ភ្នំពេញៈ សាលា​ឧទ្ធរណ៍​​កា​ល​​ពី​ម្សិល​មិញ បាន​សម្រេច​បន្ធូ​រ​បន្ថយ​ទោសអតីត​គ្រូ​បង្រៀន​សា​លា​​​ប​ឋ​ម​សិក្សា​ថ្ម​កែវ ក្នុង​ស្រុក​​រ​លា​ប្អៀរ​​​​​ ខេត្ត​កំពង់ឆ្នាំង​ម្នាក់​ដែល​ជាប់​​ចោទ​​ពីបទ​បៀត​​បៀន​កេរ្តិ៍​ភេទ​ក្មេង​ស្រី​​ជា​សិស្ស​របស់​ខ្លួន​ឯង​ចំ​នួន​ ៤ ​នា​ក់​​​ដែល​មាន​អាយុ​ពី ១៣​ ទៅ​ ១​៤ ​ឆ្នាំកាល​ពី​ឆ្នាំ​ ២​០​១​៣​ ត្រូវ​បា​ន​បន្ថយ​ទោស​ពី​ ៥ ​ឆ្នាំ​​មក​នៅ​ត្រឹម ៣ ​ឆ្នាំ​វិញ។

សំណុំ​រឿង​នេះ​ជន​ជាប់​ចោទ​បាន​រត់​គេច​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​​ផ្ទុះ​រឿង​អាស្រូវ​នេះ​មក​។​នៅ​ក្នុង​បន្ទប់​ស​វ​នា​ការ​កាល​ពី​ម្សិល​មិញ​ដែល​អ​​វត្ត​មាន​ទាំ​ង​​ជន​ជាប់​ចោទ​ ទាំង​​មេ​ធា​វី​ការ​​ពារ​​សិទ្ធិ​​ ឲ្យ​ជន​ជាប់​ចោទ​នោះ​លោក​ចៅ​ក្រម​ចាយ​ ច័ន្ទ​តា​រា​វណ្ណ​ បាន​អាន​សាល​ដី​កា​ថា ​នៅ​ក្នុង​សំ​ណុំ​រឿង​នេះ ​មាន​ជនជាប់​ចោទ​ឈ្មោះ​កែម ​ចាន់​ឆេន​​​​ជា​អ​តី​ត​គ្រូ​បង្រៀ​ន​​ នៅ​សា​លា​ប​ឋ​ម​សិក្សា​មួយ ​​ក្នុង​ស្រុក​រ​លាប្អៀរ​​ខេត្ត​ហើយ​ក្រោយ​ពី​បាន​សួរ​ដេញ​ដោល​​ផ្ទាល់​មាត់ ​​និង​បាន​ស្តាប់​​ចម្លើយ​​របស់​ជន​ជា​ប់​​​ចោទនិង​សេច​ក្តី​សន្និដ្ឋាន​រប​ស់​មេ​ធា​វី​ការ​ពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​​ចោទ​ និង​ក្រោយ​ពី​បាន​ពិនិត្យលើ​អង្គ​ហេតុ​ព្រម​ទាំង​បាន​ផ្ទៀ​ង​​​ផ្ទាត់​ចម្លើយ​របស់​ក្មេង​ស្រី​រង​គ្រោះ​​​ទាំង ៤ នាក់​មក​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​សា​លា​ឧទ្ធរណ៍​យល់​ឃើ​ញ​ថា​ ចម្លើយ​កាល​ពី​នៅ​សា​លា​ដំ​បូង​ខេត្ត​កំ​ពង់​ឆ្នាំង​ របស់​ក្មេង​ស្រី​ទាំង​ ៤​ នាក់​ គឺ​ចម្លើយ​ខ្លះ​មាន​លក្ខណៈ​ស្រប​គ្នា​ និង​ចម្លើយ​ខ្លះ​ មាន​លក្ខណៈ​មិន​ស្រប​គ្នា​ នឹង​អង្គហេតុ​ឡើយ។

