ភ្នំពេញៈ សា​លា​ឧទ្ធរណ៍​កាល​ពី​ម្សិល​មិញ​បាន​ជំ​នុំ​ជម្រះ​ក្រុម​ជន​ជាប់​ចោទ​​ ៣​ នាក់​ ក្នុង​ចំ​ណោម​ ៦ ​នាក់​ ពាក់​​ព័ន្ធ​ករណីប៉ុន​ប៉ង​គាស់ទូ​កុង​តឺន័រ​លួច​យកទំ​និញ​ ប្រ​ព្រឹត្ត​ក្នុងឆ្នាំ ​២​០​១​៦​ នៅ​រាជ​ធា​នី​ភ្នំ​ពេញ​ជា​សំណុំរឿងដែល​តុ​លា​ការ​ថ្នាក់​ក្រោម​ផ្តន្ទា​ទោស​​ម្នា​ក់់ៗ​ ៦​ ឆ្នាំ​។

នៅ​ក្នុង​​បន្ទប់​ស​វ​នា​ការ​នៃ​សា​លា​ឧទ្ធរណ៍​ពី​​ម្សិល​មិញ​បុរស​​ជាប់​ចោទ​ឈ្មោះ​​ ហម ​ប្រីយ៉ា ​​អា​យុ​ ២​៥​ ឆ្នាំ​ បាន​ប្រាប់​ចៅ​ក្រម​ថា​ ខ្លួន​ជា​អ្នក​បើក​រថ​យន្ត​កុង​តឺ​ន័រ​ឲ្យ​ក្រុម​ហ៊ុន​​សូងួន ​រយៈពេល ៦ ឆ្នាំ​ហើយ។

លុះនៅ​ថ្ងៃ​ទី​ ១​១​ ខែ​ វិ​ច្ឆិ​កា ​ឆ្នាំ​​ ២​០​១​៦ ​ស្រាប់​តែ​ឈ្មោះ ​​គង់​​ នៅ​ ជា​មេកា​រនៅ​​ក្នុង​ក្រុម​ហ៊ុន​​ផែស្ងួត​​សូងួន​បាន​រៀប​ចំ​គម្រោង​លួច​គាស់យកទំ​និញ​ក្នុង​ទូ​កុង​តឺ​ន័​រ​ដោយ​បង្គាប់​ឲ្យ​ឈ្មោះ ​ធី​​ ទិត្យ​អេង​ អា​យុ ​៣​៨ ​ឆ្នាំ​ និង​ឈ្មោះ​មាន ​រើន​ អា​យុ​ ២​២ ​ឆ្នាំ​ កំ​ណត់​ទី​តាំង​នៅ​ខេត្ត​កំ​ពង់​ស្ពឺ​ដើម្បី​ចាំ​យក​ទំ​និញ​ដែល​គាស់យក​បាន​ពី​ក្នុង​ទូ​កុងតឺន័រ។​

ជន​ជាប់​ចោទ ​​ហម​ ប្រី​យ៉ា​ បានបន្តថា​នៅ​ថ្ងៃ​ ១​១ ​​វិ​ច្ឆិ​កា​នោះ​ ខាង​ក្រុម​ហ៊ុន​បាន​បញ្ជា​​ឲ្យ​ខ្លួន​បើក​រថយន្ត​កុង​តឺ​ន័រ​ទៅ​កំ​ពង់​ផែ​ភ្នំ​ពេញ​ ប៉ុន្តែ​ខ្លួន​បាន​បង្វែរ​ទិ​ស​​ទៅខេត្ត​ព្រះ​សី​ហ​នុ​វិញ តែ​ត្រូវ​បាន​ខាង​ក្រុម​ហ៊ុន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន​តែម្តង។​

ជន​ជាប់​ចោទ​ថា​​ សំ​ណុំ​រឿង​នេះ​ ត្រូវ​បា​ន​សា​លា​ដំ​បូង​រាជធា​នី​ភ្នំ​ពេញ​​ប្រ​កាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​ ៧​ ខែ​​ ធ្នូ​​ ឆ្នាំ​ ២​០​១​៧ ដោយ​ផ្ដន្ទា​ទោស​ពួក​គេ​ម្នាក់​ៗ​ ៦​ ឆ្នាំ​ ចោទ​ពីបទ​ប៉ុន​ប៉ង​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​គាស់​ទម្លុះ​ទម្លាយ​ ​តាម​បញ្ញត្តិ​មាត្រា​ ៣​៥​៧​ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

ជន​ជាប់​ចោទ​រូប​នេះ​បញ្ជាក់​ថា​៖ ​«​​ខ្ញុំ​ត្រូវ​បាន​ឈ្មោះ​គង់​ នៅ​ប្រាប់​ខ្ញុំ​ពី​គម្រោង​លួច​គាស់​​ទូកុង​តឺ​ន័រ​មែន​ ប៉ុន្តែ​នៅ​ថ្ងៃ​នោះ​ខ្ញុំ​ពិត​ជា​ច្រ​ឡំ​បើក​រថ​យន្ត​​​ខុស​គោល​ដៅ​របស់​ក្រុម​ហ៊ុន​កំណត់​មែន​​និង​សុំ​បន្ថយ​ទោស»។​

