ភ្នំពេញៈ សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​ជំនុំជម្រះ​ជនជាប់ចោទ​ម្នាក់​ពី​បទ​រំលោភ​កូនស្រី​បង្កើត​អាយុ​ ១២ ​ឆ្នាំ​ រហូត​មាន​ផ្ទៃពោះ ប្រព្រឹត្ត​នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ​ក្នុង​ឆ្នាំ​ ២០១៥ ខណៈ​សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ១០ ​ឆ្នាំ​។

បើ​តាម​កំណត់ហេតុ​របស់​តុលាការ​ជនជាប់ចោទ​ឈ្មោះ មាស សុវណ្ណា អាយុ ៤២ ឆ្នាំ ​មាន​កូន​ប្រុស-ស្រី​ ៤ ​នាក់​ ហើយ​ក្មេងរងគ្រោះ​ឈ្មោះ ធ.រ មាន​អាយុ​ ១២ ឆ្នាំ​ ជា​កូន​ទី​ ៣ ​ហើយ​ជនជាប់ចោទ​ជា​មនុស្ស​ស្រវឹងខួប​ និង​តែងតែ​ប្រើ​ហិង្សា​វាយ​ប្រពន្ធ​កូន​។

កំណត់ហេតុ​បន្ត​ថា​សកម្មភាព​របស់​ជន​ជាប់ចោទ​ដែល​បាន​ប្រព្រឹត្ត​ទៅលើ​កូនស្រី​បង្កើត​ដែល​មាន​អាយុ​ទើបតែ​ ១២ ឆ្នាំ​នោះ​ គឺ​ប្រព្រឹត្ត​តាំងពី​ឆ្នាំ ២០១៥ រហូត​ដល់​ឆ្នាំ​ ២០១៨ ប៉ុន្តែ​ក្មេងរងគ្រោះ​មិន​ប្រាប់​ម្តាយ​ ឬ​បងប្អូន​របស់​នាង​ឲ្យ​ដឹង​ទេ ពីព្រោះ​ពេល​ដែល​ជនជាប់ចោទ​ចាប់​នាង​រំលោភ​ម្តងៗ​តែងតែ​គំរាម​សម្លាប់ ប្រសិន​បើ​នាង​ហ៊ាន​និយាយ​ប្រាប់​អ្នកណាម្នាក់​។

កំណត់ហេតុ​បន្តថា លុះ​ដល់​ខែ ​មីនា ​ឆ្នាំ​ ២០១៨ ខណៈ​ក្មេងរងគ្រោះ​កំពុង​ដេក​លេង​ធ្វើឲ្យ​ស្ត្រី​ម្នាក់​ជា​សាច់ញាតិ ឃើញ​ស្ថានភាព​ពោះធំ​ខុសពី​ធម្មតា​របស់​នាង​។ នៅពេល​នោះ​ស្ត្រី​រូបនោះ​បាន​សួរ​ក្មេងរងគ្រោះ ប៉ុន្តែ​មុនដំបូង​នាង​មិន​និយាយ​ប្រាប់​ពី​ការចាប់រំលោភ​របស់​ឪពុក​នាង​ទេ​តែ​ដោយ​សួរ​ជជីក​ជាច្រើនលើក​ច្រើនសារ​មក​ទើប​ក្មេងរងគ្រោះ​ប្រាប់​ថា ឪពុក​របស់​នាង​ចាប់រំលោភ​។

ភ្លាមនោះ​ស្ត្រី​ជា​សាច់ញាតិ​បាន​នាំ​ក្មេងរងគ្រោះ​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ ហើយ​គ្រូពេទ្យ​ប្រាប់​ថា​នាង​មាន​ផ្ទៃពោះ (​កំណត់ហេតុ​មិន​បាន​បញ្ជាក់​ប៉ុន្មាន​ខែ​ទេ​)​។ កំណត់​ហេតុ​បង្ហាញ​ថា បន្ទាប់ពី​ដឹងថា​ក្មេងរងគ្រោះ​ត្រូវ​ឪពុក​ចាប់រំលោភ​មក​ស្ត្រី​ជា​សាច់ញាតិ និង​ម្តាយ​ក្មេងរងគ្រោះ​បាន​ប្តឹង​ទៅ​ប៉ុស្តិ៍​​នគរបាល​សង្កាត់​ឃ្មួញ​ឲ្យ​ចាប់ខ្លួន​​ជនជាប់ចោទ​នៅ​ខែ​មីនា​ឆ្នាំ​ ២០១៨​។

