ភ្នំពេញៈ សាលា​ឧទ្ធ​រណ៍​ពី​ម្សិល​មិញ​បាន​បើក​​សវនា​ការ​​ជំ​នុំ​ជម្រះ​កំ​បាំង​មុខ​ជន​ជាប់ ចោទ​ម្នាក់​ពាក់​ព័ន្ធ​​ក្នុង​ការ​គប់​​គ្រាប់​បែក ​១​ គ្រាប់​ចូល​រោង​ការ​​ដែល​ប្រ​​ព្រឹត្ត​នៅ​ភូមិ​​ភ្នំ​ត្រែល​​ ឃុំ​​ភ្នំ​កុង ​ស្រុក​អង្គជ័យ​ ខេត្ត​​​កំ​ពត ​ក្នុង​អំឡុង​​ឆ្នាំ​ ២​០​១​២ ​បណ្តាល​​ឲ្យ​មនុស្ស​​ម្នាក់​ស្លាប់​និង​របួស​ធ្ងន់​ស្រាល​ ១០ នាក់។

​​នៅ​​ក្នុង​បន្ទប់​សវនា​ការ​ដែល​អវត្ត​មាន​ជន​ជាប់​ចោទ​តែ​​ចាត់ទុក​ជា​​ចំ​ពោះ​មុ​ខ​ជន​ជាប់​ចោទ​ព្រោះ​​មាន​មេ​ធា​វី​ជា​​តំណាង​​នោះ ​លោក​ស្រី​ចៅ​ក្រម ​ចាន់ ​ម៉ា​ឌី​ណា​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជំ​នុំ​ជម្រះ​​បាន​អាន​អង្គ​ហេតុ​ថា​សំ​ណុំ​រឿង​​នេះ​មាន​ជន​ជាប់ចោទ​ឈ្មោះ ​​​នួន ​​ទូច ​អា​យុ​ ៤៥ ​ឆ្នាំ ​អ​តី​ត​ប្រ​ធាន​កា​រិ​យា​ល័យ​ផែន​ការ​ទូ​ទៅ​នៃ​ក្រសួង​មហាផ្ទៃ​បាន​លែង​លះ​​គ្នា​ជាមួយ​ប្រពន្ធ។

លុះ​ដល់​ថ្ងៃ​កើត​ហេតុ​គឺ​ថ្ងៃ​ទី ​៨ ​ខែ​ធ្នូ​ ឆ្នាំ​ ២​០​១​២ ​ជនជាប់​ចោទ​​បាន​ទៅ​​ចូល​រួម​មង្គល​ការ​​ដែល​ត្រូវ​ជា​​សាច់ ញាតិ​របស់​ខ្លួន​។​​ ខណៈ​កំពុង​តែ​មាន​មនុស្ស​​ក្នុង​រោង​ការ​ច្រើន​ផង​នោះ​​ជន​ជាប់​ចោទ​បាន​យក​​គ្រាប់​បែក ​១ គ្រាប់​ទៅ​​គប់​ចូល​​ក្នុង​កណ្តាល​​ហ្វូង​មនុស្ស​​បណ្តាល​ឲ្យ​ស្រ្តី​ម្នាក់​ឈ្មោះ ​លី ​ជ្រាង​​ អា​យុ​ ៦៥​ ឆ្នាំ ​ត្រូវ​ជា​ម្តាយ​ចិញ្ចឹម​របស់​ប្រ​ពន្ធ​ជន​ជាប់​ចោទ​ស្លាប់​​នៅ​កន្លែង​កើត​ហេតុ​ និង​មនុស្ស​ ១០​ នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល។​

ក្រោយ​កើត​ហេតុ​ជន​ជាប់​ចោទ​ត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួន​បាន​។​ ​សំ​ណុំ​រឿង​នេះ​​ត្រូវ​បាន​សា​លា​ដំ​បូង​ខេត្ត​កំ​ពត​បើក​សវនា​ការ​​ជំ​នុំ​ជម្រះ​ និង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​ ២​៧​ ខែ ​​ឧសភា ​​ឆ្នាំ​​ ២​០​១​៤ ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ ២​៥​ ឆ្នាំ​ចោទ​បទ​ឃាត​កម្ម​គិត​ទុ​ក​ជា​មុន​តាម​បញ្ញតិ្ត​​មាត្រា ​២​០​០ ​នៃ​ក្រម​ព្រហ្មទណ្ឌ។​

