ភ្នំពេញៈ សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​កំបាំងមុខ​ដោយ​បន្ធូរ​បន្ថយទោស​ ២ ​ឆ្នាំ​គឺ​ពី​ ៧ ​ឆ្នាំ​មក​នៅត្រឹម​ ៥ ​ឆ្នាំ​ដល់​ស្ត្រី​ជាប់ចោទ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ដែល​មាន​កូនតូច​ម្នាក់​កំពុង​ជាប់ឃុំ​ជាមួយ​នាង នៅក្នុង​ពន្ធនាគារ បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ៥ ខែតុលា​។

នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​លោក​ចៅក្រម ញូង ធុល បាន​អាន​សាលដីកា​កំបាំង​មុខ​ស្ត្រី​ជាប់​ចោទ​ថា សំណុំ​រឿងនេះ​មាន​ស្ត្រី​ជាប់ចោទ​ឈ្មោះ​ លឹម មួងពេជ្រម៉ាលីកា អាយុ​ ២១ ​ឆ្នាំ​ (២០១៨)​។ ដោយសារ​តែ​អវត្តមាន​ស្ត្រី​ជាប់ចោទ​តុលាការ​មិនអាន​សំអាង​ហេតុ​ ឬ​លើក​ពី​មូលហេតុ​នៃ​ការសម្រេច​សេចក្តី​ទេ គឺ​គ្រាន់តែ​អាន​ពី​ការវិនិច្ឆ័យ​សេចក្តី​តែប៉ុណ្ណោះ​។

«​ស្ត្រី​ជាប់ចោទ​ លឹម មួងពេជ្រម៉ាលីកា ​ក្រោយពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​វិនិច្ឆ័យ​សេចក្តី​មក​គឺ​បានសម្រេច​បន្ថយទោស​ឱ្យ​ ២ ​ឆ្នាំ និង​បង្គាប់​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ ៥ ​ឆ្នាំ​វិញ ដោយ​គិតពី​ថ្ងៃ​ឃុំ​ខ្លួន​មក​។ តែបើ​ស្ត្រី​ជាប់ចោទ​មិន​សុខ​ចិត្តនឹង​សេចក្តី​សម្រេច​នេះ តុលាការ​ទុក​សិទ្ធិ​ ១ ​ខែ​ប្តឹង​សារទុក្ខ​ទៀត​បាន​»​។

គួររំឭ​កថា កាលពី​ថ្ងៃទី​ ៥ ​តុលា​ដែល​ជា​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះ​នោះ ស្ត្រី​ជាប់ចោទ​បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ក្នុង​បន្ទប់​សវនាការ​ថា ករណី​នេះ​នាង​ពិតជា​បាន​ជួញដូរ​គ្រឿងញៀន ដូច​ការចោទប្រកាន់​របស់​តុលាការ​ពិតប្រាកដ​មែន​។ ប៉ុន្តែ​ដោយសារ​នាង​មាន​កូនប្រុស​តូច​ម្នាក់​ទើប​អាយុ​បាន​ ១ ​ឆ្នាំ​ ១០ ​ខែ រស់នៅ​ជាមួយ​ក្នុង​ពន្ធនាគារ​ធ្វើឱ្យ​នាង​ជួប​បញ្ហា​ក្នុង​ការចិញ្ចឹម​ថែទាំ​កូន​។

ដូច្នេះ​នាង​ស្នើសុំ​ដល់​តុលាការ ជួយ​បន្ថយទោស​ខ្លះ​ដល់​នាង​។ «​កាលនោះ​ដោយសារ​ជីវភាព​ក្នុង​គ្រួសារ​ខ្ញុំ​លំបាក​ពេក ទើប​ខ្ញុំ​សម្រេចចិត្ត​ទិញ​ថ្នាំញៀន​លក់​ដើម្បី​បាន​លុយ​ផ្គត់ផ្គង់​គ្រួសារ​។ ឥឡូវ​ខ្ញុំ​សុខចិត្ត​ទទួល​ទោស​ហើយ​តែ​សុំ​តុលាការ បន្ធូរ​បន្ថយទោស​ដល់​ខ្ញុំ​»​។

តាម​កំណត់ហេតុ​របស់​សាលាឧទ្ធរណ៍​បង្ហាញថា កាលពី​វេលា​ម៉ោង​ជាង​ ៨ ​យប់ ថ្ងៃទី​ ២៦ ​ខែ​ ​ធ្នូ​ ឆ្នាំ ២០១៨ ​នៅ​ចំណុច​បណ្តោយ​ផ្លូវលំ​ក្នុង​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ នគរបាល​ការិយាល័យ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​ស្ត្រី​ជាប់ចោទ​នៅពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ដោយ​រឹបអូស​គ្រឿងញៀន​មេតំហ្វេតាមីន​បាន​ចំនួន​ជាង​ ១០៥ ​ក្រាម​។

ស្ត្រី​ជាប់ចោទ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា គ្រឿងញៀន​ជាង ១០៥ ​ក្រាម​នេះ​គឺ​នាង​បាន​ទិញ​ពី​បុរស​ម្នាក់​តម្លៃ​ ១ ២០០ ​ដុល្លារ​ បំណង​យក​ទៅ​រំលែក​លក់​បន្ត តែ​មិនទាន់​បាន​យក​ទៅ​ដល់ផ្ទះ​ផង ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​។

សំណុំ​រឿងនេះ​ត្រូវ​សាលាដំបូង​រាជធានី​កាលពី​ថ្ងៃទី​ ៣ ខែ កញ្ញា​ ឆ្នាំ​ ២០១៨ ផ្តន្ទាទោស​ស្ត្រី​ជាប់ចោទ​ដាក់​ពន្ធនាគារ​ ៧ ​ឆ្នាំ​ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​តាម​បញ្ញត្តិ​មាត្រា​ ៤០ ​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​៕