តាម​សម្តី​របស់​ក្មេងរងគ្រោះ​នៅក្នុង​កំណត់ហេតុ​តុលាការ​បង្ហាញ​ថា​អំពើ​ចាប់រំលោភ​ពី​សំណាក់​ឪពុក​បង្កើត​របស់​នាង​គឺ​បាន​ប្រព្រឹត្ត​លើ​នាង​ជាច្រើន​ឆ្នាំ​មកហើយ​តែ​នាង​មិន​ចាំ​ថ្ងៃ​ខែ​ទេ​។ ឪពុក​របស់​នាង​តែងតែ​ចាប់​នាង​រំលោភ​ពេល​គ្មាន​មនុស្ស​នៅ​ផ្ទះ​ ឬ​ម្តាយ​របស់​នាង​ទៅ​ស្រែ​។

កំណត់ហេតុ​ស្រង់​សម្តី​ក្មេងរងគ្រោះ​ថា៖ «​ឪ​ចាប់​ខ្ញុំ​រំលោភ​ពេល​ម៉ែ​ទៅ​ស្ទូង​ស្រូវ​ហើយ​ពេលខ្លះ​នៅ​ពេល​យប់​នៅផ្ទះ​។ រឿងនេះ​គាត់​សំឡុត​ខ្ញុំ​មិន​ហ៊ាន​ប្រាប់​ម៉ែ​ទេ​»​។

ជនជាប់ចោទ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៥ ខែ​ មិថុនា ឆ្នាំ ២០១៩ បាន​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ១០ ​ឆ្នាំ​ ពី​បទ​រំលោភ​សេពសន្ថវៈ​តាម​បញ្ញត្តិ​មាត្រា ២៤១ នៃ​ក្រមព្រហ្មទណ្ឌ​។

នៅក្នុង​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​ជន​ជាប់ចោទ មាស សុវណ្ណា ឆ្លើយ​ប្រាប់​ចៅក្រម​ថា ករណី​នេះ​គាត់​មិនបាន​ប្រព្រឹត្ត​ទៅលើ​កូន​របស់​គាត់​ទេ​។ ជនជាប់ចោទ​ថា៖ «​កូនស្រី​ខ្ញុំ​មាន​ផ្ទៃពោះ​មិន​ដឹង​ជា​នាង​ទៅ​មាន​កូន​ជាមួយ​នរណា​ទេ បើ​ថា​ខ្ញុំ​ប្រព្រឹត្ត​គឺ​មិនមែន​ទេ​។ ខ្ញុំ​សុំ​តុលាការ​ដោះលែង​ខ្ញុំ​»​។

ទោះយ៉ាងណា​លោកស្រី​ចៅក្រម​ ទិត សុទ្ធិបូរ៉ាលក្ខណ៍ បាន​ប្រាប់​ទៅ​ជនជាប់ចោទ​ក្នុង​អង្គ​សវនាការ​ថា ពាក់ព័ន្ធ​រឿង​នេះ​កាលពី​នៅ​ដំណាក់កាល​សាកសួរ​របស់​នគរបាល លោក​មិនបាន​ឆ្លើយ​សារភាព​ទេ​។ ប៉ុន្តែ​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​គឺ​លោក​បាន​ឆ្លើយ​សារភាព​ពី​ទង្វើ​របស់​លោក​។

លោក​ សរ យសថាវរៈ ​តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា តាម​អង្គហេតុ​កាលពី​នៅ​ដំណាក់កាល​នគរបាល​សួរចម្លើយ គឺ​ជនជាប់ចោទ​មិន​បាន​សារភាព​ទេ​។ តែ​ជនជាប់ចោទ​សារភាព​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​។ លោក​ថ្លែងថា​៖ «​ប៉ុន្តែ​នៅ​សាលាឧទ្ធរណ៍​ពេលនេះ​គាត់​មិន​បាន​សារភាព​ទេ​។ ទោះ​យ៉ាងណា​ខ្ញុំ​សូម​តម្កល់​សាលក្រម​ដដែល​»​។

ប៉ុន្តែ​លោក ពេជ្រ ផល្លាសម្បត្តិ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​សន្និដ្ឋាន​ថា ក្រោយពី​បាន​ស្តាប់​ការឆ្លើយបំភ្លឺ​របស់​កូនក្តី​លោក​​ និង​ក្រោយ​ស្តាប់​ការសន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ​មក​លោក​យល់​ថា​កូនក្តី​លោក​បាន​ឆ្លើយ​បដិសេធ​នៅ​សាលាឧទ្ធរណ៍ ដូច្នេះ​លោក​សូម​តុលាការ​ដោះលែង​គាត់​វិញ​។

ក្រោយ​ជំនុំជម្រះ​លោកស្រី​ចៅក្រម​ ទិត សុទ្ធិបូរ៉ាលក្ខណ៍ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ថា សាលដីកា​រឿងក្តី​នេះ​ប្រកាស​នៅ​ថ្ងៃទី​ ២៥ ​ខែ​តុលា​៕