ភ្នំពេញៈ សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​បាន​សម្រេច​តម្កល់​ទោស​ឲ្យ​លោក គង់ ម៉ាស់ សមាជិក​ក្រុមការងារ​អតីត​គណបក្ស​សង្គ្រោះជាតិ​ខេត្តស្វាយរៀង​ជាប់ពន្ធនាគារ​ ១ ​ឆ្នាំកន្លះ​ដដែល បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១៧ ​ខែមីនា​ពាក់ព័ន្ធ​បទ​ប្រមាថ​ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ប្រព្រឹត្ត​កាលពី​អំឡុង​ខែមេសា​ដល់​ខែតុលា​ឆ្នាំ​ ២០១៨ ​នៅ​រាជធានី​ភ្នំពេញ​។

លោក​ចៅក្រម ញូង ធុល ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​សាលដីកា​នៅ​ចំពោះមុខ​លោក គង់ ម៉ាស់ ​ថា​ក្រោយពី​បាន​សួរដេញដោល​ជន​ជាប់ចោទ​ និង​ក្រោយពី​បាន​ស្តាប់​ការសន្និដ្ឋាន​របស់​មេធាវី និង​ពី​តំណាង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​មក ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់​ឃើញ​ថា ក្នុងពេល​ជំនុំជម្រះ​ជនជាប់ចោទ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​សរសេរ​ និង​បង្ហោះ​សារ​ក្នុងន័យ​ប្រមាថ​រិះគន់​ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រាកដ​មែន​។

លោក​បន្តថា បើទោះ​ជា​ជនជាប់ចោទ​សារភាព​ទទួលស្គាល់​កំហុស​ក្តី តែ​ការសម្រេច​ផ្តន្តាទោស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​គឺ​មាន​កម្រិត​អតិបរមា​នៃ​ទោស (​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​ដោយ​ច្បាប់​កម្រិត​ទោស​ពី​ ១ ​ឆ្នាំ​ទៅ​ ៣ ​ឆ្នាំ​)​។ ចំណែក​បទ​ប្រមាថ​ក៏​ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ថា ការផ្តន្ទាទោស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​មាត្រា​ ៤៩៦ ​និង​ ៥០២ (​ច្បាប់​កម្រិត​ទោស​ជាប់​ពន្ធនាគារ​ពី​ ១ ​ថ្ងៃ​ទៅ​ ៦ ​ថ្ងៃ​) ​នៃ​ក្រមព្រហ្មទណ្ឌ​នេះ​ក៏មាន​លក្ខណៈ​ត្រឹមត្រូវ​តាមច្បាប់​ដែរ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​តុលាការ​សម្រេច​តម្កល់​ទោស​ដល់​ជនជាប់ចោទ​ ១ ​ឆ្នាំ​ ៦ ​ខែ​ដដែល​។ បើ​ជនជាប់ចោទ​មិន​សុខចិត្ត​មាន​សិទ្ធិ​ប្តឹងទៅ​តុលាការ​កំពូល​គិតពី​ថ្ងៃ​ប្រកាស​សាលដីកា​នេះ​ ១ ​ខែ​»​។

លោក គង់ ម៉ាស់ ​បាន​ថ្លែង​បន្ទាប់ពី​ដើរចេញ​ពី​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ថា លោក​មិនអាច​ទទួលយក​ការសម្រេច​ដែល​សាលាឧទ្ធរណ៍​មិន​បន្ថយទោស​តាម​ការស្នើសុំ​របស់លោក​នេះ​បានទេ​។ លោក​ថា​៖ «​ទោះ​ទោស​ខ្ញុំ​នៅ​សល់​តែ​ ៤ ​ខែ​ទៀត​ក្តី ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​មេធាវី​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បន្តទៀត​»​។

ស្ត្រី​ម្នាក់​អាយុ ២៨ ​ឆ្នាំ​ដែល​ជា​ភរិយា​របស់លោក គង់ ម៉ាស់ បាន​ថ្លែង​បន្ទាប់ពី​ដើរចេញ​ពី​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ថា តុលាការ​មិនបាន​ផ្តល់​យុត្តិធម៌​ដល់​ប្តី​របស់​អ្នកស្រី​នោះទេ ពីព្រោះ​ប្តី​របស់​អ្នកស្រី​មិន​បាន​ធ្វើ​អ្វី​បង្ក​ផលប៉ះពាល់​ដល់​សង្គម​នោះទេ​។

បើតាម​កំណត់ហេតុ​របស់​តុលាការ​លោក គង់ ម៉ាស់ ​អាយុ​ ៣២ ​ឆ្នាំ​ បាន​ប្រើ និង​បង្កើត​គណនី​ហ្វេសប៊ុក​ចំនួន​ ៥ ​ហើយ​បាន​សរសេរ​រិះគន់​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ក្នុងអំឡុង​ខែមេសា និង​ខែតុលា​ឆ្នាំ​ ២០១៨​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ក៏បាន​រកឃើញ​ខិត្តប័ណ្ណ​ចំនួន​ ១០ ​ម៉ឺន​សន្លឹក​នៅ​ខេត្តស្វាយរៀង​ដែល​នៅក្នុង​ខិត្តប័ណ្ណ​នោះ​មាន​សរសេរ​ក្នុងន័យ​ជា​ការ​ញុះញង់​។

សំណុំ​រឿងនេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១៨ ​ខែ​តុលា​ឆ្នាំ​ ២០១៩ ​សម្រេច​ផ្តន្ទាទោស​ឈ្មោះ​ គង់ ម៉ាស់ ដាក់​ពន្ធនាគារ ១ ​ឆ្នាំ​ ៦ ​ខែ​ក្រោម​ការចោទប្រកាន់​ពី​បទប្រមាថ​ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​តាម​បញ្ញត្តិ​មាត្រា​ ៤៩៦ និង​មាត្រា ៥០២ នៃ​ក្រមព្រហ្មទណ្ឌ​។

ដោយសារ​តែ​អ្វី​ដែល​លោក​ គង់ ម៉ាស់ បាន​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​លោក​បាន​ចម្លង ឬ​ក៏​ចែករំលែក​ពី​ហ្វេសប៊ុក​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ដូចជា​លោក សម រង្ស៊ី​, លោក ហូរវ៉ាន់ និង លោក កាក់ គុម្ភា ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ ១ ​ឆ្នាំ​ ៨ ​ខែ​ផងដែរ ដោយ​ចោទ​ពី​បទ​ផ្តើមគំនិត​ញុះញង់​ឲ្យ​មាន​ការរើសអើង​តាម​បញ្ញត្តិ​មាត្រា ៤៩៦, ៥០២ នៃ​ក្រមព្រហ្មទណ្ឌ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន លោក​ សម រង្ស៊ី​,​ លោក​ ហូរ វ៉ាន់ និង​លោក​ កាក់ គុម្ភា ដើម្បី​យកមក​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​៕