ភ្នំពេញៈ បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១៨ ​មីនា​សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​បានប្រកាស​សាលដីកា​កំបាំងមុខ​ជនជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ ២ ​នាក់​ឲ្យ​ជាប់ទោស​ ១ ​ជីវិត​ដែល​ការសម្រេច​នេះ​ស្របតាម​សាលក្រម​របស់​សាលាដំបូង​ខេត្តបាត់ដំបង​ក្នុង​សំណុំរឿង​សម្លាប់​ជនរងគ្រោះ​ម្នាក់​យក​លុយ​ទិញ​ថ្នាំញៀន​ប្រព្រឹត្ត​នៅក្នុង​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង​កាលពី​ឆ្នាំ​ ២០១៤​។

ក្នុងពេល​ប្រកាស​សាលដីកា​នេះ​លោក​ចៅក្រម ស៊ិន វិសាល បាន​ថ្លែងថា សំណុំរឿង​ដែល​មាន​ជនជាប់ចោទ​ឈ្មោះ​ សន ពៅ អាយុ​ ២៩ ​ឆ្នាំ​គឺ​បាន​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១៨ ​មីនា​កន្លងទៅ​។ កាលពី​ថ្ងៃ​ជំនុំជម្រះ ជនជាប់ចោទ​បាន​សារភាព​នូវ​ទង្វើ​របស់​ខ្លួន​ និង​បាន​រៀបរាប់​ពី​សកម្មភាព​ប្រព្រឹត្ត​ទៅលើ​ជនរងគ្រោះ​ឈ្មោះ លី សុវណ្ណារិទ្ធិ ពិតប្រាកដ​មែន​។

លោក​បាន​បន្តថា ការសម្រេច​នេះ​បាន​ធ្វើឡើង​ដោយ​ក្រុមប្រឹក្សា​ជំនុំជម្រះ ក្រោយពី​បាន​សួរដេញដោល​ជនជាប់ចោទ និង​បាន​ស្តាប់​សេចក្តី​សន្និដ្ឋាន​របស់​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ព្រមទាំង​បាន​ស្តាប់​សេចក្តី​សន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ​សាលាឧទ្ធរណ៍​។

លោក​ថា​៖ «​តុលាការ​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្តបាត់ដំបង​នៅ​ដដែល​។ ប៉ុន្តែ​ជនជាប់ចោទ​មាន​សិទ្ធិ​ប្តឹង​សារទុក្ខ​បន្តទៀត​ទៅ​តុលាការ​កំពូល​រយៈពេល​ ១ ​ខែ​គិត​ចាប់ពី​ថ្ងៃ​ប្រកាស​សាលដីកា​នេះ​»​។

ពាក់ព័ន្ធ​នឹង​ការប្រកាស​សាលដីកា​នេះ​លោក នូ ចន្ថា ជា​មេធាវី ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ សន ពៅ បាន​ប្រាប់​ក្រោយពេល​លោក​ចូល​ស្តាប់​​ការប្រកាស​សាលដីកា​នេះ​ថា អ្វី​ដែល​សាលាឧទ្ធរណ៍​សម្រេច​នេះ​គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ដែល​លោក​យល់ឃើញ​ពាក់ព័ន្ធ​ផ្លូវច្បាប់​។

កាលពី​ថ្ងៃ​ជំនុំជម្រះ​ជនជាប់ចោទ​ឈ្មោះ សន ពៅ ធ្លាប់បាន​រៀបរាប់​ប្រាប់​ចៅក្រម​ថា រូបគេ​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន ហើយ​កាលពី​ថ្ងៃទី​ ១១ ខែមេសា ឆ្នាំ​ ២០១៤ មុនពេល​កើតហេតុ គាត់ និង​គូកន​ម្នាក់ទៀត​ឈ្មោះ សុខ ចាន់ អាយុ ២៨ ​ឆ្នាំ​បាន​ជួបជុំគ្នា​ផឹកស្រា​នៅ​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង​។ ​ខណៈ​កំពុង​ផឹក​នោះ​ឈ្មោះ សុខ ចាន់ បាន​ប្រាប់​គាត់​ឲ្យ​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ឈ្មោះ​ លីសុវណ្ណារិទ្ធិ ​ដែលជា​កូន​ថៅកែ​ចងការ​ប្រាក់​នៅ​ស្រុក​កំរៀង​ឲ្យ​មកជួប​ពួកគេ​ដើម្បី​ទិញ​ថ្នាំញៀន​យកមក​ជក់​ជាមួយ​គ្នា​។

