ភ្នំពេញៈ ជន​ជាប់​ចោទ​ចំនួន​ ៦ ​នាក់ ​ដែល​ជាប់​ចោទ​ព្រួត​គ្នា​រំលោភ​នារី​រកស៊ី​ផ្លូវ​ភេទ​ម្នាក់​ ហើយ​សម្លាប់​និង​យក​សព​ទៅ​ចោល​នៅ​ក្នុង​ភូមិ​ត្រ​ពាំង​ល្វា​សង្កាត់​កាកាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាល​ពី​ឆ្នាំ​ ២​០​១​៥ ​ត្រូវ​សា​លា​ឧទ្ធរណ៍​ប្រកាស​សាល​ដី​កា​ ពី​ម្សិលមិញ​ដោយ​តម្កល់​ទោស​ជន​ ២ នាក់​ម្នាក់​ៗ​ឲ្យ​ជាប់​ពន្ធនាគារ​ ២០ ​ឆ្នាំ​និង​ ៤ ​នាក់​ទៀត​ម្នាក់​ៗ​ ៣០ ​ឆ្នាំ​ដដែលបន្ទាប់​ពី​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី​ ១៣ កុម្ភៈ​ កន្លង​មក។

នៅ​ក្នុង​បន្ទប់​សវនាការ​ពី​ម្សិល​មិញ​ខណៈ​មាន​វត្ត​មាន​និង​អវត្ត​មាន​ខ្លះ​នៃ​ជនជាប់​ចោទ​នោះ​លោក​ចៅ​ក្រម​ សំរិទ្ធិ​ សុ​ផល​ បាន​អាន​សាល​ដី​កា​ថា​ សំ​ណុំ​រឿង​នេះ​មាន​ជន​ជាប់​ចោទ​ទី​១- ​ឈ្មោះ​ ម៉ម​ វណ្ណាន ​ហៅ​ ចយ​ ទី២- ​ឈ្មោះ មឿន ​ខី​ ទី៣-​ ឈ្មោះ​ អៀម​ ឡុច ​ទី៤​- ​ឈ្មោះ ​ណាង​ ណា​វី​ ទី៥- ​ឈ្មោះ​ ខាត់​ សួរ​ ហៅ ​សង្ហា​ និ​ង​ទី៦- ​ឈ្មោះ​ ជិន​ ណាវី​។ ​កាល​ពី​ពេល​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី​ ១​៣​ ខែ​ កុម្ភៈ ​ឆ្នាំ​ ២​០​១​៩​ នោះ​ក្រុម​ ជន​ជាប់​ចោទ​សុទ្ធ​តែ​​ឆ្លើយ​បដិសេធ​ពាក់​ព័ន្ធ​ការ​ស្លាប់​ជន​រង​គ្រោះ។​

លោក​ចៅ​ក្រម​ថ្លែង​ថា​៖​ «​ទោះ​យ៉ា​ង​ណា​ឆ្លង​តាម​អង្គហេតុ​នៃ​សំ​ណុំ​រឿង​តុលាការ​សម្រេច​តម្កល់​សាល​ក្រម​របស់​សា​លាដំបូង​រាជ​ធា​នី​ភ្នំ​ពេញ​នៅ​ដ​ដែល​ និង​បន្ត​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ទាំង​ ៦ នាក់​បន្ត​ទៀត»។

