ភ្នំពេញៈ ចៅក្រម​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​សាលដីកា​តម្កល់​ទោស​អតីត​អភិបាល​ខេត្តតាកែវ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ​ ឡាយ ណារិទ្ធ រួមទាំង​អ្នកបើករថយន្ត​គាត់​ ២ ​នាក់​ទៀត​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ​ពី​ ២ ​ឆ្នាំ​ដល់​ ១៣ ​ឆ្នាំ​ ដូច​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដដែល បន្ទាប់ពី​ជំនុំជម្រះ​ពី​ថ្ងៃ​ទី​ ១១ ​មីនា ​ឆ្នាំនេះ​ ពាក់ព័ន្ធ​ការស្លាប់​ស្ត្រី​ឈ្មោះ​ ចេវ សុវឌ្ឍនា ដែល​ជា​កំណាន់​លោក​ ឡាយ វណ្ណៈ​។

ក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​លោក​ចៅក្រម យន់ ណារ៉ុង បាន​ប្រកាស​សាលដីកា​ចំពោះមុខ​លោក ឡាយ ណារិទ្ធ និង​អ្នកបើករថយន្ត​ ២ ​នាក់ ខណៈ​អវត្តមាន​លោក ឡាយ វណ្ណៈ ថា ក្រោយពី​បាន​បើកសវនាការ​សួរដេញដោល​ជនជាប់ចោទ​ទាំង​ ៤ ​នាក់មក​ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ឃើញ​ថា បើទោះ​ជា​ក្រុម​ជនជាប់ចោទ​ឆ្លើយ​បដិសេធ​ពី​ការសម្លាប់ និង​ពី​ការបញ្ជា​ឲ្យ​រៀបចំ​សាកសព​ដើម្បី​លាក់​តម្រុយ​នៃ​ការសម្លាប់​ស្ត្រី​ឈ្មោះ ចេវ សុវឌ្ឍនា ក្តី​ក៏​មិនមែន​ជា​ចម្លើយ​ដោះ​បន្ទុក​ពិត​ដែល​អាច​ឲ្យ​តុលាការ​ជឿ​បានឡើយ​។

លោក​ចៅក្រម​បាន​ថ្លែងថា បើ​ផ្អែកលើ​របាយការណ៍​ស៊ើបអង្កេត​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បង្ហាញ​ថា​ឈ្មោះ ឡាយ វណ្ណៈ និង ឈ្មោះ ឡាយ ណារិទ្ធ ពិតជា​បានសម្លាប់​ជនរងគ្រោះ​ឈ្មោះ​ ចេវ សុវឌ្ឍនា ពិតមែន​។ ចំណែក​ឈ្មោះ ជឹម វុធ និង​ឈ្មោះ ម៉េន សាម៉ៃ ក្រោយពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​សិក្សា​លើ​អង្គហេតុ​មក​យល់ឃើញ​ថា ការចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពី​បទ​លាក់កំបាំង​តម្រុយ​គឺជា​ការត្រឹមត្រូវ​។

ម្យ៉ាង​ផ្អែកលើ​ចម្លើយ​សាក្សី​ឈ្មោះ​ ចាន់រី (​ប្រពន្ធ ជឹម វុធ​) ​គឺ​ស៊ីចង្វាក់​គ្នា​នឹង​របាយការណ៍​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​។

លោក​បញ្ជាក់ថា​៖ «​ហេតុដូច្នេះ​តុលាការ​សម្រេច​តម្កល់​ទោស​ជនជាប់ចោទ ឡាយ វណ្ណៈ ​ចំនួន​ ១៣ ​ឆ្នាំ និង​ ឡាយ ណារិទ្ធ​ ១០ ​ឆ្នាំ​ដដែល​។ ចំណែក​ឈ្មោះ ម៉េន សាម៉ៃ និង​ឈ្មោះ ជឹម វុធ ជាប់ពន្ធនាគារ​ម្នាក់ៗ​ ២ ​ឆ្នាំ​ដដែល​។

រឿងនេះ​បើ​ជនជាប់ចោទ​មិនសុខចិត្ត​អាច​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បានគិត​ពី​ថ្ងៃ​ប្រកាស​សាលដីកា​ ១ ​ខែ​»​។

