ភ្នំពេញៈ សាលាឧទ្ធរណ៍​ពី​ម្សិលមិញ​បានប្រកាស​សាលដីកា​បន្ថយទោស​ដល់​អតីតសកម្មជន​នៃ​អតីត​បក្ស​សង្គ្រោះជាតិ​ម្នាក់​ពី​ ១ ​ឆ្នាំកន្លះ​មក​អនុវត្ត​ទោស​ត្រឹម​ ៨ ​ខែ​វិញ បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១៣ មករា​ពាក់ព័ន្ធ​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ឧក្រិដ្ឋ​ជាអាទិ៍​។

លោកស្រី ចៅក្រម ចាន់ ម៉ាឌីណា ថ្លែង​ពេល​អាន​សាលដីកា​​កំបាំង​មុខ​ជនជាប់ចោទ ឈ្មោះ ម៉ៃ ហុងស្រៀង តែ​ចំពោះមុខ​មេធាវី​ការពារ​សិទ្ធិ​ថា ការបន្ថយ​ទោស​នេះ មក​ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ឃើញ​ថា ជន​ជាប់ចោទ​បាន​ទទួល​កំហុស និង​សុំ​បន្ថយទោស ហើយ​ដោយសារ​គាត់​មាន​ជំងឺ​។

លោកស្រី​ចៅក្រម​បញ្ជាក់​ថា​៖ «​អាស្រ័យ​ដោយ​ជនជាប់ចោទ​មាន​ជំងឺ និង​សន្យាថា​ពេល​ចេញពី​ពន្ធនាគារ​មិន​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​សង្គមជាតិ​។ ​ដូច្នេះ​តុលាការ​សម្រេច​បន្ថយទោស​ ១០ ​ខែ​ដល់​ជនជាប់ចោទ​»​។

លោក កែត ឃី មេធាវី ការពារ​សិទ្ធិ​ឲ្យ​លោក ម៉ៃ ហុង ស្រៀង ប្រាប់​តាម​ទូរស័ព្ទ​ថា ការដែល​សាលាឧទ្ធរណ៍​បន្ថយទោស​ពី​ ១៨ ​ខែ​មករា​ នៅត្រឹម​ ៨ ​ខែ​ដល់​​កូនក្ដី​លោក​នេះ​គឺ​ធ្វើឲ្យ​លោក​ និង​កូនក្តី​សប្បាយចិត្ត​។ លោក​ថា កូនក្តី​របស់​លោក​ទទួល​ស្គាល់​កំហុស និង​មាន​ការសន្យា​ឈប់​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​សង្គមជាតិ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ត្រេកអរ​ចំពោះ ការបន្ថយ​ទោស​នេះ​»​។

លោក ម៉ៃ ហុងស្រៀង អាយុ ៣៨ ​ឆ្នាំ​ ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពាក់ព័ន្ធ​ការ​បង្ហោះ​សារ​រិះគន់​រាជរដ្ឋាភិបាល​ក្នុង​ខែ​ឧសភា​ឆ្នាំ​មុន ប្រព្រឹត្ត​នៅ​ខេត្ត​ព្រះសីហនុ ហើយ​ត្រូវបាន​ចាប់ខ្លួន​នៅ​ភ្នំពេញ​ បន្ទាប់ពី​គាត់​គេចខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​។ ​ប៉ុន្តែ​លោក​​ថា គ្រាន់តែ​ចែកចាយ​បន្ដ​ទេ​។

លោក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី​ ១០ ខែ​តុលា ​ឆ្នាំ​មុន​ឲ្យ​ជាប់ពន្ធនាគារ​ ១ ​ឆ្នាំ​​កន្លះ​តាម​មាត្រា​ ៤៩៤ និង​ ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​ដោយ​ចោទ​ពី​បទញុះញង់​ឲ្យ​មាន​អំពើ​ឧក្រិដ្ឋ​ជាអាទិ៍​៕