ភ្នំពេញៈ សាលា​ឧទ្ធរណ៍​កាលពី​ម្សិលមិញ បាន​លើក​ពេល​ជំនុំ​ជម្រះ​ជន​ជាប់​ចោទ ២ នាក់​ប្តី​ប្រពន្ធ ដោយសារ​អវត្តមាន​បុរស​ជា​ប្តី​ពាក់​ព័ន្ធ​នឹង​ការ​ចាក់​សម្លាប់​ជន​រងគ្រោះ​ប្រព្រឹត្ត​កាល​ពី​ឆ្នាំ ២០១៦ នៅ​ភូមិ ស្លែង​រលើង សង្កាត់​ទឹក​ថ្លា ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ។

លោកស្រី​ចៅក្រម គឹម ដានី ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ប្រាប់​ស្រ្តី​ជាប់​ចោទ​ដែល​ឈរ​នៅ​មុខ​ក្រចក​សេះ​ក្នុង​សវនាការ​ថា៖ «សំណុំ​រឿង​នេះ តុលាការ​មិន​អាច​ជំនុំ​ជម្រះ​បាន​ទេ ព្រោះ​សវនាការ​តម្រូវ​ឲ្យ​មាន​វត្តមាន​ជន​ជាប់​ចោទ​ជា​ប្តី​មក​ឆ្លើយ​បំភ្លឺ ដោយសារ​រឿង​នេះ​ជា​រឿង​ឧក្រិដ្ឋ ព្រោះ​ជន​ជាប់​ចោទ​ទាំង ២ នាក់​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ម្នាក់ៗ​ដល់​ទៅ ១០ ឆ្នាំ»។

ស្រ្តី​ជាប់​ចោទ​បាន​ប្រាប់​ចៅក្រម​ថា៖ «ខ្ញុំ​ទើប​តែ​ឃើញ​ឈ្មោះ​លើ​ក្តារខៀន​ ហើយ​ខ្ញុំ​ត្រូវ​បាន​ដឹក​មក​ជំនុំ​ជម្រះ​ភ្លាមៗ។ ឯ​ប្តី​ខ្ញុំ​គាត់​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ហើយ​ប្រហែល​ជា​គាត់​មិន​ដឹង​អំពី​ការ​ជំនុំ​ជម្រះ​ថ្ងៃ​នេះ​ទេ»។

ព្រះរាជ​អាជ្ញា​គឺ កញ្ញា គឹម កែវកល្យាណ តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា ដោយសារ​រឿង​នេះ​ជា​បទ​ល្មើស​ឧក្រិដ្ឋ ដូច្នេះ​ត្រូវ​ឲ្យ​មាន​វត្តមាន​ជន​ជាប់​ចោទ​បំភ្លឺ។ ដូច្នេះ​សូម​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​លើក​ទៅ​ពេល​ក្រោយ​ចុះ។

តាម​អង្គហេតុ​បង្ហាញ​ថា កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ ២០១៦ ស្រ្តី​ជាប់​ចោទ​ឈ្មោះ ឆោម ណៃ អាយុ ៣៥ ឆ្នាំ​និង​ប្តី​ឈ្មោះ ឡឹង សុខរ៉ា អាយុ ៣៧ ឆ្នាំ បាន​ទាស់​សម្តី​ជាមួយ​ស្រ្តី​រងគ្រោះ​ឈ្មោះ ឈួន ចាន់ថា អាយុ ៣៣ ឆ្នាំ​រឿង​បង្ហូរ​ទឹក​ដាក់​មុខ​តូប​លក់​ដូរ។

អង្គ​ហេតុ​បង្ហាញ​បន្ត​ថា ក្នុង​ជម្លោះ​នោះ​ស្រ្តី​ជាប់​ចោទ​បាន​យក​កាំបិត​បុ័ងតោ គប់​លើ​ស្រ្តី​រងគ្រោះ​ចំ​ដើម​ទ្រូង​ជាប់​កាំបិត។ ភ្លាមៗ​នោះ​បុរស​ជា​ប្ដី​ដែល​ជា​អ្នក​លក់​ទឹក​អំពៅ​បាន​រត់​ទៅ​ដក​កាំបិត​ចេញ តែ​បែរ​ជា​សង្កត់​ឲ្យ​កាំបិត​កាន់​តែ​មុត​ជ្រៅ​ទើប​ដក​ចេញ។ ភ្លាម​នោះ​ក្រុម​គ្រួសារ​បាន​ដឹក​ស្រ្តី​រងគ្រោះ​ទៅ​ពេទ្យ​ ប៉ុន្តែ​ដោយ​មុខ​របួសធ្ងន់​ពេក​ក៏​ដាច់​ខ្យល់​ស្លាប់​ទៅ៕