ចម្លើយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ថា​​ ជន​ជាប់​ចោទ​ជា​គ្រូ​បង្រៀន​របស់​ពួក​គេ​បាន​​ច្របា​ច់​ដោះ​និ​ង​លូក​ស្ទាប​អង្អែល​ប្រ​ដាប់​ភេទ​ និង​ឱប​ថើប​ ហើយ​មាន​ពេ​ល​ខ្លះ​លោក​គ្រូ​ជា​ជន​ជាប់​ចោទ​នោះ​ បាន​សម្រាត​សំ​ពត់​ពួក​គេ​នៅ​នឹង​មុខ​ថ្នាក់​រៀន​ផង។

លោក​ចៅ​ក្រម​ថ្លែង​ក្នុង​​អង្គសវ​នាការ​ថា​៖​ «​ហេតុ​ដូច្នេះ​​ ក្រុម​ប្រឹក្សា​ជំ​នុំ​ជម្រះ ​​យល់​ថា​ រឿង​នេះ​​ មាន​តែ​បទ​ល្មើស​ប្រ​ទូស្ត​កេរ្តិ៍​តែ​ប៉ុណ្ណោះ​ ហើយ​អំពើ​នេះជន​ជាប់​ចោទ​​ប្រ​ព្រឹត្ត​តែ​ ទៅ​លើ​ក្មេង​ស្រី​ម្នាក់​​ប៉ុណ្ណោះ​។​ ដូច្នេះ​គប្បី​សា​លា​​ឧទ្ធរណ៍​ពិចា​រ​​ណា​និង​កែ​ប្រែ​ទណ្ឌ​កម្ម​ទោស​ ពី​ជាប់​ពន្ធនាគារ​ ៥​ ឆ្នាំ​មក ​៣​ ឆ្នាំ​វិញ ​ហើយ​ត្រង់​សំណង​ជំ​ងឺ​​ចិត្ត​ដែល​អា​ណា​ព្យា​បាល​សិ​ស្ស​​៣​នាក់​​ប្តឹង​ទាម​ទារ​នោះ ​ក៏​តុ​លា​ការ​មិន​តម្រូវ​ឲ្យ​ជន​ជាប់​ចោទ​សង​ទៅ​ក្មេង​ទាំង​​ ៣​ នាក់ ​ដែល​​មាន​ឈ្មោះ​​ក្នុង​បណ្តឹង​ដែរ​។​ ប៉ុន្តែ​ជន​ជាប់​ចោទ​ ត្រូវ​សងសំ​​ណង​ជំ​ងឺ​ចិត្ត​ទៅ​ក្មេង​ស្រី​រងគ្រោះ​ម្នាក់​ឈ្មោះ​ ម​.​ស​.​ល​ ចំ​នួន ​១០ លានរៀល»។

លោក​មេ​ធា​វី​​ គា​ អ៊ាវ​​ បាន​ថ្លែង​កាល​​​ពី​ម្សិល​មិញ​ថា ​​ក្នុង​នាម​លោក​​ជា​​មេ​ធា​​វី​​ការពារ​​សិទ្ធិ​ឲ្យកូន​ក្តី​ ហើយ​​នៅ​ពេល​​ដែល​សា​លា​ឧទ្ធរណ៍ ​​បន្ថយទោស​ ឲ្យ​កូនក្តី​​ គឺ​គ្មាន​អ្វី​​ក្រៅ​ពី​​សប្បាយ​ចិត្ត​នោះ​ទេ​ មាន​ន័យ​ថា ​តុ​លា​ការ​បាន​ផ្តល់​នូវ​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោក​បើ​ទោះ​បី​ជា​កូន​ក្តី​របស់​លោក​បាន​រត់​គេច​ខ្លួន​ចាប់​តាំង​ពី​មានការ​ប្តឹង​រូប​លោក​ក៏ដោយ។​

