ភ្នំពេញៈ សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍​កាល​ពី​ម្សិលមិញ​បដិសេធ​​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់ ​គង់​ រ៉ៃ​យ៉ា​ និង ​សួង​ នាគព័ន្ធ​ បន្ទាប់​ពី​បើក​សវនាការ​កំបាំង​មុខ​ជន​ត្រូវ​ចោទ ​ខណៈ​មេធាវី​ការពារ​ក្ដី​សុំ​ពន្យារពេល​ដោយ​អះអាង​ថា​ ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​កូន​ក្ដី​។

លោក ​សំ​ សុគង់​ មេធាវី​ការពារ​ជន​ត្រូវ​ចោទ​ទាំង ​២​ បាន​ថ្លែង​ពី​ម្សិលមិញ​ថា ​សវនាការ​នេះ ​ដឹកនាំ​ដោយ​លោក​ចៅក្រម ឃុន​ លាងម៉េង ​ដោយ​ជំនុំ​ជម្រះ​លើ​បណ្ដឹង​​សុំ​នៅ​ក្រៅ​ឃុំ​របស់​ គង់​ រ៉ៃយ៉ា និង​ សួង​ នាគព័ន្ធ ប៉ុន្តែ​បាន​សម្រេច​បដិសេធ​ការ​ស្នើសុំ​នោះ​។

លោក ​សំ​ សុគង់ ​បាន​ថ្លែង​ក្រោយ​សវនាការ​​ថា៖ «សាលា​ឧទ្ធរណ៍​សម្រេច​ទី​១​ គឺ​តម្កល់​ដីកា​សម្រេច​មិន​ព្រម​ដោះលែង​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ ហើយ​សម្រេច​បន្ត​ឃុំ​ខ្លួន ​គង់ ​រ៉ៃយ៉ា និង ​សួង នាគព័ន្ធ​ ក្នុង​ពន្ធនាគារ​បន្ត​ទៀត ហើយ​នឹង​ទុក​សិទ្ធិ​ប្ដឹង​សារ​ទុក្ខ​តាម​កំណត់​ច្បាប់​»។

គង់ រ៉ៃយ៉ា ត្រូវ​បាន​ឃុំ​ខ្លួន​​នៅ​ថ្ងៃទី ១១ ខែ ​កក្កដា ក្រោម​បទ​ចោទ ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» ​ពាក់ព័ន្ធ​នឹង​ការ​អំពាវនាវ​លក់​អាវ​យឺត​មាន​រូប ​និង​ទ្រឹស្តី​របស់​លោក​ កែម ឡី នៅ​មុន​ថ្ងៃ​គម្រប់​ខួប ​៣ ​ឆ្នាំ ​នៃ​ឃាតកម្ម​លើ​លោក កែម ឡី ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃទី ១០ កក្កដា ២០១៦ នៅ​ហាង​ស្ដារម៉ាត​នៃ​ស្ថានីយ​ប្រេង​កាល់តិច​ស្ដុប​បូកគោ​ រាជធានី​ភ្នំពេញ​​។ ​ចំណែក​ សួង ​នាគព័ន្ធ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ថ្ងៃទី ​១២ ខែ កក្កដា​ ក្រោម​បទ​ចោទ​ដូច​គ្នា​។

លោក​ សំ​ សុគង់ បាន​បន្ថែម​ថា ​សវនាការ​នេះ​​បាន​ធ្វើ​ឡើង​ដោយ​កំបាំង​មុខ​ជន​ត្រូវ​ចោទ​ ដោយ​តុលាការ​​លើក​ហេតុផល​ថា ដោយសារ​កំហុស​ខាង​​ពន្ធនាគារ​មិន​បាន​ដឹក​ជន​ត្រូវ​ចោទ​មក​​ចូលរួម​សវនាការ ប៉ុន្តែ​តុលាការ​បាន​ចេញ​ដីកា​កោះ​តាម​នីតិវិធី​ច្បាប់​រួច​ហើយ។​

លោក​បាន​ថ្លែង​ថា មេធាវី​ការពារ​បាន​ស្នើសុំ​ឲ្យ​តុលាការ​រង់ចាំ​វត្តមាន​ជន​ត្រូវ​ចោទ​ទាំង ​២ ​រូប ហើយ​ស្នើសុំ​ឲ្យ​ពន្យារពេល​សវនាការ ប៉ុន្តែ​តុលាការ​បដិសេធ ​និង​បាន​បន្ត​នីតិវិធី​រហូត​ដល់​ចប់​ និង​ចេញ​សេចក្ដី​សម្រេច​បដិសេធ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ។

