ភ្នំពេញៈ ក្រោយពី​បាន​បើក​ការជំនុំជម្រះ​កាលពីដើម​ខែមីនា សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​កាលពី​ម្សិលមិញ​ដោយបាន​ច្រានចោល​មិន​ចាត់ការ​តាម​សាលក្រម​របស់​សាលា​រាជធានី​ភ្នំពេញ​លើ​សំណុំរឿង​គ្រូ​ ១១ ​នាក់ បាន​ប្ដឹង​ក្រសួង​អប់រំ ដែល​បាន​លុបឈ្មោះ​គ្រូ​ទាំងនោះ​ចេញពី​ក្របខ័ណ្ឌ​។

លោក​ចៅក្រម យូ ប៊ុនណា បាន​អាន​សាលដីកា​នៅ​ចំពោះមុខ​លោក​មេធាវី​ជួង ជូងី និង​លោក​ រ៉ុង ឈុន ក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ថា​៖ «​សំណុំរឿង​ដែល មាន​ឈ្មោះ​លោកគ្រូ​ចំនួន​ ១១ ​នាក់​ហើយ​ដែល​សាលា​ឧទ្ធរណ៍​បើកសវនាការ​ជំនុំជម្រះ​សួរដេញដោល​កាលពី​ថ្ងៃទី​ ៣ ខែមីនា កន្លងមក​នោះ​គឺ ក្រោយពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ពិភាក្សា​គ្នា​មក​យល់ឃើញ​ថា សាលាឧទ្ធរណ៍​សម្រេច​ច្រានចោល​បណ្តឹងទាស់​នេះហើយ​តម្កល់​តាម​សាលដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល​»​។

លោក​ចៅក្រម​បាន​ថ្លែងថា​៖ «​ចំពោះ​ដើមបណ្តឹង​ប្រសិនបើ​មិន​សុខ​ចិត្តនឹង​សាលដីកា​នេះ​គឺ​ដើមបណ្តឹង​មាន​សិទ្ធិ​ប្តឹង​​សារទុក្ខ​ទៅ​តុលាការ​កំពូល​បានគិត​រយៈពេល​ ១ ​ខែ​ពីថ្ងៃ​ប្រកាស​សាលដីកា​នេះ​»​។

លោក រ៉ុង ឈុន ប្រធាន​សហជីព​សហភាព​កម្ពុជា​ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អតីត​គ្រូ​ ១១ ​នាក់​ (​ស្រី​ម្នាក់​) ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ក្រោយពី​ចេញពី​បន្ទប់​សវនាការ​ថា តុលាការ​នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​សាលាឧទ្ធរណ៍​គ្មាន​សមត្ថភាព​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​គ្រូបង្រៀន​ទាំង​ ១១ ​នាក់​នោះទេ​។

លោក ឈុន ថ្លែងថា​៖ «​យើង​ដឹង​ច្បាស់​ថា លទ្ធផល​វា​នឹង​ចេញមក​បែប​ហ្នឹងហើយ​យើង​ឃើញ​នីតិវិធី​ពេល​សវនាការ​ដូចជា​សវនាការ​លេងៗ​គ្មាន​យកចិត្ត​ទុកដាក់​លើ​សំណុំរឿង​ទេ​»​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​បើ​ដូច្នេះ​តើ​រក​យុត្តិធម៌​ឯណា​បាន​ពួកគាត់​គ្រាន់តែ​ចាំ​អង្គុយ​ថា តាម​អ្នកនយោបាយ​អត់​មានប្រើ​ប្រាស់​វិជ្ជាជីវៈ​ក្នុងនាម​ជា​អ្នកច្បាប់​ផង​ហ្នឹង​»​។

លោក​បន្តទៀតថា សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​គឺ​តុលាការ​មិនបាន​បើកសវនាការ​ទេ​ដោយ​គ្រាន់តែ​ហៅ​លោកគ្រូ​អ្នកគ្រូ​ទៅ​សាកសួរ និង​បន្ទាប់មក​បានចេញ​សាលក្រម​ច្រានចោល​រាល់​បណ្តឹង​របស់​គ្រូ​ទាំង ​១១ ​នាក់​តែម្តង​។