ដោយ​ឡែក​ ជន​ជាប់​ចោទ​ឈ្មោះ​ធី​​ ទិត្យ​អេង ​និ​ង​ឈ្មោះ​មាន​ រើន​ បាន​ឆ្លើយ​ប្រាប់​ចៅ​ក្រម​ដែរ​ថា​ ពួក​គេ​ត្រូវ​បាន​ឈ្មោះ​ គង់​​ នៅ​ ហៅ​ឲ្យ​ទៅ​លើក​អី​វ៉ាន់​នៅ​​ខេត្ត​កំ​ពង់​ស្ពឺ​​ ប៉ុន្តែ​ពេល​ទៅ​ដល់​គោល​ដៅ​ ក៏​ត្រូវ​ឈ្មោះ​​ គង់​​ នៅ​ ទូរស័ព្ទ​ឲ្យរំ​សាយ​វិញ​ ព្រោះ​គម្រោង​នោះបាន​បែក​ការ​ដល់​ក្រុមហ៊ុន។​​

ជន​ទាំង​ ២ ​នាក់​ បាននិ​យាយ​ថា​៖​ «​ពួក​ខ្ញុំ​ប្តឹង​មក​សា​លាឧទ្ធរណ៍​​ដោយ​សារ​តុ​លា​ការ​ថ្នាក់​ក្រោម​ដាក់​ទោស​ពួក​ខ្ញុំ​ច្រើន​ពេក ​ព្រោះ​ពួក​ខ្ញុំ​មិន​ទាន់​លួច​ទំ​និញ​នោះ​បាន​ទេ​ ប៉ុន្តែ​ពួក​ខ្ញុំ​ធ្លាប់​លួច​ទំ​និញ​កុង​តឺន័រ​បាន​ ២ ​ទៅ​ ៣ ដ​ង​ដែ​រ​។​ពួក​ខ្ញុំ​សុំ​តុ​លាការ​បន្ថយ​ទោស​នៅ​ត្រឹម​ ៣ ​ឆ្នាំ​ម្នាក់​បាន​ហើយ»។​

លោក​ តាន់ ​សេ​ណា​រ៉ុ​ង​ តំណាង​ម​ហា​អយ្យ​ការ​សន្និ​ដ្ឋាន​ថា ​ពិត​មែន​តែ​ក្រុម​ជន​ជាប់​ចោទ​មិន​ទាន់​បាន​លួច​ទំ​និញ​ពី​ទូ​កុង​តឺន័រ​មែន​ ប៉ុន្តែ​មិន​គួរអ​ត់​ឱន​ឲ្យ​បាន​ទេ​ ពីព្រោះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​វិ​និយោគ​ទុន​របស់​បរទេស។​

លោក​ថ្លែ​ង​ថា​៖​​ «​​វា​ប៉ះ​ពាល់​ដល់​មុខ​មាត់​ប្រ​ទេស​កម្ពុជា​ហើយ​ករណី​លួច​ទំ​និញ​ពី​ក្នុង​ទូ​កុងតឺន័រ​នេះ​ ជួន​កាល​ទៅ​ដល់​ប្រទេស​គេ​ទំនិញ​ក្នុង​ទូ​នៅ​សល់​តែ​ ២​-​៣​ កេស​ប៉ុណ្ណោះ​។​ដូច្នេះខ្ញុំ​សុំ​តម្កល់​ទោស​ម្នាក់​ៗ​ ៦ ​ឆ្នាំ​ដដែល»។​

លោក​ស្រី​ ពឹង​ យក់​ហៀប ​មេ​ធា​វី​ការ​ពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​ទាំង​ ៣ ​នាក់​ សន្និដ្ឋាន​ថា​រឿង​នេះ​កូន​ក្តី​របស់​លោក​ស្រី​មិន​ទាន់​បាន​លួច​យក​ទំ​និញ​នៅ​ឡើយ​ទេ​ ហើយ​តុ​លា​ការ​ថ្នាក់​ក្រោម​ចោទ​ពួក​គេ​ពី​បទ​លួច​តាម​មាត្រា ៣​៥​៧ ​(​លួច​ប្រើ​ហិ​ង្សា​គា​ស់​ទ​ម្លុះ​ទ​ម្លា​យ​)​ និង​សុំ​ប្តូ​រ​ពី​មាត្រា​ ៣​៥៧​​ មក​មា​ត្រា ​៣​៥​៦​ បទ​លួច​ធម្មតា​វិញ។​

ក្រោយ​ជំ​នុំ​ជម្រះ​​ លោក​ចៅ​ក្រម​ អុិន ​វ៉ាន់​វិ​បុល​ ប្រធាន​​ក្រុម​ប្រឹក្សា​ជំ​នុំ​ជម្រះ​​ថ្លែង​ថា​ សាលដី​កា​នេះ​នឹង​ប្រ​កាស​នៅ​ថ្ងៃ​ទី​ ១​៧​ ខែ ​មិ​ថុ​នា ​ខាងមុខ​នេះ៕