
លោកមេធាវី សំ សុគង់ ក្រោយចេញពីសវនាការតុលាការឧទ្ធរណ៍ នៅព្រឹកមិញ។ រូប ឆាយ ច័ន្ទនីដា
ភ្នំពេញៈ សវនាការសាលាឧទ្ធរណ៍លើសំណុំរឿងវាយដំអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២ រូប ដែលដាក់ប្តឹងទាស់កាលពីប្រមាណ ២ ឆ្នាំមុន ត្រូវបានពន្យារពេលទៅថ្ងៃក្រោយ ដោយមិនទាន់កំណត់កាលបរិច្ឆេទ ដោយសារមានការស្នើសុំពីមេធាវីជនរងគ្រោះ ព្រោះទើបតែទទួលបានដីកាកោះពីតុលាការក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ។
កាលពីព្រឹកមិញក្រុមប្រឹក្សាជំនុំជម្រះដែលមានលោកចៅក្រម ញូង ធុល ជាប្រធានបានបើកសវនាការលើសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនជាប់ចោទ ៣ រូប(អវត្តមាន) ដែលត្រូវបានគេដឹងថាជាយោធានៅកងអង្គរក្សនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយពួកគេមានឈ្មោះ ចាយ សារិទ្ធ, ម៉ៅ ហឿន និង សុត វណ្ណនី ជាប់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា» ប្រព្រឹត្តនៅច្រកចេញចូលខាងត្បូងនៃវិមានរដ្ឋសភានៅថ្ងៃទី ២៦ កក្កដា ២០១៥។
សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសឲ្យជនដៃដល់ទាំង ៣ នាក់ជាប់ពន្ធនាគារ ៤ ឆ្នាំកាលពីថ្ងៃ ២៧ ឧសភា ២០១៦ តែអនុវត្តទោសត្រឹម ១ ឆ្នាំ ក្នុងពន្ធនាគារដោយចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា» និងបង្គាប់ឲ្យពួកគេទាំង ៣ នាក់រួមគ្នាសងជំងឺចិត្ត ៤០ លានរៀលឲ្យជនរងគ្រោះ។
ក្នុងអង្គសវនាការមុនការប្រកាសពន្យារកាលពីព្រឹកមិញនេះលោក សំ សុគង់ មេធាវីការពារក្តីឲ្យអតីតតំណាងរាស្ត្រលោក គង់ សភា និងលោក ញ៉យ ចំរើន បានឡើងថ្លែងប្រាប់អង្គចៅក្រមថាពួកគាត់មានមេធាវី ៥ រូបការពារក្តី ប៉ុន្តែមានតែ ២ រូបប៉ុណ្ណោះមានវត្តមាននៅតុលាការនេះដោយសារអ្នកផ្សេងទៀតមិនទាន់ទទួលបានដីកាកោះ។
ចំណែករូបលោក និង មេធាវី កែត ឃី ដែលទទួលបានដីកា ក៏ទើបទទួលបាននៅថ្ងៃទី ១៩ មីនាដែលមានរយៈពេលខ្លីជិតដល់ថ្ងៃសវនាការផងដែរ។ ក្រុមមេធាវីត្រូវការពេលវេលាគ្រប់គ្រាន់ដើម្បីពិភាក្សាលើសំណុំរឿងមួយនេះ។ ចៅក្រម ញូង ធុល ក៏បានសម្រេចតាមការស្នើសុំរបស់មេធាវីដែលមានវត្តមានទាំងពីររូប។
លោក សំ សុគង់ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយការប្រកាសលើកពេលថា សំណុំរឿងនេះត្រូវតុលាការកំណត់ពេលសវនការប្រមាណ ២ ឆ្នាំក្រោយការប្តឹងទាស់របស់កូនក្តីជាសំណុំរឿងដែលប្រើពេលយូរហើយ ដែលកូនក្តីលោក និងក្រុមមេធាវីក៏ពិបាកនឹងមានសង្ឃឹមថាទទួលបានយុត្តិធម៌ផងដែរ។
លោកបញ្ជាក់ថា៖ «ជារឿងមិនអាចទទួលយកបាន ពីព្រោះពួកគេ (ជនដៃដល់) គួរតែជាប់ចោទពីបទប៉ុនប៉ងមនុស្សឃាត ប៉ុន្តែបែរជាសាលាដំបូងរាជធានីភ្នំពេញចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយពួកគេក៏ត្រូវដោះលែងទៅទៀតក្រោយអនុវត្តទោសតែមួយឆ្នាំ»។
ក្រុមជនដៃដល់ទាំង បី ដែលជាយោធាកងអង្គរក្សនាយករដ្ឋមន្ត្រី គឺក្រោយចេញពីពន្ធនាគារក៏ទទួលបានការដំឡើងឋានន្តរស័ក្តិ ដែលលោក ចាយ សារិទ្ធ បានឡើងពីវរសេនីយ៍ឯក (ស័ក្តិ ៥) ទៅឧត្តមសេនីយ៍ត្រី (ផ្កាយ ១) តាមព្រះរាជក្រឹត្យចុះថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៦។ ចំពោះឈ្មោះ សុត វណ្ណនី និង ម៉ៅ ហឿន ត្រូវឡើងពីវរសេនីយ៍ទោទៅជាវរសេនីយ៍ឯកផងដែរ។
ជាអ្វីដែលលោក មេធាវី សំ សុគង់ យល់ថាមិនសមកើតមានព្រោះមានការឡើងយសស័ក្តិក្រោយការប្រព្រឹត្តបទល្មើស ហើយត្រូវតុលាការរកឃើញថាមាន «ពិរុទ្ធ»។លោកបញ្ជាក់ថា៖ «ផ្លូវច្បាប់សូម្បីជាមេធាវីក៏ដោយ បើមានការផ្តន្ទាទោស តុលាការថាមានពិរុទ្ធ មិនអាចក្លាយជាមេធាវីវិញបានទេ…គួរតែត្រូវបានលុបឈ្មោះចេញ»។
ទាក់ទិនករណីដំឡើងឋានន្តរស័ក្តិឧបនាយករដ្ឋមន្ត្រី លោក ទៀ បាញ់ ជារដ្ឋមន្ត្រីក្រសួងការពារជាតិក៏ធ្លាប់បានពន្យល់ប្រាប់មកវិញថា អ្វីៗដែលក្រសួងការពារជាតិបានធ្វើគឺស្របនឹងច្បាប់ និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទតែប៉ុណ្ណោះ។
ប្រសាសន៍របស់លោក ទៀ បាញ់ ជាមួយអ្នកសារព័ត៌មានកាលពីខែកុម្ភៈឆ្នាំ ២០១៧ បានបញ្ជាក់ថា៖ «រឿងស័ក្តិរឿងយសខ្ញុំធ្វើទៅតាមច្បាប់ទៅ តាមលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទមានចែងច្បាស់។ យោធិនដែលបំពេញការងារគឺមានថេរវេលាច្បាស់លាស់ឆ្នាំណាត្រូវឡើងស័ក្តិម្ដងមិនថាតែអង្គរក្សទាំងនោះទេ អ្នកណាក៏ដោយ ក៏ឡើងដូចគ្នាដែរឲ្យតែដល់ពេលវេលាគេត្រូវតែដំឡើងស័ក្តិហើយ...»៕