ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីដែលបានផ្តន្ទាទោសលោក នី ចរិយា អគ្គលេខាធិការរង គជប ឱ្យជាប់ពន្ធនាគារ ៦ ខែពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ជាសាធារណៈទៅលើមន្ត្រីតុលាការខេត្តសៀមរាប ២ រូបកាលពីឆ្នាំ ២០១៥ ខណៈដែលមេធាវីនៅតែចាត់ទុកថាជារឿងអយុត្តិធម៌ហើយអ្នកវិភាគ និងអង្គការសិទ្ធិមនុស្សចាត់ទុកថាគឺជារឿងនយោបាយដែលត្រូវតែធ្វើការដោះស្រាយតាមរយៈការសម្របសម្រួលនយោបាយ។
ចៅក្រម ជំនុំជម្រះនៃសាលាឧទ្ធរណ៍លោក ប្លង់ សំណាង បានប្រកាសសាលដីកាត្រឹមតែ ៥ នាទីដោយសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីទុកជាបានការដោយពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ និងទុកសិទ្ធិឱ្យមេធាវីប្តឹងទាស់រយៈពេលមួយសប្តាហ៍។
លោក សំ សុគង់ មេធាវីការពារលោក ចរិយា បានថ្លែងជាដដែលៗថានេះជារឿងអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក។
លោកថា៖ «សេចក្តីសម្រេចនេះមិនបានផ្តល់ភាពយុត្តិធម៌ដល់កូនក្តី និងមិនអាចទទួលយកបានទេហើយមេធាវីការពារក្តីនឹងជួបពិភាក្សាជាមួយលោក នី ចរិយា ក្នុងអាទិត្យនេះដើម្បីពិភាក្សាអំពីសិទ្ធិ និងផ្លូវច្បាប់ទាក់ទង និងប្តឹងសារទុក្ខចំពោះសាលដីកានេះ»។
លោកបានគូសបញ្ជាក់ថា តុលាការទាំងពីរថ្នាក់ពុំមានភ័ស្តុតាងរឹងមាំដើម្បីដាក់បន្ទុកកូនក្តីរបស់លោកនោះទេ។ លោកថា៖ «ភ័ស្តុតាងដែលមានក្នុងសំណុំរឿងលោក នី ចរិយា ខ្ញុំយល់ឃើញថាមិនទាន់មានលក្ខណៈគ្រប់គ្រាន់ហើយមិនច្បាស់លាស់ហើយជាភ័ស្តុតាងមួយដែលមិនអាចដាក់បន្ទុកបានទេ»។
លោក ចរិយា ដែលត្រូវបានឆ្មាំពន្ធនាគារនាំទៅសាលាឧទ្ធរណ៍កាលពីម្សិលមិញបានបដិសេធធ្វើអត្ថាធិប្បាយចំពោះការសម្រេចនេះខណៈដែលមជ្ឈដ្ឋានជាច្រើនរំពឹងថាលោក ចរិយា អាចនឹងត្រូវដោះលែងនៅក្នុងខែនេះតាមរយៈការចរចាសម្របសម្រួលនយោបាយរវាងគណបក្សជាប់ឆ្នោតទាំងពីរ។
ចំណែករឿងក្តីមួយទៀតរបស់លោក ចិរយា ទាក់ទងនឹងបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីរឿងស្នេហាអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ជាមួយលោក កឹម សុខា ដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថាជារឿងនយោបាយត្រូវបានលោក សំ សុគង់ ឱ្យដឹងថាសាលាដំបូងបានបញ្ចប់ការសាកសួរហើយ។
លោកថា៖ «គឺក្រុមមេធាវីបានទទួលលិខិតជូនដំណឹងមួយពីសាលាដំបូងកាលពីថ្ងៃទី ៧ ខែធ្នូនេះទាក់ទងនឹងការបិទការស៊ើបសួរហើយចៅក្រមស៊ើបសួរនឹងបញ្ជូនរឿងនេះទៅជំនុំជម្រះក្នុងពេលឆាប់»។
អគ្គលេខាធិការរងផ្នែករដ្ឋបាល និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍លោក ទូច ថារិទ្ធិ បានឲ្យដឹងថាការសម្រេចនេះគឺផ្អែកទាំងស្រុងទៅលើភ័ស្តុតាងដែលដើមបណ្តឹងបានដាក់ទៅកាន់តុលាការនាពេលកន្លងមក។ លោកថា៖ «ភ័ស្តុតាងគឺមានភាពរឹងមាំហើយបានបង្ហាញពីចេតនារបស់ជនជាប់ចោទបរិហាកេរ្តិ៍ពិតមែន»។
