ភ្នំពេញៈ បុរស​ជាប់ចោទ​ជា​ជន​ជាតិ​អាហ្វ្រិក​ខាងត្បូងម្នាក់​ ត្រូវ​​សាលាឧទ្ធរណ៍ប្រកាសសាលដីកា​នៅ​ថ្ងៃ​ទី​ ៣ ​ខែ​វិច្ឆិកា ​​ឲ្យជាប់​​ពន្ធនាគារ​អស់​ ១ ​ជីវិត​ដដែល​ ពាក់ព័ន្ធ​​សំណុំ​រឿង​លេបគ្រឿងញៀនកូកាអ៊ីនជាង​កន្លះ​គីឡូក្រាម​ ​ដែល​រក​ឃើញ​​នៅ​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​កាល​ពី​​ឆ្នាំ​ ២០​១៧​។​

ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃ​ទី​ ៣ ​ខែ​វិច្ឆិកា​ នៅ​ចំពោះ​មុខ​ជនជាប់ចោទ ​​លោក​ស្រី​ចៅក្រម​ ចាន់​ ម៉ាឌីណា​ បាន​អាន​សាលដីកា​ថា​ សំណុំរឿង​នេះ ​មាន​ជនជាប់ចោទ​​ឈ្មោះ​ Bli​g​ NAUT​ CHAN​។ ក្រោយពី​បាន​ជំនុំជម្រះ​កាល​ពី​ថ្ងៃ​ទី​ ៨​​ខែ​តុលា ​និង​ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​មក ​ក្រុម​ប្រឹក្សាជំនុំ​ជម្រះ​​ បាន​សម្រេច​រក្សា​ទណ្ឌកម្ម​ទោស​ ១​ ជីវិត​ដូច​​សាលា​ដំបូងរាជ​​ធានីភ្នំពេញ​​សម្រេច​​ដដែល​។​

លោក​ស្រី​ចៅក្រម​ប្រាប់​ទៅ​ជនជាប់ចោទ​ថា​៖ «​បើ​ជន​ជាប់​ចោទ​​មិន​​សុខ​ចិត្ត​នឹង​សាលដីកានេះទេ​ អាច​ប្តឹង​សារទុក្ខ​​ទៅ​តុលាការ​​កំពូល​រយៈពេល​ ១​ ខែ​ គិត​ពី​ថ្ងៃ​ប្រកាស​សាលដីកានេះ»​។

លោក​ Bli​g​ NAUT​ CHAN ​អាយុ​ ២៧ ​ឆ្នាំ​ បាន​និយាយ​ប្រាប់​​​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ក្រៅ​បន្ទប់​សវនាការ​នៃ​សា​លាឧទ្ធរណ៍​បន្ទាប់​ពី​ប្រកាស​សាល​ដីកា​​ថា​ គាត់​មាន​ការសោកស្តាយ​​និង​ស្លុត​ចិត្ត​នៅ​ពេល​ដែល​គាត់​ឮ​ចៅក្រម​សាលា​ឧទ្ធរណ៍​ប្រកាស​សាលដីកា​ឲ្យ​គាត់​ជាប់​ពន្ធនាគារ​ ១ ​ជីវិត​​ដដែល។​ ការសោកស្តាយ​នេះដោយសារ​ថា ​កាល​ពី​ថ្ងៃ​ជំនុំជម្រះ​គាត់​បាន​សារភាព​អស់ហើយ​ ជូនតុលាការ ​​អំពី​ទង្វើ​ខុសឆ្គង​របស់​គាត់​​ ដែល​គាត់​ធ្វើ​នេះ​ដោយសារតែ​គាត់​ស៊ី​ឈ្នួល​គេ​ដើម្បី​យក​ប្រាក់​ប៉ុណ្ណោះ។​

លោក​ CHAN​ និយាយ​ថា​​៖ «​ខ្ញុំ​បាន​ដឹង​ជា​មុន​ថា​ អំពើ​របស់​ខ្ញុំ​​ជា​អំពើ​ខុសច្បាប់​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បង្ខំ​ចិត្ត​ធ្វើ​បែបនេះ​។ ខ្ញុំ​ពិត​ជា​សោកស្តាយនូវ​កំហុស​របស់​ខ្ញុំ​»​។