ការ​បន្ត​សវនាការ​ដោយ​គ្មាន​វត្តមាន​ជន​ត្រូវ​ចោទ ត្រូវ​បាន​លោក​មេធាវី​​រូប​នេះ​លើក​ឡើង​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជន​ត្រូវ​ចោទ​ ហើយ​ថា​ជា​ការ​ខុស​នឹង​នីតិវិធី។ លោក​ សំ សុ​គង់ ថ្លែង​ថា៖​ «អវត្តមាន​ជន​ត្រូវ​ចោទ​ក្នុង​ពេល​សវនាការ​ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ជន​ត្រូវ​ចោទ​ដែល​ត្រូវ​នាំ​មក​កាត់​ក្ដី​នៅ​ចំពោះ​មុខ​តុលាការ​មាន​សមត្ថកិច្ច​ ក៏​ដូច​ជា​នៅ​ក្នុង​សវនាការ​របស់​ខ្លួន»។

លោក​ថា គង់ រ៉ៃយ៉ា និង​ សួង ​នាគព័ន្ធ​ មាន​បំណង​ចូលរួម​ក្នុង​សវនាការ​ដើម្បី​លើក​ភ័ស្តុតាង​ និង​អង្គហេតុ​​នានា​ក្នុង​ការ​ស្នើសុំ​ប្រាប់​ដល់​សាលា​ឧទ្ធរណ៍។ លោក​បន្ត​ថា ​លោក​នឹង​​ទៅ​ជួប​កូន​ក្ដី ​ទាំង ២ នាក់ នៅ​ពន្ធនាគារ​ព្រៃ​ស​ពេល​រសៀល​ម្សិលមិញ ដើម្បី​រៀបចំ​ពាក្យ​បណ្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ដើម្បី​ដោះ​បន្ទុក​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ដាក់​លើ​កូន​ក្ដី​លោក​។

ពាក់ព័ន្ធ​នឹង​អវត្តមាន​របស់​ជន​ត្រូវ​ចោទ​ទាំង ​២ នេះ លោក នុត សវនា អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ពន្ធនា​គារ​ព្រៃ​ស ឬ​ម១ មិន​បាន​ទទួល​​ដីកា​កោះ​ហៅ​ឲ្យ​នាំ​ជន​ត្រូវ​ចោទ​ទៅ​តុលាការ​ទេ។

ប៉ុន្តែ​លោក​ ទូច ថារិទ្ធិ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​បាន​ថ្លែង​ថា តុលាការ​បាន​ចេញ​ដីកា​កោះ​រួច​ហើយ​ ប៉ុន្តែ​ថា​តើ​ដីកា​កោះ​នោះ​បាន​ទៅ​ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ គឺ​មុខ​ការ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​។

លោក​ថ្លែង​ថា៖ «ដីកា​កោះ​ខាង​ខ្ញុំ​បាន​ចេញ​ហើយ ខាង​ចៅ​ក្រម​គាត់​បញ្ជូន​ទៅ​ព្រះ​រាជ​អាជ្ញា ព្រះ​រាជអាជ្ញា​ចេញ​ដីកា​កោះ​អញ្ជើញ​ទៅ​តាម​នីតិវិធី។ រាល់​ចំណាត់​ការ​នៃ​សវនាការ​ទាំង​អស់​មិន​អាច​កាត់​ដោយ​​គ្មាន​ដីកា​កោះ​ទេ»។

ទោះ​យ៉ាង​ណា លោក​ថ្លែង​ថា បើ​ទោះបី​ជា​អវត្តមាន​ជន​ត្រូវ​ចោទ​ក្ដី ក៏​មិនមាន​អ្វី​ប៉ះពាល់​ដល់​នីតិវិធី​ដែរ ដោយសារ​ជន​ត្រូវ​ចោទ​មាន​មេធាវី​តំណាង​ចូលរួម​ក្នុង​សវនាការ​ហើយ ដើម្បី​ឆ្លើយ​ដោះ​បន្ទុក​ចំពោះ​មុខ​ចៅ​ក្រម៕