ភ្នំពេញៈ សាលា​ឧទ្ធរណ៍​​​​នៅថ្ងៃទី១៤ខែសីហានេះ បាន​​បើក​សវនា​កា​រ​ជំនុំ​ជម្រះ​ស្រ្តី​​ជាប់​ចោទ​ម្នាក់​ ​ដែ​ល​ត្រូវ​​​សា​​​​​​លា​ដំបូង​ខេត្ត ​ព្រះ​វិហារ ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ ១​ ឆ្នាំ កន្លះ​ដោយ​សារ​តែ​ស្ត្រី​រូប​នេះឲ្យ​លេ​ខ​​ទូរស័ព្ទ​គ្រូ​​មន្ត​អាគម ទៅ​​ស្ត្រី​រង​គ្រោះ​ម្នាក់​ហើយ​​​ស្ត្រី​រង​គ្រោះ​បាន​ចាញ់​បោក​គ្រូមន្ត​អា​គមនោះ​អស់​ប្រាក់​ ​១៥ ០​០​០ ​ដុល្លារ។

ស្រ្តី​ជាប់​ចោទ​ឈ្មោះ ​ប៊ុន ​ធឿ​ន​រ៉ា​យ៉ា​អា​យុ​ ៥០ ​ឆ្នាំ​និយាយ​ប្រា​ប់​ចៅ​ក្រម​​នៅ​ក្នុង​សវនាការ​ថា​ អ្នក​ស្រី​បាន​ស្គាល់​ស្រ្តី​​ឈ្មោះ​ បូ​ សុ​ខេង ​រស់​នៅ​ភូមិ​ស្ថាពរ​ សង្កា​ត់​ប៉ា​ហាល​ ក្រុង​-​ខេត្ត​ព្រះ​វិ​ហារ​​ជា​មួយ​អ្នក​ស្រី​​។ ស្រ្តី​ជាប់​ចោទ​បន្ត​ថា​ បន្ទាប់​ពី​ស្គាល់​គ្នា​រយៈពេ​​ល​១​ខែ​ស្រ្តី​រង​គ្រោះ​ បាន​សួរ​​អ្នក​ស្រី​រក​គ្រូ​ទាយ​ ហើយ​អ្នកស្រី​​បាន​ឲ្យលេខ​ទូរស័ព្ទ​​គ្រូ​មន្ត​​អាគមម្នាក់​ ព្រោះ​គ្រូ​​នោះ​ធ្លា​ប់​ឲ្យ​លេខ​ឆ្នោត​​អ្នក​ស្រី ​ហើយ​​អ្នក​ស្រី​​ចាក់​ត្រូវ។ ​​

ស្ត្រី​ជាប់​ចោទ​ប្រាប់​តុលាការ​ថា​៖​ «​រឿង​នេះ ​ខ្ញុំ​ទទួល​ស្គាល់​ថា​​ ខ្ញុំ​បាន​ផ្តល់​លេខ​ទូរស័ព្ទ​ទៅ​ស្រ្តី​​រ​​ង​គ្រោះ​មែន​ តែ​ខ្ញុំ​មិន​បាន​ចូល​រួម​ក្នុង​ការ​បោក​លុយ​ទេ​ ព្រោះ​ ពេល​ស្រ្តី​រងគ្រោះ​​ឲ្យ​លុ​យ​​ទៅ​គ្រូ​ទាយ​នោះ​ខ្ចី​​ក៏​​គាត់​មិន​បា​ន​ប្រាប់​ខ្ញុំ​ដែរ​។ ​ខ្ញុំ​សូម​តុលា​កា​រ​ដោះ​លែង​ខ្ញុំ​ឲ្យ​មាន​សេរីភាព​វិញ​​ផង ​​ព្រោះ​​ខ្ញុំ​មាន​កូន​ស្រី​តូច​ម្នាក់​គ្មាន​អ្នក​ថែ​ទាំ​​ទេ​​ ហើយ​ខ្ញុំ​ស៊ី​ឈ្នួល​គេ​ដើម្បី​ចិញ្ចឹម​កូន​»​​។​