បុរស​ជាប់ចោទ​បាន​និយាយ​​ថា​ គាត់​នឹង​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូលបន្ត​ទៀត ​ដើម្បី​សុំ​ឲ្យ​តុលាការ​កំពូល​បន្ថយទោសខ្លះ​។​

គួរំឭកដែរថា កាលពីថ្ងៃជំនុំជម្រះ Blig NAUT CHAN បាន​ឆ្លើយ​ប្រាប់​ចៅក្រម​តាមរយៈ​អ្នកបកប្រែ​ថា គាត់​បាន​ស៊ីឈ្នួល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ អូ ស្ទីន ជា​ជនជាតិ​​អាហ្រ្វិក​ដូចគ្នា​ឱ្យ​គាត់​លេប​ម្សៅ​គ្រឿងញៀន​កូកាអ៊ីន​ចូលក្នុង​ពោះ​ប្រហែល​ ៥០ ​គ្រាប់ (​ម្សៅ​គ្រឿងញៀន​ញាត់​ក្នុង​សម្បក​ថ្នាំពេទ្យ​)​។ គាត់​បាន​ប្រើពេល​អស់​ ១ ​ម៉ោង​កន្លះ​ ដើម្បី​លេប​គ្រាប់​ថ្នាំញៀន​ចូល​ក្នុង​ពោះ​អស់​។ ឈ្នួល​នៃ​ការរត់ពន្ធ​គ្រឿងញៀន​នេះ ​គេ​ឱ្យ​សេវា​គាត់​ ៣ ​ពាន់​ដុល្លារ​។

បន្ទាប់ពី​គាត់​លេប​គ្រឿងញៀន​ចូលក្នុង​ពោះ​អស់​ហើយ​ គាត់​បានចេញ​ដំណើរ​ពី​ប្រទេស​ប្រេស៊ីល​ មក​ប្រទេស​កម្ពុជា​ ដោយ​ឆ្លងកាត់​ទីក្រុង​ឌូបៃ។ ប៉ុន្តែ​គយ​ប្រចាំ​នៅ​ព្រលាន​យន្តហោះ​ក្រុង​ឌូបៃ​រក​មិនឃើញ​គ្រឿងញៀន​នៅក្នុង​ពោះ​របស់​គាត់​ទេ​។

បើ​តាម​ជន​ជាប់​ចោទ បុរសឈ្មោះ អូ ស្ទីន ជាអ្នក​សម្រួល​និងចាត់ចែងឲ្យគាត់លេប​គ្រឿងញៀននេះ។ នៅពេល​គាត់​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ គឺ​គាត់​ត្រូវ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ​ (​មិន​ចាំ​ឈ្មោះ​) ​ដោយ​អូស្ទីន​ប្រាប់​ថា ពេលនោះនឹងមាន ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​មក​ទទួល​យក​ថ្នាំញៀន​បន្ត​ពីគាត់ហើយចូលទៅ​ប្រទេស​ថៃ​ វិញ​។

តែ​គម្រោង​នេះ​ ត្រូវ​បរាជ័យ​ដោយសារ​តែ​សមត្ថកិច្ច​ចាប់​គាត់​បាន​ជាមួយ​វត្ថុតាង​ម្សៅ​ក្រាម​សថ្លា​ប្រភេទ​កូកាអ៊ីន​ជិត​ ៧៦០ ​ក្រាម​។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី​ ៩ ​​ខែ​ កញ្ញា ឆ្នាំ ​២​០​១​៨​ បាន​សម្រេច​ផ្តន្ទាទោស​ Bli​g​ NAUT​ CHAN ដាក់ព​ន្ធនាគារ​ ១​ ជីវិត​​ ក្នុង​បទ​ចោទដឹកជញ្ជូននិង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ដោយខុសច្បាប់​តាម​បញ្ញត្តិ​មាត្រា​៤០​ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​​គ្រឿងញៀន​៕