ភ្នំពេញៈ ​សាលាឧទ្ធរណ៍​កាលពី​រសៀល​ថ្ងៃ​អង្គារ​បាន​បើក​សវនាការ​ជា​សាធារណៈ ករណី​បណ្តឹងទាស់​របស់​គ្រូបង្រៀន​ចំនួន ១១ ​នាក់​ ​ដែល​ប្តឹង​ក្រសួង​អប់រំ​ពាក់ព័ន្ធ​ការ​លុបឈ្មោះ​បណ្តេញ​ពួកគេ​ចេញ​ពី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ​ហើយ​សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ១១ ​មីនា​។

លោក ជូង ជូងី ដែលជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​គ្រូបង្រៀន​ទាំង​ ១១ ​រូប​នោះបាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា លោក​បាន​ចូលរួម​ជំនុំជម្រះ​ក្នុង​សំណុំ​រឿងនេះ ប៉ុន្តែ​លោក​ «​សុំ​មិន​និយាយ​ទេ​ដោយសារ​ថា ខ្ញុំ​អស់កម្លាំង​ពី​ការជំនុំជម្រះ​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​ពី​លោក ទូច ថារិទ្ធ អ្នកនាំពាក្យ​សាលា​ឧទ្ធរណ៍​បានទេ​។

ទោះយ៉ាងណា​បើ​តាម​សាលដីកា​ ១ ​ច្បាប់​ដែលមាន​សំណុំរឿង​ក្តី​លេខ​ ៤៣៦ ចុះ​ថ្ងៃទី​ ១ ​ខែ​ សីហា ឆ្នាំ​ ២០១៩ បង្ហាញថា អង្គសវនាការ​លើ​សំណុំ​រឿង​គ្រូបង្រៀន​ ១១ ​រូបនេះ​ មាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​ចៅក្រម យូ ប៊ុនណា​។

ចំពោះ​ខ្លឹមសារ​នៅក្នុង​អង្គសវនាការ​នេះ​ត្រូវបាន​លោក រ៉ុង ឈុន គ្រូបង្រៀន​ម្នាក់​ក្នុង​ចំណោម​គ្រូបង្រៀន​ ១១ ​នាក់​ ​ដែល​បានដាក់​ពាក្យ​ប្តឹង ហើយ​ដែល​បាន​ចូលរួម​សវនាការ​បាន​ឲ្យ​ដឹងថា នៅក្នុង​អង្គ​សវនាការ​នោះ​គឺ​លោក​មេធាវី ជូង ជូងី បាន​សន្និដ្ឋានថា ការ​លុបឈ្មោះ​គ្រូបង្រៀន​ទាំង​ ១១ ​រូប និង​ការអះអាង​របស់​មេធាវី​តំណាង​ឲ្យ​ក្រសួង​អប់រំ​នោះ​វា​ជា​ការរំលោភបំពាន​ច្បាប់​សហលក្ខន្តិកៈ​របស់​មន្ត្រីរាជការ​ដោយ​មិនបាន​អនុវត្ត​ទៅ​តាម​សហលក្ខន្តិកៈ​របស់​មន្ត្រី​រាជការ​ទេ​។

លោក រ៉ុង ឈុន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សហជីព​សហភាព​កម្ពុជា បាន​បញ្ជាក់​ពី​សម្តី​លើកឡើង​របស់​មេធាវី​ ជូង ជូងី ក្នុង​សវនាការ​ថា​៖ «​ការធ្វើ​មកលើ​ក្រុម​គ្រូបង្រៀន​ដូច្នេះ​វា​ជា​ការខុស​ធ្ងន់ធ្ងរ​ណាស់​»​។

លោក រ៉ុង ឈុន បាន​ថ្លែងថា មូលហេតុ​ដែល​ក្រុម​គ្រូបង្រៀន​ប្តឹង​នេះ ដោយសារ​លោកគ្រូ​ទាំង​ ១១ ​រូប​ មិន​សុខចិត្ត​នឹង​ការលុប​ឈ្មោះ​របស់​ក្រសួង​អប់រំ ព្រោះ​លោកគ្រូ​ទាំង ១១ ​រូប​ យល់ថា​ការ​លុបឈ្មោះ​នោះ​វា​ជា​រឿង​អយុត្តិធម៌​ហើយ​លោក​ប្តឹង​ទាមទារ​ឲ្យ​តុលាការ​ទាត់ចោល​នូវ​ប្រកាស​របស់​ក្រសួង​អប់រំ​ចេញ​ហើយ​ទី​ ២ ​គឺ​សូម​ឲ្យ​តុលាការ ត្រូវ​តែ​ផ្តល់​ក្របខ័ណ្ឌ​អប់រំ​ឲ្យ​ដល់​គ្រូបង្រៀន​ទាំង​ ១១ ​រូប​វិញ​។