ស្រ្តី​ជាប់​ចោទ​ត្រូវ​បាន​សមត្ថ​​​​កិច្ច​​ចាប់​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​ ២​២​ ខែ​ មេសា​ ឆ្នាំ​ ២​០​១​៧ ​និង​​ត្រូ​វ​សា​លា​ដំ​បូង​ខេត្ត​ព្រះ​វិ​ហា​រ​កា​ល​​ពី​ថ្ងៃ​ទី​៧​ ខែ​កុម្ភៈ ​ឆ្នាំ២​០​១​៨ ​ផ្តន្ទា​ទោស​ដាក់​គុក ​១ ឆ្នាំ​កន្លះ​​ចោទ​ពី​បទ​ផ្តើម​គំនិត ​ក្នុង​អំពើ​ឆបោក​ និង​បង្គាប់​ឲ្យ​សង​លុយ​ទៅ​ស្រ្តីរង​គ្រោះ​ ១៥ ០០​០ ដុល្លា​​រ​។

ស្រ្តី​រង​គ្រោះ​ឈ្មោះ​ បូ​ សុ​ខេង​ បាន​ប្រាប់​ចៅ​ក្រម​ ក្នុង​សវនា​កា​រ​​ថា​ បន្ទាប់​ពី​អ្នក​ស្រី​​បាន​លេ​ខ​ទូរស័ព្ទ​ហើយ ​​​អ្នក​ស្រី​​ក៏ឲ្យ​គ្រូ​មន្តអាគម​​​នោះ​​ទស្សន៍​ទា​យ​​​តាម​ទូរស័ព្ទ​ ហើយ​​ស្រ្តី​គ្រូ​ទាយ​នោះ ​​ប្រាប់​ថា ​អ្នក​ស្រី​​ត្រូវ​​មាន​គ្រោះ​ និង​ ត្រូវ​រៀប​ចំ​សំ​ណែន​ឲ្យ​មាន​ហុ​ង​ស៊ុយ​ឡើង​វិញ​ ហើយ​ស្រ្តី​គ្រូ​ទាយ​នោះ​ បាន​​ឲ្យ​អ្នក​ស្រី​ផ្ញើលុយ​ទៅ​ឲ្យ​គាត់​នៅ​ខេត្ត​ពោធិ៍សាត់​។​

បន្ទាប់​ពី ​​អ្នក​ស្រី​​ផ្ញើលុយ​​ទៅ​ គ្រូទាយ​​មន្ត​អាគមន៍​នោះ​ បាន​ផ្ញើ​ជា​ក្រ​មួនទឹក​​សិល្ប៍និង​កន្សែង​​យន្ត​តាម​រថយន្ត​ឈ្នួល​​មក​​ឲ្យ​ស្រ្តី​ជាប់​​ចោ​​ទ​​ នៅ​ខេត្ត​ព្រះវិហារ​ ហើយ​ស្រ្តី​ជាប់​ចោទ ​យក​​របស់​នោះ​ទៅ​ឲ្យ​​អ្នក​ស្រី​បន្ត​។​ ​

ស្ត្រីរងគ្រោះបញ្ជាក់ថា៖​ «​ខ្ញុំ​ផ្ញើលុ​យ​ឲ្យ​គ្រូ​នោះ​ជា​ហូរហែ រ​ហូត​ដល់​ ១​៥ ​០​០​០​ ដុល្លារ​ ហើយ​​គ្រូ​ទាយ​នោះ​ ក៏​បិទ​ទូរស័ព្ទ​ រី​ឯ​ស្រ្តី​ជាប់​ចោទ​ ក៏​ខ្ញុំ​មិន​អាច​​ទាក់​ទង​បាន​ទៀត ​ទើប​ខ្ញុំ​ប្តឹង​សមត្ថកិច្ច​ ឲ្យ​ចាប់​ខ្លួន​គាត់​ទៅ​​។​ ពេល​ខ្ញុំ​ផ្ញើលុយ​ម្តង​ៗ​ខ្ញុំ​មិន​ដែល​ប្រា​ប់​​ស្រ្តី​ជាប់​ចោទ​ទេ​»​។

កញ្ញា​ព្រះ​រាជ​អាជ្ញា​ យិន​​ សុ​គន្ធារី​ តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា​៖ ​«​បើ​ពិនិត្យ​តាម​អង្គហេតុស្រ្តី​ជាប់​ចោទ​ត្រឹម​តែ​ផ្ត​ល់​​លេខ​ទូរស័ព្ទ​ទៅ​ឲ្យ​ស្រ្តី​រងគ្រោះ​ប៉ុណ្ណោះ​។ ​រឿង​នេះ​ខ្ញុំ​សូម​​ក្រុម​​ប្រឹក្សា​ជំ​នុំ​ជ​ម្រះ​ពិ​ចារ​ណា​តា​​ម​ច្បាប់​»​។​

សាល​ដីកា​សំណុំរឿងនេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ២៩ ខែ​សីហា៕