លោក​បញ្ជាក់​​ថា​៖​​ «​រឿង​នេះ​គឺ​សាក្សី​​ទាំង​អស់​ មិន​បាន​ឆ្លើយ​ថា​​ បាន​ឃើញ​លោក​គ្រូ​ហ្នឹង​ បាន​បៀត​បៀន​ទៅ​លើ​ក្មេង​ស្រី​ដ​ទៃ​​ទៀត​ ក្រៅ​តែ​ពី​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​​ ម​.​ស​.​ល​នោះ​ទេ​។ ​អ៊ីចឹង​បាន​ន័យ​ថា​ ការ​ផ្ដន្ទា​ទោ​ស​ដល់​កូន​ក្តី​ខ្ញុំ​ពី​ថ្នាក់​ក្រោ​ម​​​មក​ ដោយ​សំ​អាង​ថា​​ គាត់​បៀត​បៀន​កេរ្តិ៍​ភេទ​ ទៅ​លើ​ក្មេង​ដ​​ទៃ​ក្រៅ​​ពី​ក្មេងម្នាក់​ឈ្មោះម​.​ស​.​ល គឺ​ខ្ញុំ​គិត​ថា​ ជា​ការ​យល់​ច្រ​ឡំ​​។ ​តុលាការ​​ឧទ្ធរណ៍​​ លោក​ពិត​ជា​មាន​ការ​ស្វែង​យល់​ និង​​ពិត​ជា​​មាន​គ​តិ​បណ្ឌិត​ ផ្តល់​យុត្តិធម៌​ត្រឹម​ត្រូវ​ហើយ»។​

សូម​រំឭក​ថា ​ក្នុង​ពាក្យ​បណ្តឹង​របស់​អា​ណា​ព្យា​បាល​សិស្ស​ទាំង​ ៤ ​នាក់​បាន​រៀប​រាប់​ថា​ លោក​គ្រូ​បង្រៀន​សិស្ស​ថ្នាក់​ទី​ ៦ ​(ក)​ នៃ​សាលា​បឋមសិក្សា​ ថ្ម​កែវ​ ឈ្មោះ​ កែម​​ ចាន់​ឆេន​​ បាន​ប្រព្រឹត្ត​ទៅ​លើ​សិស្ស​ស្រី​ខ្លួន​ឯង​ មាន​អា​យុ​ចន្លោះពី​ ១​៣​ ឆ្នាំ​ទៅអា​យុ​ ១​៤​ ឆ្នាំ​ចំ​នួន​ ៤​ នាក់​ ដោយ​ប្តឹង​ចោទ​ប្រ​កាន់​ពី​​បទប្រទូស្ត​កេរ្តិ៍។

ពាក្យ​បណ្តឹងបាន​​រៀប​រាប់​ថា ​នៅ​ក្នុង​អំ​ឡុង​ចាប់​ពី​ខែ​កុម្ភៈ​មក​ដល់​ពាក់​កណ្តាល​ខែ​ឧសភា​ឆ្នាំ ​២​០​១​៣ ​ឈ្មោះ ​កែម ​ចាន់​ឆេន​ តែង​លប​ចាប់​ឱប​​​ និង​បាន​ច្រ​បាច់​សុ​ដន់​កូន​ៗ​​របស់​ពួក​គាត់​ជា​រឿយ​ៗ​ដែ​ល​ពេលខ្លះនៅ​ក្នុង​ថ្នាក់​ម្នាក់​ឯង​ ពេល​សិស្ស​ឯទៀត​ចេញ​លេង​ ហើយ​​ពេល​ខ្លះ​​ទៀតបាន​ធ្វើ​បែប​នេះ​នៅ​ផ្ទះ​របស់​គ្រូ​បង្រៀនជាប់​ចោទ​ទៀត​ផង​​ នៅ​ពេល​ដែល​កូនៗ​ពួកគាត់​ទៅ​រៀន​គួរ​នៅ​ផ្ទះ​គ្រូបង្រៀន​នោះ​​ ពេល​ដែល​ប្រពន្ធ​គាត់​មិន​នៅ​ផ្ទះ៕