​បាន​ពិភា​ក្សា​គ្នា​រួច​។

តាម​កំណត់​ហេតុ​នគរ​បាល​បាន​បង្ហាញ​ថា ​កាល​ពី​យប់​ថ្ងៃ​ទី​​៦​ខែ​កុម្ភៈ​ឆ្នាំ​មុន​ នគរ​បាល​​ខណ្ឌ​ដង្កោ​បាន​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​​នៅ​តាម​ផ្លូវ​ម្តុំ​វត្ត​ សំបួ​មាស ​ក្នុង​ខណ្ឌ​ ដង្កោ ​រាជ​ធានី​ភ្នំពេញ​។​ ពេល​នោះ​ក៏បាន​ហៅ​​ម៉ូតូ​ជន​សង្ស័យ​​ត្រួត​ពិនិត្យ​​ក៏​រក​ឃើញ​ថ្នាំ​ញៀន​៦​កញ្ចប់​ស្មើ​ទម្ងន់​១​០​​១​,​៥​២​ក្រាម​ហើយ​ក៏ឃាត់​ខ្លួន​តែ​ម្តង​។​

សំណុំ​រឿង​នេះ​ត្រូវ​សា​លា​​ដំបូង​រាជធានី​​ភ្នំពេញ​ ប្រកា​ស​សាល​ក្រម​ នៅ​ថ្ងៃ​ទី​ ១១ ​សីហា​ ឆ្នាំ​មុន​ ដោយផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ឈ្មោះ​ អ៊ែល ​តាហ្វា​ អាយុ ​២៦ ​ឆ្នាំ ​ដាក់​ពន្ធនា​គារ​​ ៦​ ឆ្នាំ​ និង​ ពិន័យ​ប្រាក់​ ១​០​ លាន​រៀល​ចោទ​បទ ​«​ជួញដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​តាម​បញ្ញត្តិ​មាត្រា​ ៤០​ ច្បាប់​ស្តី​ពី​ ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​»។​

ជន​ជាប់​ចោទ​ឆ្លើយ​ក្នុង​សវនា​ការ​ព្រឹក​មិញ​ថា​គ្រឿង​ញៀន​នេះ​ត្រូវ​មិត្ត​ភ័ក្តិ​គាត់​ហុច​ថង់​ខ្មៅ​ឲ្យ​ហើយ​ប្រាប់​ថា​ក្នុង​ថង់​នោះ​ជា​គ្រឿង​ក្រអូប​ឲ្យ​​យក​ទៅ​ឲ្យ​គេ​ហើយ​មិត្ត​ភ័ក្តិ​នោះ​ឲ្យ​លុយ​គាត់​ ៤០ ​ដុល្លារ​។​

កាល​ពី​ថ្ងៃ​ជំនុំ​ជម្រះ​ជន​ជាប់​ចោទ​សារ​ភាព​ប្រាប់​ចៅក្រម​ថា​គាត់​ដឹង​​កំហុស​​ហើយ​គាត់​ឃើញ​គេ​​ឲ្យ​លុយ​​៤០​​ដុល្លារ​​ក៏យក​ទៅ​ព្រោះ​គាត់​អត់​លុយ​ចាយ​។​ យ៉ាង​ណា​គាត់​សូម​តុលា​ការ​បន្ថយ​ទោស​ដល់​គាត់២​ឆ្នាំ​ផង​​។​

ទោះ​យ៉ាង​ណា​ នៅ​ថ្ងៃ​ជំនុំ​ជម្រះ​នោះ​ដែរ ​លោក​ព្រះ​រាជ​អាជ្ញា​ សរ​ យស​ថាវរៈ​ តំណាង​​មហា​អយ្យ​ការ​សន្និ​ដ្ឋាន​ថា ​ជន​ជាប់​ចោទ​​មិន​សុខ​ចិត្ត​​ នឹង​ការ​ផ្តន្ទា​ទោស​​ពី​តុលា​ការ​ថ្នាក់​ក្រោម​ដែល​​ដាក់​ទោស​គាត់ ​៦ ​ឆ្នាំ​។ ​ប៉ុន្តែ​ គាត់​ត្រូវ​បាន​សមត្ថ​កិច្ច​ឆែរ​ឃើញ​ថ្នាំ​ញៀន​ជាក់​ស្តែង​។​

លោក​យល់​ថា​ ការ​​សម្រេ​ច​របស់​តុលា​ការ​ថ្នាក់​ក្រោម​ត្រឹម​ត្រូវ​ហើយ​។ ​ដូច្នេះ​ លោក​សូម​តម្កល់​​សាល​ក្រម​​ទុក​ជា​បាន​​ការ​ដដែល​ ​៕​

អត្ថបទគួរចាប់អារម្មណ៍