ភ្នំពេញៈ សា​លា​ឧទ្ធរណ៍​​កាល​ពី​ថ្ងៃទី ​៣​១​ ឧសភា ​បានប្រ​កាស​សាល​ដី​កា​តម្កល់​ទោស​ ២​ ឆ្នាំ​ដ​ដែល​​ដល់​ស្រ្តី​ជាប់ចោទ​ម្នាក់​ បន្ទាប់​ពី​ជំ​នុំ​ជម្រះ​កាល​ពី​ដើ​ម​​ខែ​ឧ​ស​ភា​ ពាក់​ព័ន្ធ​នឹងករណី​គប់​ស្បែក​ជើង​​លើ​ស្លាក​គណ​​បក្ស​ប្រ​ជា​ជ​​ន​កម្ពុ​ជា​ដែល​មាន​រូប​លោក​នាយក​​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​​​​ និង​​លោក​​ ហេង​ សំ​រិន​​ ប្រ​ព្រឹត្ត​កាលពី​ឆ្នាំ​ ២​០​១​៧​ នៅ​ស្រុក​​​​ព្រៃនប់​​​​​ ខេត្ត​​​​ព្រះសីហនុ។

លោក​ចៅក្រ​ម ​សំ​រិ​ទ្ធ សុ​ផល​ បា​ន​អាន​សាល​ដី​កា​​នៅ​ចំ​ពោះ​​មុខ​ជន​ជាប់​ចោទ​​ឈ្មោះ​ សំ​ សុ​ខា ថា​ សំ​​ណុំ​រឿង​នេះ​ ក្រោយ​ពី​បាន​​សួរ​ដេញ​ដោល​​ ជន​ជាប់​ចោទ​និង​ក្រោយ​ពី​បាន​ស្តាប់​ការ​សន្និដ្ឋាន​​របស់​មេ​ធា​វី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​មក​ក្រុម​ប្រឹក្សា​យល់ឃើញ​ថា ​ការ​សម្រេច​​របស់​សា​លា​ដំបូង​ខេត្ត​កំ​ពង់​ស្ពឺ​មាន​លក្ខណៈ ត្រឹម​ត្រូវ​តាម​ច្បាប់​ហើយ។​

លោក​ថា៖ ​«​ដូច្នេះ​សា​លា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាល​ក្រម​របស់​សា​លាដំបូ​ង​ខេត្ត​កំ​ពង់​ស្ពឺ​ទុក​ជា​បាន​ការ»។

យោង​តាមកំ​ណត់​ហេតុ​របស់​តុ​លាការ​​បង្ហាញ​ថា​ ​កាល​ពី​ឆ្នាំ​ ២​០​១​៧​ មាន​ការ​បង្ហោះ​វី​ដេ​អូ​មួយ​ដែល​មាន​រូប​ស្រ្តី​ជាប់​ចោទ​កំ​ពុង​ធ្វើសកម្មភាពយក​ស្បែក​ជើង​គប់​​ទៅ​​លើ​ស្លាក​គណបក្ស​ប្រជា​ជ​ន​កម្ពុជា​​នៅ​ភូមិ​អុង​ ឃុំ​​រាម​ស្រុក​ព្រៃនប់។​

បន្ទាប់​មក​ ស្រ្តី​ជាប់​ចោទ​បាន​គេច​ខ្លួន​ទៅ​ប្រទេស ​ថៃ​ ហើយ​ត្រូវ​សមត្ថ​កិច្ច​​នៃ​​ប្រទេស​ថៃ​​ចាប់​បញ្ជូន​ឲ្យ​អាជ្ញាធរ​កម្ពុជា​​វិញ​នៅ​ថ្ងៃ​ទី​ ៨​ ខែ​ កុម្ភៈ​ ឆ្នាំ ​២​០​១​៨​ ហើយត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូ​ងខេ​ត្ត​កំ​ពង់​ស្ពឺ​ជា​ខេត្ត​ដែល​ស្រី្ត​ជាប់​ចោទ​រស់នៅ។​

សំណុំ​រឿង​នេះត្រូ​វបា​នសា​លា​ដំ​បូង​ខេត្ត​កំព​ង់​ស្ពឺ​ ស​ម្រេចផ្ត​ន្ទា​​ទោស​ដាក់​ពន្ធនា​គារ​​ ២ ឆ្នាំ​ និង​ពិ​ន័យ​ជា​ប្រាក់ ៥​ លាន​រៀល​ចូល​ថវិការដ្ឋ ​កាល​ពី​ថ្ងៃ​ទី​ ២​២ ​ខែ​ មី​នា ​​ឆ្នាំ​ ២​០​១​៨ ​ ​​ដោយ​ចោទ​ប្រកាន់​​ពីបទ​ប្រ​មាថ​និង​ញុះ​ញង់​ឲ្យ​មាន​កា​ររើស​អើង​តាម​បញ្ញត្ដិ​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ។

កាល​ពី​ថ្ងៃ​ជំនុំ​ជ​ម្រះ​​នៅ​សា​លា​ឧទ្ធរ​ណ៍​ស្រ្តី​ជាប់​ចោទ​ ​សំ ​សុ​ខា​ ធ្លាប់​បាន​ថ្លែង​​ថា​៖ ​«​ខ្ញុំ​សូម​តុលា​ការ​​សម្រាល​ទោស​ដល់​ខ្ញុំ​ផង​ ព្រោះ​ពេល​ខ្ញុំ​ជាប់​ក្នុង​ពន្ធ​នា​គារ​ទើប​ខ្ញុំ​ដឹង​ថា ​ខ្ញុំ​ធ្វើ​ខុស​​។ ​ខ្ញុំ​ក៏​បាន​សូម​ទោស​សម្តេច​ ហ៊ុន​ សែន ​រួច​ហើយ​ដែរ»៕