ថ្លែង​បញ្ជាក់​នៅក្រៅ​បន្ទប់​សវនាការ បន្ទាប់ពី​ចូល​ស្តាប់​ការប្រកាស​សាលដីកា​នេះ​ទាំង​លោកស្រី​មេធាវី សារីបុត្ត ចរិយា ដែល​ការពារ​ក្ដី លោក ឡាយ វណ្ណៈ និង លោក ធុយ សុគន្ធ ជា​​មេធាវី លោក ឡាយ ណារិទ្ធ និង​​អ្នកពាក់ព័ន្ធ​ពុំបាន​បង្ហាញ​យោបល់​អ្វី​ជុំវិញ​សាលដីកា​របស់​​សាលាឧទ្ធរណ៍​នេះ​ទេ​។

ក៏ប៉ុន្តែ​លោក ធុយ សុគន្ធ បាន​បញ្ជាក់ថា​៖ «​ប៉ុន្តែ​ខ្ញុំ​បាន​សួរ​កូនក្តី​ខ្ញុំ​ហើយ​គឺ​ពួកគាត់​ទាំង​ ៤ ​នាក់​នឹង​ផ្តិតមេដៃ​ប្តឹង​នៅថ្ងៃនេះ​ដើម្បី​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​»​។

គួររំឭក​ថា​លោក​ចៅក្រម យន់ ណារ៉ុង បាន​សំអាង​លើ​ចម្លើយ​របស់​ស្ត្រី​ឈ្មោះ ចាន់រី និង​ប្តី​គាត់ ឈ្មោះ ជឹម វុធ ដែល​បាន​ឆ្លើយ​នៅ​ក្រសួងមហាផ្ទៃ​ថា នៅ​ថ្ងៃកើតហេតុ​លោក​ ឡាយ វណ្ណៈ និង​លោក ឡាយ ណារិទ្ធ ជា​បងប្រុស​លោក​ឡាយ វណ្ណៈ បាន​ចូលក្នុង​បន្ទប់​ស្ត្រី​រងគ្រោះ ចេវ សុវឌ្ឍនា ប្រមាណ​ជា​កន្លះ​ម៉ោង​។ ​លុះ​ដើរ​ចេញពី​បន្ទប់​វិញ​ក៏​ប្រាប់​ពួកគាត់​ (​ជឹម វុធ​) ​ថា​៖ «​អា​វឌ្ឍនា​ងាប់​ហើយ ពួក​ឯង​ចាត់ចែង​យក​វា​ទៅ​ចងក​ទៅ​»​។

ទោះយ៉ាងណា​ចម្លើយ​នេះ​ត្រូវ​បាន​ជនជាប់ចោទ​ឈ្មោះ ជឹម វុធ បាន​បដិសេធ​វិញ​កាលពី​បើកសវនាការ​ជំនុំជម្រះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដោយ​​គាត់​ថា ជា​ចម្លើយ​មិន​ពិត ព្រោះ​មាន​ការបង្ខំ​ពី​សមត្ថកិច្ច​។

កាលពី​ថ្ងៃទី​ ១១ មីនា ដែលជា​ថ្ងៃ​បើកសវនាការ​នៅ​សាលាឧទ្ធរណ៍​លោក ឡាយ វណ្ណៈ បាន​រៀបរាប់ថា​មុន​មាន​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​ ២២ ខែ មករា ឆ្នាំ​ ២០១៨ ​នោះ​គឺ​រូបគាត់​ក្នុងនាម​ជា​អភិបាលខេត្ត​តាកែវ​បាន​ទៅ​បិទ​វគ្គសន្និបាត​បូកសរុប​ការងារ​របស់​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ​។ ​

