ភ្នំពេញៈ សាលា​ឧទ្ធរណ៍​បាន​ប្រកាស​សាល​ដីកា​កំបាំង​មុខ​ឲ្យ​បុរស​ នីហ្សេរី​យ៉ា ម្នាក់​ជាប់គុក​ ៥ ​ឆ្នាំ​ដដែល កាល​​ពី​ថ្ងៃ​ទី​ ២៧ មេសា បន្ទាប់​ពី​ជំនុំ​ជម្រះ​កាលពី​ថ្ងៃ​ទី​ ១៩ ទាក់​ទង​ករណី​ជួញ​ដូរ​គ្រឿងញៀន​ មេតំហ្វេតាមីន ជាង​ ៤៤ ក្រាម បាន​ប្រព្រឹត្ត កាល​ពី​ឆ្នាំ ២០១៦ នៅ​រាជធានី​ភ្នំពេញ។

លោក​ចៅ​ក្រម​ ស៊ិន ​វិសាល​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​អាន​សាល​ដីកា​កំបាំង​មុខ​ជន​ជាប់ចោទ​ថា ៖ «សំណុំ​រឿង​ដែល​មាន​ជន​ជាប់​ចោទ​ឈ្មោះ OLISAM WAN DU ECHEZONA SAMUEL តុលាការ​សម្រេច​តម្កល់​ទោស​ ៥ ​ឆ្នាំ​ទុក​ជា​បាន​ការ​ដដែល​ហើយ​បើ​ជន​ជាប់​ចោទ​មិន​សុខចិត្ត​នឹង​ការ​សម្រេច​នេះ​ជន​ជាប់​ចោទ​អាច​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​គិត​ចាប់​ពី​ថ្ងៃ​ប្រកាស​សាល​ដីកា​រយៈពេល​ ១ ខែ»។

តាម​អង្គ​ហេតុ​បង្ហាញ​ថា កាល​ពី​ថ្ងៃ​ទី​ ៤​ ខែ​មិថុនា ឆ្នាំ ២០១៦ នគរបាល​​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ បាន​ចុះ​បង្ក្រាប​អំពើ​ជួញ​ដូរ​គ្រឿង​ញៀន ១ ករណី​នៅ​ស្ថានីយ​ប្រេង​​ឥន្ធនៈ តូតាល់ ក្នុង​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ក្នុង​ប្រតិបត្តិការ​​នោះ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​ឈ្មោះ​OLISAMWANDU ECHEZONA SAMUEL អាយុ ៣៤ ឆ្នាំ ​ជា​ជន​ជាតិ​ នីហ្សេរីយ៉ា និង​នារី​ខ្មែរ​ម្នាក់ ឈ្មោះ ថេង សុគន្ធី (កម្លាំង​បង្កប់) ជាមួយ​ថ្នាំ​ញៀន​ មេតំហ្វេតាមីន ៤៤,១៦ ក្រាម។

សំណុំ​រឿង​នេះ ត្រូវ​សា​លាដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​និង​ប្រកាស​សាល​ក្រម​ផ្តន្ទាទោស ឈ្មោះ OLISAMWANDU ECHEZONA SAMUEL ដាក់​គុក​ ៥ ឆ្នាំ កាល​ពីថ្ងៃ​​ទី​ ២៦​ ខែ​ឧសភា​ ឆ្នាំ​ ២០១៧ ដោយ​ចោទ​ពី​បទ «ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន» តាម​បញ្ញត្តិ​មាត្រា​ ៤០​ ច្បាប់​ស្តី​ពី​ការ​ត្រួត​ ពិនិត្យ​គ្រឿង​ញៀន។

គួររំឮកដែរថា កាល​ពីសវនាការ​នៅ​សាលា​ឧទ្ធរណ៍ ជនជាប់​ចោទ​បាន​ឆ្លើយ​ថា គាត់​ពិត​ជា​បាន​កាន់​កញ្ចប់​គ្រឿង​ញៀន​នោះ​មែន ​ប៉ុន្តែ​ មុន​ដំបូង​គាត់ ត្រូវ​​បាន​ឈ្មោះ​អូ យូតូ​ ជា​ជនជាតិ​ដូច​គាត់​ពឹង​ឲ្យយក កញ្ចប់​នោះ​ទៅ​ឲ្យ​បុរស​ខ្មែរ​ម្នាក់។ គាត់​សូម​តុលាការ​បន្ថយ​​ទោស​គាត់​ត្រឹម​ ៤ ​ឆ្នាំ​បាន​ហើយ។

ទោះយ៉ាងណា កាល​ពី​ថ្ងៃ​ជំនុំ​ជម្រះ​នោះដែរ​ លោក​ព្រះ​រាជអាជ្ញា ជា ម៉េត​ តំណាង​មហាអយ្យ​ការ​សន្និដ្ឋាន​ថា ជន​ជាប់ចោទ​បាន​សុំ​បន្ថយ​ទោស​ ប៉ុន្តែ​គាត់​បដិសេធ​ថា មិន​ដឹង​អី​វ៉ាន់​នោះ​ជា​គ្រឿងញៀន​ទេ។ ប៉ុន្តែ​សមត្ថកិច្ច​ចាប់​បាន​ជាក់​ស្តែង។

លោក​ប្រាប់​ចៅក្រម​ថា តុលាការ​ថ្នាក់​ក្រោម​​ដាក់​ទោស​ជន​ជាប់​ចោទ​ ៥ ​ឆ្នាំ​នេះ ​មាន​លក្ខណៈ​ត្រឹម​ត្រូវ​ហើយ​ ដូច្នេះ​សូម​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ពិចារណា​តាម​ច្បាប់។

នៅ​ក្នុង​ថ្ងៃ​ជំនុំ​ជម្រះ​នោះ​ដែរ លោក គីន វិបុល មេធាវី​ចាត់​តាំង​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​បាន​សន្និដ្ឋាន​ថា​ កូនក្តី​លោក​ត្រូវ​បាន​គេ​ទូរស័ព្ទ​ឲ្យ​ទៅ​យក​ឯកសារ​​ដើម្បី​យក​ទៅ​ឲ្យ​បុរស​ខ្មែរ​ម្នាក់។ ប៉ុន្តែ​ពេល​គាត់​ប្រគល់​អីវ៉ាន់​នោះ​ឲ្យ​គេ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​តែ​ម្តង។

លោក​ថ្លែង​ថា៖ «ទណ្ឌក​ម្ម​ទោស​នេះ​តាម​ច្បាប់​ចាប់​ពី​ ៥ ឆ្នាំ​ទៅ ១០ ឆ្នាំ​ ហើយ​តុលា​ការ​ដាក់​ទោស​កូនក្តី​ខ្ញុំ ៥ ឆ្នាំ​គឺ​ទាប​ហើយ ​ប៉ុន្តែ​គាត់​នៅ​តែ​មិន​សុខចិត្ត​ ទើប​ប្តឹង​ទាស់​មក​ឧទ្ធរណ៍។ សូម​តុលាការ​ជួយ​បន្ថយ​ទោស​ព្យួរ​ដល់​គាត់ ១ ឆ្នាំ​ផង»៕