លោក​ រ៉ុង ឈុន លើកឡើង​ថា​អ្វី​ដែល​ក្រុម​លោកគ្រូ​ទាំង ១១ រូប​ យល់​ថា​វា​មាន​ភាពអយុត្តិធម៌​នោះ​ត្រង់​ថា​ក្រសួង​អប់រំ​ប្រកាស​លុបឈ្មោះ​ពួកលោក​នោះ គឺ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ហើយ​ចំពោះ​ការចោទប្រកាន់​មក​លើ​ក្រុម​គ្រូបង្រៀន​ទៀតសោត​គឺថា ក្រុម​លោកគ្រូ​ទាំង ១១ ​រូប​អវត្តមាន​គ្មាន​ច្បាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​ដល់​ថ្ងៃ​ចូលធ្វើការ​ផង មក​ចោទ​ខ្ញុំ​ថា អវត្តមាន គ្មាន​ច្បាប់ ហើយ​ចោទ​លោកគ្រូ​ផ្សេង​ទៀត​ថា បោះបង់​ការងារ តែ​ពួកគាត់​ទាំងអស់​បាន​ដាក់​ពាក្យសុំ​បម្រើ​ការងារ​វិញ​ហើយ​ហ្នឹង​»​។

លោក​បន្តថា ក្រសួង​អប់រំ​មិន​បាន​អនុវត្ត​ទៅតាម​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​ត្រង់​មាត្រា ៤០ ដែល​និយាយ​អំពី​ទណ្ឌកម្ម​ថ្នាក់​ទី​ ១ ​និង​ទី​ ២ ​នោះ​ទេ​។ មុននឹង​លុបឈ្មោះ​មន្ត្រីរាជការ​ណា​ម្នាក់​ត្រូវអនុវត្ត​នូវ​មាត្រា ៤០ ​ដែល​អាច​ហៅ​ទៅ​ស្តីបន្ទោស ឬ​ហៅ​ណែនាំ​ម្តង​ ឬ​ ២ ​ដង បើសិន​ជា​មន្ត្រី​នោះ​មិន​ធ្វើការ​កែលម្អ​ខ្លួន​ទៅ​តាម​ការណែនាំ​ទេ ទើប​បាន​សម្រេច​លុបឈ្មោះ​ចោល​។

លោក​បញ្ជាក់ថា ប៉ុន្តែ​ក្រសួង​អប់រំ​មិន​បាន​បង្កើត​គណៈកម្មការ​វិន័យ​ដើម្បី​អប់រំ​អ្វី​ទាំងអស់ ហើយ​ក៏​ស្រាប់តែ​នឹកឃើញ​លុបឈ្មោះ​ពួកលោក​​តែម្តង ដែល​នេះ​វា​ជា​រឿង​មួយ​អយុត្តិធម៌​ណាស់​។

លោក​បាន​លើកឡើង​ថា​៖ «​ការ​លុបឈ្មោះ​មន្ត្រីរាជការ​មិនមែន​ចេះតែ​នឹកឃើញ​លុបៗ​ទេ ព្រោះ​លោកគ្រូ​ខ្លះ​ (​ពី​សម័យ​សង្គ្រាម​) ​ធ្លាប់ដៃ​កាន់​កាំភ្លើង​បណ្តើរ​បង្រៀន​សិស្ស​បណ្តើរ ដូចជា​លោកគ្រូ​នៅ​ខេត្ត​សៀមរាប​ក្តី​»​។

លោក​ រ៉ុង ឈុន រៀបរាប់​ទៀតថា ក្រុម​លោកគ្រូ​ទាំង​ ១១ ​រូបនោះ​​ បាន​ដាក់​ពាក្យ​ព្យួរ​ឈ្មោះ​ទៅ​បម្រើ​ការងារ​ផ្សេង​ហើយ​កាលណោះ ក្រសួង​អប់រំ​ក៏​បាន​អនុញ្ញាត​ឲ្យ​ដែរ​ហើយ​ក្រសួង​អប់រំ​បាន​ចែងថា បើ​បុគ្គលិក​បញ្ចប់​ការងារ​ពី​អង្គភាព​ថ្មី​ត្រូវ​មក​ដាក់ពាក្យ​សុំចូល​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ​។ អ៊ីចឹង​នៅពេល​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​នោះ ពួកគាត់​បាន​នាំគ្នា​ទៅ​ដាក់ពាក្យ​ដើម្បី​ចូល​បម្រើ​ការងារ​នៅ​អង្គភាព​ពួកគាត់​វិញ​អស់ហើយ​ដែរ​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​បញ្ជាក់​ប្រាប់​ពី​ម្សិលមិញ​ថា ពាក់ព័ន្ធ​នឹង​ការ​លុបឈ្មោះ​បុគ្គលិក​សិក្សា​ចំនួន ១១ ​រូបនោះ​គឺ​ក្រសួង​អប់រំ​បាន​អនុវត្ត​នីតិវិធី​ត្រឹមត្រូវ​ស្រប​តាម​គោលការណ៍​ច្បាប់​ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ហើយ​ក្រសួង​សូម​រក្សា​ខ្លឹមសារ​តាម​លិខិត​លេខ​ ១៥២១ អ.យ.រ.ប ចុះ​ថ្ងៃទី​ ១៦ ខែ​ មីនា ឆ្នាំ​ ២០១៨ របស់​ក្រសួង​អប់រំ​ដដែល​។

លោក​ថ្លែងថា​៖ «​ឆ្លើយតប​តាម​នីតិវិធី​ដែល​កំពុង​អនុវត្ត​តាមផ្លូវ​តុលាការ​គឺ​ក្រសួង​ពុំមាន​សមត្ថកិច្ច​ទៀតឡើយ ហើយ​​កំពុង​រង់ចាំ​លទ្ធផល​ជា​ស្ថាពរ​ពី​ស្ថាប័ន​តុលាការ​»៕