សន ពៅ បាន​បន្ដថា បន្ទាប់ពី​ពិភាក្សា​គ្នា​រួច​ខ្លួន​ក៏បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ឲ្យ​មកជួប​។ ​លុះ​ជនរងគ្រោះ​មក​តាម​ការណាត់​ហើយ​នោះ ខ្លួន និង​ឈ្មោះ​ សុខ ចាន់ បាន​បញ្ឆោត​ជនរងគ្រោះ​ឲ្យ​ឌុប​ម៉ូតូ​ដោយ​យក​លេស​​ថា ទៅរក​ទិញ​ថ្នាំញៀន ហើយ​នៅ​​ពេលធ្វើ​ដំណើរ​ដល់​កន្លែង​ស្ងាត់​តាមផ្លូវ​លំ​មួយ​ក្នុង​ភូមិ-ឃុំ​កើតហេតុ​​ខាងលើ និង​ជា​ទីតាំង​ជិត​ស្រះ​ទឹក​ ១ ផង ស្រាប់តែ​ឈ្មោះ​ សុខ ចាន់ បាន​​យក​ដុំថ្ម​ដែល​ត្រៀម​ទុក​រួចជាស្រេច​​មក​វាយ​ចំ​កញ្ចឹងក​របស់​ជនរងគ្រោះ​តែម្ដង​។ ប៉ុន្តែ​ដោយ​ជនរងគ្រោះ​នៅមាន​ស្មារតី​ក៏​បាន​ឈប់​ម៉ូតូ​ហើយ​​បម្រុង​តដៃ​វិញ តែ​ពេលនោះ​ខ្លួន​ក៏​ស្ទុះ​ទៅ​ចាប់ដៃ​ទាំង​ ២ ​របស់​ជនរងគ្រោះ​ក្រៀក​ទៅក្រោយ ដោយ​បើកដៃ​ឲ្យ​ឈ្មោះ​ សុខ ចាន់ វ៉ៃ​រហូត​ស្លាប់​រួច​បាន​យកលុយ​មួយចំនួន​រួមទាំង​ខ្សែក​ ១ ​ខ្សែ និង​ចិញ្ចៀនមាស​ ១ ​វង់ ហើយ​អូស​ជនរងគ្រោះ​នោះ​ទម្លាក់​ចូល​ទៅក្នុង​ស្រះ​ទឹក​បំបិទ​ភ័ស្ដុតាង ដើម្បី​បង្វែង​ដាន​សមត្ថកិច្ច​កុំ​ឲ្យ​សង្ស័យ​។ ព្រោះ​ពួកគេ​គិតថា បើ​ទុក​ឲ្យ​ជនរងគ្រោះ​​ឲ្យ​នៅ​មាន​ជីវិត គឺ​ខ្លាច​គេ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ពួកគេ​។ ប៉ុន្តែ​ ១ ​ថ្ងៃ​ក្រោយមក​រូបគេ​ (​សន ពៅ​) ​ក៏ត្រូវ​បាន​​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ភូមិ​កើតហេតុ នោះ​តែម្ដង រីឯ​ឈ្មោះ សុខ ចាន់ បាន​គេចខ្លួនបាត់​រហូត​បច្ចុប្បន្ន​។

សំណុំ​រឿងនេះ​ត្រូវ​បាន​សាលាដំបូង​ខេត្តបាត់ដំបង​ជំនុំជម្រះ ហើយ​បានប្រកាស​សាលក្រម​កាលពី​ថ្ងៃទី​ ២៩ ​ខែ​មិថុនា ឆ្នាំ​ ២០១៦ ដោយបាន​​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​​ទាំង​ ២ ក្នុង​ម្នាក់ៗ​ឲ្យ​ជាប់ពន្ធនាគារ​ ១ ​ជីវិត ក្រោម​ការចោទប្រកាន់​ពី​បទឃាតកម្ម​គិតទុក​ជាមុន​តាម​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​ឈ្មោះ សុខចាន់ ​យកមក​ដាក់​ពន្ធនាគារ​គិត​ចាប់ពី​ថ្ងៃ​ប្រកាស​សាលក្រម​នោះមក​៕