ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញបានចេញដីកាសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តកោះកុងដែលបានផ្តន្ទាទោសអតីតសកម្មជនមាតាធម្មជាតិ ២ នាក់ឲ្យមានទោសម្នាក់ៗ ១ ឆ្នាំដដែល បន្ទាប់ពីបានបើកសវនាការលើបណ្តឹងមិនសុខចិត្តរបស់ជនជាប់ចោទទាំង ២ នាក់ កាលពីដើមខែសីហានេះ។
កាលពីដើមឆ្នាំ ២០១៨ សាលាដំបូងខេត្តកោះកុងបានសម្រេចផ្តន្ទាទោសលោក ហ៊ុន វណ្ណៈ និង លោក ឌឹម គុនឌី ដែលអ្នកទាំង ២ គឺជាសមាជិកអង្គការមាតាធម្មជាតិឱ្យជាប់ពន្ធនាគារម្នាក់ៗ ១ ឆ្នាំ តែឲ្យអនុវត្តទោស ៥ ខែ ក្នុងពន្ធនាគារ ហើយទោសនៅសល់ត្រូវព្យួរ ព្រមទាំងពិន័យជាប្រាក់ម្នាក់ៗ ១ លានរៀល។
សំណុំរឿងនេះកើតចេញពីការប្តឹងរបស់ឈ្មោះ ចាន់ ណាគ្រី តំណាងក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ ក្រោយពីសកម្មជនទាំង ២ រូបនេះថតរូបស្រឡាងធំៗ ២ គ្រឿងដោយសង្ស័យថា កំពុងដឹកខ្សាច់ចេញពីកម្ពុជាខុសច្បាប់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ។ ពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៧ ចោទពីបទ «ប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គល» និងបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
មេធាវីការពារក្តីឲ្យជនជាប់ចោទទាំង ២ នាក់ លោក សំ ចំរើន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថានៅក្នុងបន្ទប់សវនាការវេលាម៉ោង ៩ ព្រឹក លោកចៅក្រម ញូង ធុល បានប្រកាសសាលដីកាកំបាំងមុខកូនក្ដីលោកម្នាក់ ខណៈម្នាក់ទៀតចូលស្ដាប់ធម្មតា ហើយបានតម្កល់សាលក្រមសាលាដំបូងខេត្តកោះកុងនៅដដែល ដោយអះអាងថាកូនក្តីរបស់លោកបានប្រព្រឹត្តដូចការចោទប្រកាន់។ ប៉ុន្តែលោកថានឹងជជែកគ្នាជុំវិញការប្តឹងជំទាស់ទៅតុលាការកំពូលបន្តទៀត។
លោកបញ្ជាក់ថា៖ «ខ្ញុំគ្មានយោបល់អ្វីទេចំពោះសេចក្តីសម្រេចនេះ ដោយខ្ញុំនឹងបន្តពិភាក្សាជាមួយកូនក្តីរបស់ខ្ញុំសិន ហើយដឹងព័ត៌មានយ៉ាងណាគឺធ្វើតាមជាក់ស្តែង»។
លោក ហ៊ុន វណ្ណៈ ដែលចូលស្ដាប់ការប្រកាសសាលដីកានេះបានថ្លែងថា ការសម្រេចនេះអយុត្តិធម៌សម្រាប់ពួកលោក និងថាទង្វើរបស់ពួកលោកមិនមែនជាបទល្មើសទេ។ លោកបន្តថាក្នុងសវនាការសួរដេញដោលកន្លងទៅ សូម្បីតែតំណាងអយ្យការក៏បានថ្លែងការពារភាពស្អាតស្អំរបស់ពួកលោកដែរ តែបែរជាចេញសេចក្តីសម្រេចបែបនេះទៅវិញ។
លោកថា៖ «គេ (តុលាការ) ថា យើងប្រាកដជាបានទៅទីតាំងកើតហេតុមែន ទៅថតវីដេអូកប៉ាល់ដឹកខ្សាច់មែន ហើយយើងមិនបានឡើងលើកប៉ាល់ទេគឺយើងថតពីចម្ងាយ ប៉ុន្តែមិនបានសុំការអនុញ្ញាត ដូច្នេះតុលាការសម្រេចតម្កល់។ ការចោទនេះ វាអត់មានអីជាការពិត ព្រោះសកម្មភាពខ្ញុំទៅថតហ្នឹង គឺថតត្រង់ៗមិនបានលួចថតនោះទេ ព្រោះវាជាទីសាធារណៈ មិនមែនជាទីកន្លែងឯកជនទេ។ លទ្ធផលចេញមកវាមិនយុត្តិធម៌សោះ»។
យ៉ាងណាក្ដីលោក វណ្ណៈ បានឲ្យដឹងថាលោកនឹងពិភាក្សាជាមួយមេធាវីដើម្បីប្តឹងជំទាស់ទៅតុលាការកំពូលទៀតដោយលោករំពឹងថានឹងទទួលបានយុត្តិធម៌តាមរយៈតុលាការជាន់ខ្ពស់មួយនេះ។
លោកបញ្ជាក់ថា៖ «យើងនៅតែមានសង្ឃឹមព្រោះតុលាការកំពូលយើងមើលឃើញករណីខ្លះមានការផ្តល់យុត្តិធម៌ត្រឹមត្រូវខ្លះ បើទោះបីជាសកម្មជនដូចពួកយើងក៏ដោយ។ ករណីពួកយើងនេះគឺខុសពីករណីផ្សេងទៀត ព្រោះវាអត់មានអង្គហេតុ ឬភ័ស្តុតាងបញ្ជាក់ថា ខ្ញុំធ្វើខុសទាល់តែសោះ»។
ក្រៅពីលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី កាលពីឆ្នាំ ២០១៥ កន្លងទៅក៏មានសកម្មជនមាតាធម្មជាតិចំនួន ៣ នាក់ផ្សេងផងដែរ គឺយុវជន សាន់ ម៉ាឡា, ទ្រី សុវិគា និង ស៊ីម សំណាង ដែលត្រូវបានតុលាការខេត្តកោះកុងផ្តន្ទាទោសម្នាក់ៗ ១៨ ខែ ពាក់ព័ន្ធនឹងករណីប្រឆាំងការបូមខ្សាច់អនាធិបតេយ្យនៅខេត្តកោះកុងស្របពេលដែលស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិច ក៏ត្រូវបានចោទប្រកាន់ដូចគ្នា ប៉ុន្តែត្រូវបានលើកលែងវិញកាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩ ថ្មីៗនេះ៕