ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញបានសម្រេចបដិសេធដោយផ្ទាល់មាត់លើបណ្តឹងសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដោយមិនបានបញ្ជាក់ប្រាប់ភ្លាមៗអំពីមូលហេតុនោះទេដោយគ្រាន់តែថាមូលហេតុលម្អិតចំពោះការបដិសេធនេះនឹងត្រូវធ្វើជាលាយលក្ខណ៍អក្សរលើសាលដីកានៅពេលក្រោយ។
សវនាការជំនុំជម្រះលើបណ្តឹងស្នើសុំនៅក្រៅឃុំនេះត្រូវបានធ្វើឡើងដោយលោកចៅក្រម ប្លង់ សំណាង និងតំណាងអយ្យការលោក ង៉ែត សារ៉ាត ព្រមទាំងមេធាវីការពារក្តីតែមិនមានវត្តមានរបស់ជនជាប់ចោទលោក សុខហួរ នោះទេ។
ក្នុងដំណើរការសវនាការមេធាវីការពារក្តីជនជាប់ចោទលោក ជូង ជូងី បានលើកនូវសំអាងហេតុមួយចំនួនក្នុងការស្នើសុំដោះលែងកូនក្តីរបស់ខ្លួនក្នុងនោះរួមមានការតម្កល់ប្រាក់ធានានៅក្រៅឃុំចំនួន ២០ លានរៀល ការធានាចូលខ្លួនទៅបំពេញគ្រប់នីតិវិធីរបស់តុលាការ និងការធានាមិនបង្កហេតុធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។
ប៉ុន្តែតំណាងអយ្យការលោកព្រះរាជអាជ្ញា ង៉ែត សារ៉ាត បានអះអាងថាការស្នើសុំរបស់ជនជាប់ចោទគឺពុំមានភ័ស្តុតាងថ្មីណាមួយដែលជាមូលដ្ឋានក្នុងការពិចារណាខុសពីមុនដែលសាលាដំបូងបានចេញសាលក្រមបដិសេធនៅក្រៅឃុំនោះទេ។
បន្ទាប់ពីបើកសវនាការអស់រយៈពេលប្រមាណជាកន្លះម៉ោងកាលពីព្រឹកម្សិលមិញលោក ប្លង់ សំណាង ក៏បានប្រកាសបិទសវនាការហើយក្នុងរយៈពេលជាងពីរម៉ោងក្រោយមកបានចេញមកប្រកាសផ្ទាល់មាត់ដោយច្រានចោលសំណើសុំនៅក្រៅឃុំនេះ។
លោកមេធាវី ជូង ជូងី បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីតុលាការប្រកាសថា៖ «វាអត់យុត្តិធម៌សម្រាប់លោក ហុង សុខហួរ គាត់មានវ័យចំណាស់ទៅហើយគាត់ជាសមាជិកព្រឹទ្ធសភាផងរហូតមកទល់ពេលនេះព្រឹទ្ធសភាក៏មិនទាន់បានដកអភ័យឯកសិទ្ធិរបស់គាត់នៅឡើយទេគាត់មានតួនាទីក្នុងវិស័យយុត្តិធម៌ និងធ្វើច្បាប់ទៀតខ្ញុំស្តាយណាស់ដែលគេមិនដោះលែងគាត់... ខ្ញុំសង្ឃឹមថាមហាជននឹងតាមដានរឿងនេះ»។
បើតាមលោក ជូង ជូងី ក្រុមមេធាវីរបស់លោក ហុង សុខហួរ នឹងពិភាក្សាជាមួយកូនក្តីដើម្បីបន្តនីតិវិធីប្តឹងសារទុក្ខទៅកាន់តុលាការស្នើសុំឲ្យកូនក្តីបាននៅក្រៅឃុំ។ លោក ជូងី បន្ថែមថាក្រុមមេធាវីមានសុទិដ្ឋិនិយម និងបានត្រៀមខ្លួនរួចជាស្រេចនូវការដាក់បង្ហាញភ័ស្តុតាងដែលមានក្នុងប្រព័ន្ធអ៊ីនធឺណិតដើម្បីដោះបន្ទុកកូនក្តីឲ្យរួចផុតពីការចោទប្រកាន់។
លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានទៅតាមឃ្លាំមើលសវនាការនេះបានថ្លែងថាផ្អែកតាមសំអាងហេតុដែលមេធាវីបានដាក់បង្ហាញតុលាការគប្បីបង្ហាញជំហរឯករាជ្យទទួលយក និងអនុញ្ញាតឲ្យលោក ហុង សុខហួរ នៅក្រៅឃុំ។
លោកថា៖ «គាត់មានប្រាក់គ្រប់គ្រាន់ដាក់តម្កល់ ដី និងអាស័យដា្ឋនច្បាស់លាស់ និងការធានាគោរពតាមនីតិវិធីមិនគួរណាបដិសេធទេ។ ខ្ញុំសង្ឃឹមថាតុលាការកំពូលនឹងផ្តល់យុត្តិធម៌លើរឿងនេះ»។
ទីប្រឹក្សាបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ថាការសម្រេចរបស់ចៅក្រមបដិសេធលើការស្នើសុំនេះដោយមិនទាន់បានបញ្ជាក់ពីមូលហេតុនេះគឺបានបង្ហាញយ៉ាងច្បាស់ពីសម្ពាធនយោបាយមកលើប្រព័ន្ធតុលាការ។
លោកថា៖ «បច្ចុប្បន្នយើងឃើញថាគណបក្សទាំងពីរកំពុងតែតានតឹងនឹងគ្នាអ៊ីចឹងហើយតុលាការគឺមិនហ៊ានសម្រេចនោះទេ។ ធម្មតារឿងក្តីបែបនេះកាលណាមានភ័ស្តុតាង និងសំអាងហេតុសមរម្យជនជាប់ចោទគប្បីត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំ»។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៥ ដែលការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យតាមចាប់ខ្លួន។
បច្ចុប្បន្នលោក សុខហួរ ត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃសដោយរងការចោទប្រកាន់បីបទល្មើសរួមមានការក្លែងឯកសារសាធារណៈការប្រើប្រាស់ឯកសារក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ព័ន្ធនឹងបកស្រាយសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ ដែលត្រូវបានដាក់បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ៕