ទោះ​យ៉ាង​ណា​ កំណត់​ហេតុ​របស់​តុ​លាការ​បង្ហាញ​ថា​នៅ​មុន​ពេល​កើត​ហេតុ​ថ្ងៃ​ទី​ ២​៥​ ខែ ​កក្កដា​ ឆ្នាំ​ ២​០​១​៥ ​ជន​សង្ស័យ​ទាំង​ ៦ ​នាក់​បាន​ជុំ​គ្នា​ផឹក​ស្រា​បៀរ​ ហើយ​បន្ទាប់មក​ជន​ឈ្មោះ ​ជិន​ ណា​វី​ និង​ឈ្មោះ​ ម៉ម ​វណ្ណាន ​បាន​បបួល​គ្នា​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ម៉ាក​ស៊ី​រូ​ស​ទៅ​រក​នារី​រក​ស៊ី​ផ្លូវ​ភេទ​ នៅម្តុំ​សួន​បុប្ផា​ក្នុង​ភូមិ​តា​ងួន​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍សែន​ជ័យ ​រាជ​ធា​នី​ភ្នំ​ពេញដើម្បី​យក​មក​រួម​ភេទ​។ ដោយ​ត​ថ្លៃ​ត្រូវ​រ៉ូវ​គ្នា​ហើយ​ជន​ជាប់​ចោទ​ទាំង​ ២ នាក់​ខាង​លើ​បាន​សន្យា​ឲ្យ​នា​រី​រង​គ្រោះ​ក្នុង​ម្នាក់ៗ​ ១០​ ដុល្លារ ​ហើយ​ក៏​ឌុប​ជន​រង​គ្រោះ​មក​កន្លែង​ស្នាក់​នៅ​ទាំង​យប់។

កំណត់​ហេតុ​បង្ហាញ​បន្ត​ថា​ បន្ទាប់​ពី​ក្រុម​ជន​ជាប់​ចោទ​នាំ​គ្នា​រំលោភ​សេព​សន្ថវៈ​រហូត​បាន​សម្រេច​ទាំង​អស់​គ្នា​ហើយ​នារី​រង​គ្រោះ​បាន​ទារ​លុយ​ ប៉ុន្តែ​ក្រុម​ជន​ជាប់​ចោទ​ប្រកែក​មិន​ព្រមឲ្យ​លុយ​ទៅ​ជន​រ​ងគ្រោះ​ទេ​ទើប​បង្ក​ជា​ជម្លោះ​រហូត​ឈាន​ដល់​ការសម្លាប់​ស្ត្រី​រងគ្រោះ​តែម្ដង ​(ច្របាច់​ក)។

ក្រោយពី​សម្លាប់​រួច ​ក្រុម​ជន​ជាប់ចោទ​បាន​យក​អង្រឹង​ពណ៌​ខ្មៅ ​មក​រុំ​ចង​នារី​រងគ្រោះ​ដឹក​តាម​ម៉ូតូ​យក​ទៅ​បោះចោល​ក្នុង​ដី​ឡូ​ត៍​មួយ​កន្លែង​ក្នុង​ភូមិ​-​សង្កាត់​ខាង​លើ​។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​ ២​៦​ ខែ ​ឆ្នាំ ​ដ​ដែល​ត្រូវ​សមត្ថកិច្ច​​ខណ្ឌ​ពោធិ៍សែនជ័យ​ ចាប់​ខ្លួន​តែម្តង។

សំណុំ​រឿងនេះ​ត្រូវ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បើក​សវនាការ​ជំនុំ​ជម្រះ​និង​ប្រកាស​សាលក្រម​ នៅថ្ងៃ​ទី ១៤​ ខែ កក្កដា​ ឆ្នាំ ​២០១៦​ ផ្តន្ទា​ទោស​ជន​ជាប់ចោទ​ទី១​- ឈ្មោះ ​ម៉ម វណ្ណាន ​ហៅ​ ចយ ​ទី២ ​ឈ្មោះ ​មឿន ខី ​ដាក់​ពន្ធនាគារ​ម្នាក់ៗ ​២០ ឆ្នាំ។

ឈ្មោះ​ អៀម ឡុច​ ណាង​ ណាវី​ ខាត់ សួរ ​ហៅ ​សង្ហា ​និង​ឈ្មោះ ​ជិន ណាវី​ ផ្តន្ទាទោស​ម្នាក់ៗ​ ៣០ ឆ្នាំ​ចោទ​ពីបទឃាតកម្ម​ដោយមាន​ទារុណកម្ម​អំពើ​ឃោរឃៅ​ឬ​អំពើ​រំលោភ​សេពសន្ថវៈ​ តាម​​មាត្រា​ ២០៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ៕