ភ្នំពេញៈ ឧបរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោកស្រី Wendy R. Sherman នឹងធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ប្រទេស​អាស៊ាន​មួយចំនួន​ទៀត​ជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​ដំបូង​របស់​លោកស្រី​ទៅកាន់​ប្រទេស​ជាច្រើន​។ ទស្សនកិច្ច​នេះ​ធ្វើឡើង​ ខណៈ​ដែល​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​សហរដ្ឋអាមេរិក​ត្រូវ​រៀបចំ​នៅ​ថ្ងៃទី​ ២៥ ខែឧសភា​។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ២១ ខែឧសភា​ថា លោកស្រី Wendy R. Sherman នឹង​ធ្វើដំណើរ​ទស្សនកិច្ច​ចាប់​ទី​ថ្ងៃទី​ ២៥ ខែឧសភា ដល់​ថ្ងៃទី​ ៤ ខែមិថុនា ទៅកាន់​ទីក្រុង​ប្រ៊ុចសែល​នៃ​ប្រទេស​បែលហ្ស៊ិក ក្រុង​អង់ការ៉ា​នៃ​ប្រទេស​តួកគី រដ្ឋធានី​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ក្រុង​បាងកក ប្រទេស​ថៃ និង​ក្រុង​ហូណូលូលូ នៃ​រដ្ឋ​ហាវ៉ៃ​សហរដ្ឋអាមេរិក​។

ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ដោយ​ប្រើ​អតីត​ឈ្មោះ​ប្រទេស​មីយ៉ាន់ម៉ា​ដូច្នេះ​ថា​៖ «​ក្នុង​តំបន់​អាស៊ាន លោកស្រី​នឹង​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ភាពចាំបាច់​របស់​តំបន់​អាស៊ាន និង​ដោះស្រាយ​ទ្វេភាគី និង​តំបន់​។ អាមេរិក​ក៏ប្រឹងប្រែង​ជំរុញ​យោធា​ភូមា​ឱ្យ​បញ្ឈប់​អំពើហិង្សា ដោះលែង​អ្នក​ជាប់ឃុំ​ដោយ​អយុត្តិធម៌​ទាំងអស់​នោះ និង​ស្តារ​ភូមា​ឱ្យ​ដើរ​លើផ្លូវ​ឆ្ពោះទៅ​រក​ប្រជាធិបតេយ្យ​ឡើងវិញ​»​។

ដោយ​មិន​បញ្ជាក់ ឬ​ផ្តល់​កាលបរិច្ឆេទ​ច្បាស់លាស់ ក្រសួង​ការបរទេស​អាមេរិក​លើក​ឡើង​ថា លោកស្រី Wendy R. Sherman នឹងមាន​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ពេលមក​ដល់​ទីក្រុង​ភ្នំពេញ​។

លោកស្រី Wendy R. Sherman ថ្លែង​តាម​បណ្ដាញ​ធ្វីធើរ​កាលពី​ថ្ងៃទី​ ២១ ខែឧសភា​ថា​៖ «​ខ្ញុំ​កំពុង​ទន្ទឹងរង់ចាំ​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់ខ្ញុំ​ក្នុង​នាម​ជា​ឧបរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​។ បន្ថែម​ទៅនឹង​ការដឹកនាំ​កិច្ចសន្ទនា​ដំបូង សហរដ្ឋអាមេរិក និង​អឺរ៉ុប​ស្តីពី​ចិន​នៅ​ក្រុង​ប្រ៊ុចសែល ខ្ញុំ​នឹង​ជួប​ជាមួយ​មន្ត្រី​ប្រទេស​តួកគី និង​សង្គម​ស៊ីវិល​នៅ​ក្រុង​អង់ការ៉ា និង​បន្ត​ជាថ្មី​នូវ​ទំនាក់ទំនង​សហរដ្ឋអាមេរិក​ជាមួយ​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី កម្ពុជា និង​ថៃ​»​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក ​កុយ គួង ​កាលពី​ថ្ងៃទី​ ២២ ខែឧសភា បាន​បង្វែរ​សំណួរ​ដែល​សួរ​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​នេះ ទៅកាន់​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក លោក Chad Roedemeier ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២២ ឧសភា​ថា លោក​មិនទាន់​មាន​ព័ត៌មាន​លម្អិត ដើម្បី​ប្រកាស​ឱ្យដឹង​នៅពេល​នេះ​ទេ​។

ទន្ទឹម​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ លោក​ ប្រាក់ សុខុន នឹង​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​សហរដ្ឋ​អាមេរិក​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​ ២៥ ខែឧសភា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យដឹងថា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នឹង​ពិភាក្សា​ជាមួយ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken អំពី​វិធីសាស្ត្រ​នានា ដើម្បី​លើកកម្ពស់​បន្ថែមទៀត​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ភាពជា​ដៃគូ​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក ជាពិសេស​ក្នុង​ការដោះស្រាយ​វិបត្តិ​សុខុមាលភាព​សកល​នាពេល​បច្ចុប្បន្ន និង​ផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ចំណាប់អារម្មណ៍​រួម​។

ក្រសួង​ការបរទេស​កម្ពុជា​ថ្លែងថា​៖ «​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​នេះ ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​នយោបាយ និង​ការប្តេជ្ញា​ក្នុងការ​ជំរុញ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​សហរដ្ឋអាមេរិក សម្រាប់​កិច្ចសហប្រតិបត្តិការ​យូរអង្វែង ដើម្បី​សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ក្នុង និង​ក្រៅ​តំបន់​»​។

អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព លោក Bradley J. Murg រំពឹងទុក​ថា កិច្ចប្រជុំ​រវាង​លោកស្រី Wendy R. Sherman និង​សមភាគី​កម្ពុជា​នឹង​ជា​ឱកាស​មួយ សម្រាប់​រដ្ឋបាល​លោក Joe Biden បំភ្លឺ​បន្ថែមទៀត​នូវ​យុទ្ធសាស្ត្រ​របស់ខ្លួន ចំពោះ​អាស៊ីអាគ្នេយ៍ ដែល​ផ្ទុយទៅនឹង​យុទ្ធសាស្ត្រ​នយោបាយ​របស់​អតីត​រដ្ឋបាល​លោក ដូណាល់ ត្រាំ និង​កង្វល់​ជា​បន្ត​របស់​អាមេរិក​ទាក់ទង​នឹង​តួនាទី​របស់​ចិន​ក្នុង​ប្រទេស​កម្ពុជា​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ថ្លែងថា បច្ចុប្បន្ន​ទំនាក់ទំនង​កម្ពុជា និង​ចិន​មាន​ភាពគ្រប់​ជ្រុងជ្រោយ ខណៈ​ដែល​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក​មិនទាន់​រលូន​នៅឡើយ​។ ដូច្នេះ​ទស្សនកិច្ច​របស់លោក​ស្រី Wendy R. Sherman ​នេះ ជា​ឱកាស​មួយ ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២៕