ភ្នំពេញៈ ​បណ្តឹង​ទាស់​របស់​អ្នក​បឹងកក់​ពាក់ព័ន្ធ​ការវាយដំ​របស់​មន្ត្រី​ខណ្ឌ​ដូនពេញ​កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​ ២០១៣ ​នៅ​រមណីយដ្ឋាន​វត្តភ្នំ​ត្រូវ​បាន​សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​​បដិសេធ​កាលពី​ម្សិលមិញ​ និង​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​។

បន្ទាប់ពី​ស្តាប់​ការប្រកាស​សាលដីកា​ជា​អសាធារណៈ​លោក​យាយ ង៉ែត ឃុន អាយុ​ ៧៨ ​ឆ្នាំ និង អ្នកស្រី ផាន់ ឈុនរ៉េត អាយុ​ ៦០ ​ឆ្នាំ​បាន​ប្រាប់​នៅ​ក្រៅ​បន្ទប់​សវនាការ​ថា សំណុំ​រឿង​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​លោក​ចៅក្រម ធូ មុន្នី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​។

លោក​យាយ​ថ្លែង​ថា ចៅក្រម​ប្រាប់​គាត់​ថា​៖ «​សំណុំ​រឿង​នេះ​សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ដដែល ព្រោះ​តុលាការ​យល់​ថា ក្នុង​ពាក្យបណ្តឹង​របស់​ដើមបណ្តឹង​មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ចុង​ចម្លើយ​ឲ្យ​បាន​ច្បាស់លាស់​ទេ​»​។

ទោះ​យ៉ាង​ណា​លោកយាយ ង៉ែត ឃុន ហៅ​ ម៉ាមី ដែល​គេ​បាញ់​ត្រូវ​ ១ ​គ្រាប់​ចម្ពាម​ចំ​ដើម​ទ្រូង​បាន​និយាយ​ថា ពួកគាត់​មាន​រូបថត​បង្ហាញ​ដល់​តុលាការ​ពី​សកម្មភាព​របស់​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ​ដែល​បង្ក្រាប​មក​លើ​ក្រុម​អតីត​អ្នក​បឹងកក់ ប៉ុន្តែ​បែរ​ជា​ចៅក្រម​ថា ពួកគាត់​គ្រាន់​តែ​ថតរូប​មនុស្ស​ទាំង​នោះ ហើយ​មិន​ស្គាល់​ឈ្មោះ​ទៀត ដូច្នេះ​មិន​អាច​យក​ជា​ការ​បាន​ទេ​។

ការបើក​សវនាការ​ជំនុំជម្រះ​ជា​អសាធារណៈ​ពី​ល្ងាច​ម្សិលមិញ​ប្រមាណ​ជា​កន្លះ​ម៉ោង​នោះ​គឺ​មាន​សមាសភាព​លោក ធូ មុន្នី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​ចៅក្រម ភូ ពៅស៊ុន និង​លោក​ចៅក្រម ងួន អ៊ីម​។ រីឯ​តំណាង​មហាអយ្យការ​គឺ​លោកស្រី​ព្រះរាជអាជ្ញា គឹម កល្យាណ និង​មាន​មេធាវី​ការពារ​ក្តី​គឺ​លោក លី សុចិត្រា​។

បើ​តាម​លោកយាយ ង៉ែត ឃុន បាន​ប្រាប់​ថា នៅ​យប់​ថ្ងៃទី​ ២២ ខែ​កញ្ញា ឆ្នាំ​ ២០១៣ ពួកគាត់​ជា​អ្នក​បឹងកក់​ប្រហែល​ជាង​ ១០ ​នាក់​បាន​នាំ​គ្នា​ទៅ​រមណីយដ្ឋាន​វត្តភ្នំ​ដើម្បី​ធ្វើ​ពិធី​សមាធិ​បំណង​បង្ហាញ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា និង​ឲ្យ​ដោះស្រាយ​ទំនាស់​ដី​បឹងកក់​។

លោកយាយ ង៉ែត ឃុន ពេល​តវ៉ា​កាលពី​កន្លង​ទៅ​។ផា លីណា

លោកយាយ​បន្ត​ថា​នៅ​ពេល​នោះ​ស្រាប់តែ​មាន​ការ​ដាច់​ភ្លើង​អគ្គិសនី​នៅ​ម្តុំ​វត្តភ្នំ​ហើយ​មួយ​សន្ទុះ​ក្រោយមក​ក៏​មាន​មនុសុ្ស​ដែល​លោកយាយ​គិត​ថា ជា​កងសន្តិសុខ​ខណ្ឌ​ដូនពេញ​សម្រុក​មក​វាយ និង​បាញ់​ចម្ពាម​ដាក់​ពួកគាត់​បណ្តាល​ឲ្យ​មាន​របួស​ជាច្រើន​នាក់​ផង​។

បន្ទាប់ពី​កើត​ហេតុ​នេះ​ក្រុម​អ្នក​បឹងកក់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​ប្តឹង​លោក សុខ ពេញវុធ ជា​អភិបាលរង​ខណ្ឌ​ដូនពេញ​, លោក គឹម រដ្ឋា ជា​ប្រធាន​សន្តិសុខ​ខណ្ឌដូនពេញ​, លោក​សៅ ណល់ ជា​អធិការរង​ខណ្ឌ និង​អ្នកស្រី សុខ ជាតា ជា​មន្ត្រី​សាលាខណ្ឌ​ដូនពេញ​ពី​បទ​បង្ក​របួសស្នាម និង​ទាមទារ​សំណង​ជាង​ ១០ ​លាន​រៀល​។

សំណុំ​រឿង​នេះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​លើកលែង​ការចោទប្រកាន់​នៅ​ថ្ងៃទី​ ៣១ ខែ​កក្កដា ឆ្នាំ​ ២០១៧ ដោយ​សំអាង​ថា​ក្នុង​ពាក្យបណ្តឹង​នោះ​មិន​បាន​កំណត់​អត្តសញ្ញាណ​មនុស្ស​ច្បាស់លាស់​៕