មេធាវីការពារដើមបណ្តឹងលោក ឥន្ទ យឿន ថ្លែងថា៖ «ការសម្រេចនេះជាឆន្ទានុសិទ្ធិរបស់តុលាការផុតសមត្ថកិច្ចរបស់មេធាវីតែយើងគាំទ្រសេចក្តីសម្រេចនោះ»។
អ្នកវិភាគនយោបាយលោក អ៊ូ វីរៈ ដែលតាមដានព្រឹត្តិការណ៍នេះយល់ឃើញថាទាល់តែមានការសម្រុះសម្រួលនយោបាយទើបអ្នកជាប់ឃុំទាំងនោះមានសេរីភាពវិញ។
លោកថា៖ «ខ្ញុំមើលទៅស្ថានភាពនយោបាយធូរស្រាលគ្រាន់បើហើយអ៊ីចឹងខ្ញុំនៅតែសង្ឃឹមថាពួកគាត់នឹងត្រូវបានដោះលែងមុនឆ្នាំ ២០១៧...ចំណែករឿងពាក់ព័ន្ធនឹងលោក កឹម សុខា គឺជារឿងនយោបាយទាំងស្រុង»។
កាលពីថ្ងៃទី ២៣ ខែកញ្ញាសាលាដំបូងរាជធានីបានសម្រេចផ្តន្ទាទោសលោក នី ចរិយា ដាក់ពន្ធនាគារពេល ៦ ខែ និងពិន័យជាប្រាក់ ៦ លានរៀលចូលថវិការដ្ឋពីបទបរិហារកេរ្តិ៍ជាសាធារណៈ មួលបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើយុត្តាធិការរបស់តុលាការតាមបណ្តឹងរបស់មន្ត្រីតុលាការខេត្តសៀមរាបពីររូបបន្ទាប់ពីលោក នី ចរិយា ចោទថាមន្ត្រីតុលាការទាំងនោះបានឃុំខ្លួនពលរដ្ឋពីររូបក្នុងរឿងជម្លោះដីធ្លីខុសនីតិវិធីច្បាប់។
លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក។
លោក Phil Robertson នាយករងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ីបានចាត់ទុកការតម្កល់សាលក្រមរបស់លោក ចរិយា នេះថា ជាសញ្ញាមួយដែលបង្ហាញថានេះជាការសម្រេចដោយស្វ័យប្រវត្តិដោយគ្មានការពិចារណាឲ្យបានត្រឹមត្រូវនោះទេហើយធ្វើដោយគ្មានហេតុផលអ្វីទាំងអស់រួមបញ្ចូលទាំងការបដិសេធនេះផងដែរ ដែលវាគ្រាន់តែចំណាយពេលប៉ុន្មាននាទីប៉ុណ្ណោះដើម្បីសម្រេចដែលការសម្រេចនេះប្រហែលជាត្រូវបានធ្វើឡើងចាប់តាំងពីមុនករណីចោទប្រកាន់នេះទៅដល់ដៃតុលាការម្ល៉េះ។
លោក Phil Robertson បានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញភ្លាមៗបន្ទាប់ពីសាលាឧទ្ធរណ៍បានប្រកាសសាលដីកាថា៖ «ស្ថានភាពប្រព័ន្ធយុត្តិធម៌កម្ពុជាគឺអាក្រក់ខ្លាំងណាស់ជាពិសេសនៅក្នុងករណីនយោបាយដូចរឿងមួយនេះហើយតុលាការហាក់មិនបានបង្ហាញពីឯករាជភាពរបស់ខ្លួនពីរដ្ឋាភិបាលនោះទេ។ កាន់តែច្បាស់ទៀតនោះសម្រាប់សកម្មជនដូចជាលោក នី ចរិយា គឺប្រព័ន្ធយុត្តិធម៌គ្មានអ្វីច្រើនជាងការអូសបន្លាយបន្តឃុំខ្លួននៅពន្ធនាគារនោះទេហើយមេដឹកនាំនយោបាយរបស់កម្ពុជាបានសម្រេចរួចហើយដើម្បីរៀបចំសម្រាប់គាត់»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានប្រកាសថាខ្លួនប្រឆាំងគ្រប់ទម្រង់ទាំងអស់នៃបទបរិហាកេរ្តិ៍ហើយបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគួរលុបចោលបទបរិហារកេរ្តិ៍នេះដោយសារតែជាគោលការណ៍គឺគ្មាននរណាម្នាក់គួរត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារដោយសារតែការសម្តែងមតិរបស់ខ្លួននោះទេ៕ NS