តាម​កំ​ណត់​ហេតុ​របស់​តុ​លា​ការ​បង្ហាញ​ថា​ជ​ន​ជាប់​ចោទ​ឈ្មោះ​ នួន​ ទូច​ បាន​​ឆ្លើយ​សារ​ភាពប្រាប់​តុ​លា​ការ​ថា​ បាន​ជា​គាត់​គប់​គ្រាប់​បែក​នេះ​​ដោយ​សារ​គាត់​មាន​​គំ​នុំ​​ជា​​មួយ​​អ​តី​ត​ប្រពន្ធ​របស់​ខ្លួន​ដែល​បាន​លែង​លះ​គ្នា​ហើយ​ក៏​ខឹង​នឹង​ស្រ្តី​ជា​ម្ដាយ​ចិញ្ចឹម​របស់​​អ​តី​​ត​​ប្រពន្ធ​ដែល​ជា​​អ្នក​បំ​បែក​បំ​បាក់​ប្រពន្ធ​របស់​ខ្លួន​ដើម្បី​ឲ្យ​ទៅ​ស្រឡាញ់​បុរស​​ម្នាក់​ទៀត​។​ម៉្យាង​ខឹង​នឹង​អតី​តប្រពន្ធ​របស់​ខ្លួន​ដែល​បាន​រា​រាំង​មិន​ឲ្យ​គាត់​ជួប​មុខ​កូន​ស្រី​អា​យុ ១​២​ ឆ្នាំ​និង​កូន​ប្រុស​អា​យុ ១០ ផង។

នៅ​ក្នុង​បន្ទប់​សវនាការ​ពី​ម្សិល​មិញ​លោក ​សរ​​ យសថា​វរៈ​ តំណាង​ម​ហា​អយ្យ​ការ​បាន​សន្និដ្ឋាន​ថា ​សំ​ណុំ​រឿង​នេះ​កាល​ពី​នៅ​សា​លា​ដំបូង​ខេត្ត​កំ​ពត​ក៏​ដូច​​ជា​នៅ​ដំ​ណាក់​កាលន​គរ​បាល​ដែល​ទើប​ចាប់​ខ្លួន​បាន​គឺ​ជន​ជាប់​ចោទ​បាន​សារភាព​ថា​ខ្លួន​បាន​ប្រព្រឹត្ត​ពិត​ប្រាកដ​មែន។

លោក​ថ្លែង​ប្រាប់​ចៅ​ក្រម​ថា​៖​ «​យោង​ទៅ​តាម​ចម្លើយ​សារភាព​របស់​ជន​ជាប់​ចោទ​ និង​យោង​ទៅ​តាម​ការ​ប្តឹង​ជំទាស់​របស់​ព្រះ​រាជ​អា​​ជ្ញា​សា​លា​ឧទ្ធរណ៍​​ផង​នោះ​​ខ្ញុំ​សូម​តម្កល់​​សាលក្រម​របស់​សា​​លា​ដំ​បូង​ខេត្ត​កំពត​ទុក​ជា​បាន​ការ​ដដែល»។​

បន្ទាប់​ពី​ចំ​ណាយ​ពេល​ជំ​នុំ​ជម្រះ​ប្រ​មាណ​កន្លះ​ម៉ោង​មក​លោក​ស្រី​​ចៅ​ក្រម ​ចាន់​ ម៉ា​ឌី​ណា ​ថ្លែង​ថា​ សាល​ដី​កា​សំ​ណុំ​រឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ ២​៩​ ខែ ​មេ​សា​ ខាង​មុខ​។ ខណៈមេ​ធាវី​ជន​ជាប់​ចោទ​សុំ​ឲ្យ​តុលាការ​សម្រាល​ទោស​កូនក្ដី​ខ្លួន៕