លោក​បញ្ចាក់​ប្រាប់ថា​៖ «​បញ្ហា​នេះ​ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​មេធាវី​របស់ខ្ញុំ​នឹង​រៀបចំ​សំណុំ​ឯកសារ​ប្តឹងទៅ​តុលាការ​កំពូល​ទៀត​។ បើទោះជា​ដឹង​មុន​ថា​មិន​ទទួលបាន​លទ្ធផល​ក៏ដោយ​»​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បញ្ចាក់​ប្រាប់​ពី​ម្សិលមិញ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​អនុវត្ត​នីតិវិធី​ត្រឹមត្រូវ​ស្របតាម​គោលការណ៍​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។ ក្រសួង​សូម​រក្សា​ខ្លឹមសារ​តាម​លិខិត​លេខ ១៥២១ ចុះ​ថ្ងៃទី​ ១៦ ខែមីនា ឆ្នាំ​ ២០១៨ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​បាន​លុបឈ្មោះ​គ្រូ​ទាំង​ ១១ ​នាក់​នោះ​។

លោក​ថ្លែងថា​៖ «​ក្រសួង​អប់រំ យុវជន និង​កីឡា​ពុំមាន​សមត្ថកិច្ច​ទៀតឡើយ ព្រោះ​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ​»​។

លោក រ៉ុង ឈុន បានបញ្ជាក់​ប្រាប់​ពី​មូលហេតុ​ដែល​លោកគ្រូ​អ្នកគ្រូ​មិន​សុខចិត្ត​ហើយ​ប្តឹង​ក្រសួង​អប់រំ​ពី​ការ​លុបឈ្មោះ​ពួកគាត់​ថា មូលហេតុ​ដែល ទី​១- ​គឺ​ក្រុម​គ្រូបង្រៀន​ប្តឹង​នេះ​ដោយសារ​លោកគ្រូ​ទាំង​ ១១ ​រូប​មិន​សុខចិត្ត​នឹង​ការ​លុបឈ្មោះ​របស់​ក្រសួង​អប់រំ​ព្រោះ​លោកគ្រូ​ទាំង​ ១១ ​រូប​យល់ថា ការ​លុបឈ្មោះ​នោះ​វា​ជា​រឿង​អយុត្តិធម៌​ហើយ​លោក​ប្តឹង​ទាមទារ​ឲ្យ​តុលាការ​ទាត់ចោល​នូវ​ប្រកាស​របស់​ក្រសួង​អប់រំ​ចេញ​ហើយ ទី​២- ​គឺ​សូម​ឲ្យ​តុលាការ​ត្រូវតែ​ផ្តល់​ក្របខ័ណ្ឌ​អប់រំ​ឲ្យ​ដល់​គ្រូបង្រៀន​ទាំង​ ១១ ​រូប​វិញ​។

លោក រ៉ុង ឈុន បាន​អះអាងថា​អ្វីដែល​ក្រុម​លោកគ្រូ​ទាំង​ ១១ ​រូប​យល់ថា​វា​មាន​ភាព​អយុត្តិធម៌​នោះ​ត្រង់​ថា ក្រសួង​អប់រំ​ប្រកាស​លុបឈ្មោះ​ពួកលោក​នោះ​គឺ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ហើយ​ចំពោះ​ការចោទប្រកាន់​មកលើ​ក្រុម​គ្រូបង្រៀន​ទៀតសោត​គឺថា​ក្រុម​លោកគ្រូ​ទាំង​ ១១ ​រូប​អវត្តមាន​គ្មាន​ច្បាប់​។

លោក​ថា​៖ «​ខ្ញុំ​មិនទាន់​ដល់​ថ្ងៃ​ចូលធ្វើការ​ផង​មក​ចោទ​ខ្ញុំ​ថា​អវត្តមាន​គ្មាន​ច្បាប់​ហើយ​ចោទ​លោកគ្រូ​ផ្សេង​ទៀតថា​បោះបង់​ការងារ​តែ​ពួកគាត់​ទាំងអស់​បានដាក់​ពាក្យសុំ​បម្រើ​ការងារ​វិញ​ហើយ​ហ្នឹង​»​។

លោក​បន្តថា ក្រសួង​អប់រំ​មិនបាន​អនុវត្ត​ទៅតាម​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​ត្រង់​មាត្រា​ ៤០ ​ដែល​និយាយ​អំពី​ទណ្ឌកម្ម​ថ្នាក់​ទី​ ១ ​និង​ទី​ ២ ​ទេ​។ មុននឹង​លុបឈ្មោះ​មន្ត្រីរាជការ​ណា​ម្នាក់​ត្រូវអនុវត្ត​នូវ​មាត្រា​ ៤០ ​ដែល​អាច​ហៅ​ទៅ​ស្តីបន្ទោស​ ឬ​ហៅ​ណែនាំ​ម្តង​ ឬ​ ២ ​ដង បើសិន​ជា​មន្ត្រី​នោះ​មិន​ធ្វើការ​កែលម្អ​ខ្លួន​ទេ ទើប​បាន​សម្រេច​លុបឈ្មោះ​ចោល​៕