បន្ទាប់ពី​ចប់​កម្មវិធី​លោក​បាន​ឡើង​រថយន្ត​ដោយ​មាន​ឈ្មោះ​ ម៉េន សាម៉ៃ ជា​អ្នកបើកបរ​ជូន​គាត់​ទៅ​មើល​សំណង់​សួនច្បារ​នៅក្បែរ​វិមានឯករាជ្យ​ទី​រួម​ខេត្តតាកែវ​។ ​លុះដល់​ពេល​រសៀល​ថ្ងៃ​ដដែល​គាត់​បាន​ឆៀង​ចូល​ផ្ទះ​របស់​នាង ចេវ សុវឌ្ឍនា ដូច្នេះ​មាន​តែ​គាត់​ និង​ឈ្មោះ​ ម៉េន សាម៉ៃ ជា​អ្នក​បើករថយន្ត​ឲ្យ​គាត់​ប៉ុណ្ណោះ​ដែល​បាន​ចូលទៅ​ផ្ទះកើតហេតុ​គឺ​គ្មាន​វត្តមាន​បងប្រុស​គាត់​ឈ្មោះ​ ឡាយ ណារិទ្ធ ទេ​។

លោក ឡាយ វណ្ណៈ បន្ត​ថា​រឿងនេះ​បាន​កើតឡើង​ដូច​ការរៀបរាប់​របស់គាត់ ប៉ុន្តែ​ក្រោយពី​នគរបាល​នៅ​ក្រសួងមហាផ្ទៃ​សួរចម្លើយ​សាក្សី​ដែលមាន ម៉េន សាម៉ៃ​,​ឈ្មោះ​ ជីម វុធ​ និង ស្ត្រី​ឈ្មោះ​ ចាន់ រី ស្រាប់​តែមាន​ចម្លើយ​ដូចៗ​គ្នា​ថា ពួកគេ​បាន​ឃើញ​បងប្រុស​របស់គាត់​ (​ឡាយ ណារិទ្ធ​) ​ជិះ​រថយន្ត​ជាមួយ​គាត់​ចូលទៅ​ផ្ទះ​នាង ចេវ សុវឌ្ឍនា​ទៅវិញ​។ កុំថាឡើយ​គាត់​សម្លាប់​នាង​សូម្បីតែ​ប្រើ​ហិង្សា​វាយ​ទៅលើ​ប្អូនស្រី​ ចេវ សុវឌ្ឍនា ក៏​គាត់​មិនដែល​ប្រព្រឹត្ត​ដែរ​។

ដោយឡែក​លោក​ ឡាយ ណារិទ្ធិ បាន​ឆ្លើយ​ប្រាប់​ចៅក្រម​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ជំនុំជម្រះ​ដែរ​ថា ការដែល​ចោទថា​នៅមុន​ថ្ងៃកើតហេតុ​មាន​វត្តមាន​របស់​លោក​ជិះ​រថយន្ត​ជាមួយ​ប្អូនប្រុស​របស់គាត់​ (​ឡាយ វណ្ណៈ​) នោះ​គឺ​មិន​ពិត​ទេ ព្រោះ​លោក​មិនដែល​ស្គាល់​ផ្ទះ ចេវ សុវឌ្ឍនា ទេ​។ ​ព្រោះ​ក្រោយ​កើតហេតុ​ទម្រាំ​តែ​រក​ផ្ទះ​ឃើញ គាត់​បាន​សួរ​គេ​សួរ​ឯង​ទើប​ទៅដល់​ផ្ទះ​នោះ​។

គួរ​រំឭក​ផងដែរ​ថា លោក ឡាយ វណ្ណៈ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២ កញ្ញា ឆ្នាំ​ ២០១៩ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ១៣ ​ឆ្នាំ និង​លោក ឡាយ ណារិទ្ធ ដាក់​ជាប់​ពន្ធនាគារ​ ១០ ​ឆ្នាំ​ ពី​បទ​ឃាតកម្ម​តាម​​មាត្រា​ ១៩៩​។ ចំណែក​អ្នក​បើកឡាន​ឲ្យ លោក ឡាយ វណ្ណៈ ឈ្មោះ ម៉េន សាម៉ៃ និង​អ្នកបម្រើ​ម្នាក់​ឈ្មោះ ជឹម វុធ វិញ​ត្រូវ​ចៅក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់ៗ​ ២ ​ឆ្នាំ​ ពី​បទ​លាក់បាំង​តម្រុយ​តាម​មាត្រា ៥៣២ នៃ​ក្រមព្រហ្មទណ្ឌ​៕