កំពង់ធំៈ បុរសជាឪពុកបង្កើតដែលចាប់រំលោភកូនស្រីកាលពីថ្ងៃទី ៦ កុម្ភៈ នៅភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារនាថ្ងៃទី ៨ កុម្ភៈ បន្ទាប់ពីសមត្ថកិច្ចបញ្ជូនដល់តុលាការបាន ១ ថ្ងៃ។
ពាក់ព័ន្ធនឹងការឃុំខ្លួននេះភ្នំពេញប៉ុស្តិ៍បានទូរស័ព្ទទៅលោក វ៉ាន់ សេង អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ ដើម្បីសុំការបញ្ជាក់បន្ថែម ប៉ុន្តែលោកមិនបានលើកទូរស័ព្ទទេ។ ទោះយ៉ាងណាលោក ខ្លូត ណុយ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំប្រាប់ពីម្សិលមិញថា ជនឈ្មោះ បៀន ខូយ អាយុ ៥០ ឆ្នាំត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារខេត្តហើយ។
លោកថ្លែងថា៖ «គាត់សារភាពប្រាប់ខ្ញុំថា គាត់ពិតជាបានចាប់កូនគាត់រំលោភមែន។ ចំពោះគាត់ត្រូវចៅក្រមចោទពីបទរំលោភសេពសន្ថវៈតាមបញ្ញតិ្តមាត្រា ២៤០ នៃក្រមព្រហ្មទណ្ឌ»។
យោងតាមមាត្រា ២៤០ នេះប្រសិនបើតុលាការរកឃើញថា ជនត្រូវចោទពិតជាបានប្រព្រឹត្តមែននោះគាត់នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ។
ដោយឡែកលោក វ៉ន សុភ័ណ្ណ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្ទោង ប្រាប់ម្សិលមិញថាអំពើរំលោភសេពសន្ថវៈនេះសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះឈ្មោះ ប.ណ.រ អាយុ ៣១ ឆ្នាំដែលការដាក់ពាក្យបណ្តឹងនេះ បន្ទាប់ពីកើតហេតុបានប៉ុន្មានម៉ោងប៉ុណ្ណោះ។
ស្ត្រីរងគ្រោះ គឺជាកូនបង្កើតរបស់ជនសង្ស័យហើយបានរៀបការប្តី និងមានកូនប្រុសបងអាយុ ១១ ឆ្នាំ និងកូនស្រី ២ នាក់ទៀត។ រីឯប្តីរបស់ស្ត្រីរងគ្រោះទៅស៊ីឈ្នួលគេនៅស្រុកឆ្ងាយយូរៗទើបមកផ្ទះម្តង។ ស្ត្រីរងគ្រោះរស់នៅជាមួយឪពុក [ជនសង្ស័យ] ម្តាយនៅកន្លែងកើតហេតុខាងលើ។ ជនសង្ស័យក៏ជាមនុស្សស្រវឹងខួបដែរ។
លោករៀបរាប់ថានៅមុនពេលកើតហេតុវេលាម៉ោង ៦ យប់ស្ត្រីរងគ្រោះ និងកូនៗព្រមទាំងម្តាយរបស់គាត់បាននាំគ្នាហូបបាយនៅលើផ្ទះទាំងអស់គ្នា។ ក្រោយមកម្តាយរបស់គាត់បានចុះមកក្រោមផ្ទះដោយទុកឲ្យគាត់ និងកូនៗដេកនៅលើផ្ទះ។ រហូតដល់ម៉ោងជិត ៨ យប់ឪពុករបស់ស្ត្រីរងគ្រោះបានមកពីផឹកស្រាហើយឡើងទៅលើផ្ទះទាំងស្រវឹងជោគជាំផង។ ប៉ុន្តែស្ត្រីរងគ្រោះមិនបានចាប់អារម្មណ៍ថា នឹងអាចកើតមានករណីបែបនេះទេ ព្រោះយល់ថាអ្នកឡើងលើផ្ទះជាឪពុកទើបនាងគ្មានការប្រុងប្រយ័ត្ន។
លោកបន្តថា លុះពេលស្ត្រីរងគ្រោះដេកលក់មួយភាំងស្រាប់តែនាងមានអារម្មណ៍ថា មានមនុស្សនៅពីលើនាងទៅហើយ។ ពេលនោះស្ត្រីរងគ្រោះដឹងខ្លួន ហើយក៏ដឹងថា អ្នកដែលទ្រោបពីលើខ្លួនគឺជាឪពុក។ ដោយដឹងថាជាឪពុកនាងបានប្រាប់ឪពុកកុំឲ្យធ្វើផ្តេសផ្តាស។ ប៉ុន្តែជនសង្ស័យនៅតែមិនព្រមដើរចេញ ខណៈកូនៗរបស់នាងបានដេកលក់ទៅហើយ។
លោកប្រាប់តាមសម្តីស្ត្រីរងគ្រោះថា៖ «ពេលនោះគាត់បានគំរាមសម្លាប់ បើខ្ញុំហ៊ានស្រែកប្រាប់ម្តាយខ្ញុំ ហើយខ្ញុំសំងំឲ្យគាត់រំលោភខ្ញុំរហូតបានសម្រេច»។
លោក សុភ័ណ្ណ បន្តថាក្រោយពីយប់កើតហេតុដល់ព្រឹកថ្ងៃទី ៧ កុម្ភៈ ស្ត្រីរងគ្រោះបានមកប៉ុស្តិ៍នគរបាលដើម្បីដាក់ពាក្យបណ្តឹង។ បន្ទាប់ពីសមត្ថកិច្ចទទួលបានបណ្តឹងរបស់ស្ត្រីរងគ្រោះ និងសាកសួរដឹងហេតុផលមក សមត្ថកិច្ចក៏ចុះទៅដល់កន្លែងកើតហេតុ និងហៅជនសង្ស័យទៅប៉ុស្តិ៍នគរបាលសួរពីដំណើររឿងហើយសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យតែម្តង។
នៅប៉ុស្តិ៍នគរបាល ជនសង្ស័យបានសារភាពថា គាត់ពិតជាបានចាប់កូនស្រីរបស់គាត់រំលោភមែន និងបានសម្រេចតែ ១ ដងទេ។ ពេលគាត់ធ្វើសកម្មភាពគាត់ក៏បានគំរាមកូនស្រីកុំស្រែកបើស្រែកគាត់សម្លាប់ចោល។ ឯស្ត្រីរងគ្រោះក៏ប្រាប់សមត្ថកិច្ចថា ឪពុកនាងបានរំលោភគាត់បានសម្រេចតែ ១ ដងដែរ។
លោកថ្លែងថា៖ «ទាំងចម្លើយស្ត្រីរងគ្រោះ និងចម្លើយជនសង្ស័យមានភាពស៊ីចង្វាក់គ្នាដែលសមត្ថកិច្ចខ្ញុំអាចសន្និដ្ឋានថារឿងនេះពិតជាកើតមានមែន ទើបសមត្ថកិច្ចខ្ញុំសម្រេចឃាត់ខ្លួនជនសង្ស័យតែម្តង»៕