
លោក ចៅ វាសនា ពេលនាំមកកាន់តុលាការកំពូលកាលពីកន្លងមក។ ផា លីណា
ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញបានប្រកាសសាលដីកាលើអតីតចៅសង្កាត់រងទី២ ម្នាក់មកពីអតីតគណបក្ស សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំដដែល បន្ទាប់ពីបើកសវនាការកាលពីថ្ងៃទី ២០ កុម្ភៈពាក់ព័ន្ធបាតុកម្មហិង្សាវាយស្នាក់ការគយ និងដុតបំផ្លាញរថយន្ត ៦ គ្រឿងនៅសង្កាត់-ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីខែឧសភា ឆ្នាំ ២០១៥។
នៅក្នុងបន្ទប់សវនាការកាលពីម្សិលមិញ លោក ចៅក្រម ញូង ធុល បានអានសាលដីកានៅចំពោះមុខជនជាប់ចោទថាតាមចម្លើយរបស់ ឈ្មោះ ចៅ វាសនា កាលពីថ្ងៃបើកសវនាការបានបដិសេធនៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រហូត។ប៉ុន្តែបើផ្អែកតាមអង្គហេតុនិងដើមបណ្តឹងដែលជាមន្ត្រីគយថា ឈ្មោះចៅ វាសនានៅថ្ងៃកើតហេតុ បានមានវត្តមាននៅទីនោះរហូត។
លោកចៅក្រមថ្លែងថា៖ «តាមអង្គហេតុបង្ហាញថា នៅថ្ងៃកើតហេតុ ជនជាប់ចោទបានឈរនៅមុខមន្ទីរពេទ្យក្នុងក្រុងប៉ោយប៉ែតហើយបានឮសម្រែករបស់ក្រុមកម្មករថាឈ្មោះ ម៉ៅស៊ុន (កម្មករត្រូវប៉េអឹមវាយ) ស្លាប់ហើយ។ ពេលឮដូច្នេះឈ្មោះ ចៅ វាសនា បានស្រែកថា ម៉េចក៏សម្លាប់ពលរដ្ឋខ្ញុំ។ ផ្តើមចេញពីការស្រែកនេះ បានបញ្ឆេះកំហឹងក្រុមកម្មករឲ្យសម្រុកចូលស្នាក់ការគយរួចវាយកម្ទេចទ្រព្យសម្បត្តិនិងដុតបំផ្លាញរថយន្តអស់ប្រមាណ ៦ គ្រឿងទៀត។ចំពោះខាងសមត្ថកិច្ចគយដែលជាដើមបណ្តឹងបានអះអាងថា សមត្ថកិច្ចគយបានថតវីដេអូឃ្លីបផ្តិតយករូបភាពឈ្មោះ ចៅ វាសនា តាំងពីចាប់ផ្តើមផ្ទុះហិង្សាបាតុកម្មរហូតដល់ចប់ផងដែរ»។
លោកចៅក្រម បានបញ្ជាក់ថា៖ «យោងអង្គហេតុនិងសាក្សីដែលជាដើមបណ្តឹង ក្រុមប្រឹក្សាយល់ឃើញថាឈ្មោះ ចៅ វាសនា ពិតជាបានបង្កបទញុះញង់ដល់ក្រុមកម្មករពិតប្រាកដមែន។ដូច្នេះយល់ថា សាលក្រមរបស់សាលាដំបូងខេត្តបន្ទាយមានជ័យដែលផ្តន្ទាទោសជនជាប់ចោទឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំគឺត្រឹមត្រូវតាមច្បាប់ហើយ ហើយសាលាឧទ្ធរណ៍សម្រេចតម្កល់ទោសនោះនៅដដែល។ បើជនជាប់ចោទមិនសុខចិត្តគាត់មានសិទ្ធិប្តឹងសារទុក្ខទៅតុលាការកំពូលរយៈពេល ១ ខែគិតពីថ្ងៃប្រកាសសាលដីកានេះទៅ»។
ជុំវិញការប្រកាសសាលដីកាតម្កល់ទោសនេះ ភ្នំពេញប៉ុស្តិ៍បានព្យាយាមទូរស័ព្ទទៅលោក ជូង ជូងី មេធាវីរបស់លោក ចៅ វាសនា ដើម្បីសុំការអត្ថាធិប្បាយបន្ថែមដែរ តែមិនមានអ្នកទទួលទូរស័ព្ទកាលពីម្សិលមិញ។
តាមអង្គហេតុ កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៥ ក្រុមកម្មករអូសរទេះបាននាំគ្នាតវ៉ានៅមុខស្នាក់ការគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ដោយស្រែកឲ្យសមត្ថកិច្ចគយប្រចាំច្រកទ្វារប៉ោយប៉ែតឈប់ទារលុយពន្ធ ៧០ បាតក្នុង ១ រទេះនិងបានទាមទារឲ្យមន្ត្រីគយចេញពីស្នាក់ការមកដោះស្រាយជាមួយពួកគេ។លុះការតវ៉ាអូសបន្លាយដល់ម៉ោងជាង ១០ នៅថ្ងៃដដែល ស្រាប់តែក្រុមអ្នកតវ៉ាបានយករទេះរុញរបស់ពួកគេផ្ងារជើងឡើងលើបិទផ្លូវ និងចាក់សាំងដុតកង់ឡានផង បើទោះជាមានការសម្របសម្រួលពីអាជ្ញាធរក្រុងប៉ោយប៉ែតក្តី។
អង្គហេតុបង្ហាញបន្តថា លុះដល់ម៉ោង ១២ ថ្ងៃត្រង់ ក្រុមអ្នកតវ៉ាបាននាំគ្នាសម្រុកចូលបរិវេណស្នាក់ការគយនិងបានវាយបំផ្លាញការិយាល័យគយរួមនឹងដុតបំផ្លាញរថយន្តអស់ចំនួន ៦ គ្រឿងផងដែរ៕