ភ្នំពេញៈ ឪពុកម្ដាយ​សិស្ស​ប្រមាណ​ ៥០ ​នាក់ ​នៅ​ព្រឹក​ថ្ងៃ​ម្សិលមិញ​បាន​នាំគ្នា​តវ៉ា​ជាថ្មី​នៅមុខ​សាលា​អន្តរជាតិ​ផារ៉ាហ្គន​ដើម្បី​បន្ត​ទាមទារ​ឲ្យ​បញ្ចុះតម្លៃ​សិក្សា​តាម​អនឡាញ ដោយ​ពួកគាត់​បាន​បញ្ជាក់ថា ក្នុង​ពេល​កំពុងមាន​វិបត្តិ​កូវីដ​ ១៩ បែរ​ជា​សាលា​ដំឡើង​ថ្លៃ​សិក្សា​កាន់តែ​ខ្ពស់​ជាង​មុន​។

នៅក្នុង​ការតវ៉ា​នេះ​ពួកគាត់​បាន​យក​ញតិ្ត​មួយ​ដែលមាន​ផ្ដិត​ស្នាម​មេដៃ​ឪពុកម្ដាយ​សិស្ស​ជាង​ ១៨០ ​គ្រួសារ​ ដាក់​ជូន​សាលាឯកជន​មួយ​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន​។

លោក កែង ណារុន ជា​ឪពុក​សិស្ស​ ២ ​នាក់ ​ដែល​រៀន​នៅ​សាលា​នេះ​បាន​ថ្លែងថា ក្រុម​ឪពុក​ម្ដាយ​សិស្ស​បាន​ទាមទារ​ ៤ ​ចំណុច​គឺ​ឱ្យ​រក្សា​តម្លៃ​សិក្សា​នៅ​ដដែល​បន្ទាប់ពី​សាលា​ទើប​សម្រេច​ដំឡើង​​ថ្លៃ​ ៨ ​ភាគរយ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ឆ្នាំ​ ២០២០-២០២១ សុំ​ពន្យារពេល​ចុះឈ្មោះ​ចូលរៀន​ដែល​សាលា​ដាក់​កំហិត​បិទ​បញ្ចប់​ត្រឹម​ចុងខែ​មេសា សុំ​បញ្ចុះតម្លៃ​សិក្សា​ ៣០ ​ភាគរយ​ ក្នុង​ករណី​បង្រៀន​សិស្ស​តាម​អនឡាញ​ពេល​កំពុង​មាន​ជំងឺ​កូវីដ​ ១៩ និង​សុំ​ពង្រឹង​គុណភាព​បង្រៀន​ឡើងវិញ បន្ទាប់ពី​មាន​ការធ្លាក់ចុះ​ក្រោយ​កែប្រែ​ឈ្មោះ​សាលា​ហ្សាម៉ាន​មក​ជា​សាលា​ផារ៉ាហ្គន​។

លោក​ថា​៖ «​ខណៈ​ពួកយើង​កំពុង​ប្រឈម​ទាំង​វិបត្តិ​ជំងឺ​កូវីដ និង​សេដ្ឋកិច្ច ដែល​វិបត្តិ​នេះ​មិន​ត្រឹម​ប៉ះពាល់​ប្រជាជន​កម្ពុជា​យើង​ទេ​គឺ​នៅ​ទូទាំង​ពិភពលោក​។ ប៉ុន្តែ​ក្នុង​ខណៈ​នេះ​ខាង​ថ្នាក់ដឹកនាំ​សាលា​បែរជា​បង្កើន​ថ្លៃ​សិក្សា​ទៅវិញ ធ្វើឱ្យ​ឪពុកម្ដាយ​សិស្ស​មិន​ពេញចិត្ត​ទើប​នាំ​គ្នា​ធ្វើសំណើ​សុំ​ទៅ​សាលា​ដើម្បី​រក្សា​តម្លៃ​សិក្សា​ឱ្យនៅ​ដដែល​»​។

កាលពី​ថ្ងៃទី​ ២២ មេសា ខាង​សាលា​អន្តរជាតិ​ផារ៉ាហ្គន​ធ្លាប់​ប្រឈម​នឹង​ការតវ៉ា​ពី​ឪពុកម្ដាយ​សិស្ស​ម្ដង​រួចហើយ ហើយ​នៅ​​ថ្ងៃ​ ២៣ មេសា ខាង​សាលា​បានចេញ​សេចក្ដី​ជូនដំណឹង​មួយ​ឆ្លើយតប​នឹង​ការទាមទារ​នេះ​។

ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​សាលា​បាន​ឱ្យ​ឪពុកម្ដាយ​សិស្ស​​ដែល​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ត្រូវ​​ដាក់ពាក្យ​ស្នើសុំ​ការបញ្ចុះ​តម្លៃ​សិក្សា​ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​គាំទ្រ​ផ្សេងៗ​ដើម្បីឱ្យ​សាលា​ពិនិត្យ​ និង​ពិចារណា​តាម​ការណ៍​នីមួយៗ​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញ ប៉ុស្ដិ៍​ មិន​អាច​សុំ​ការបំភ្លឺ​ផ្ទាល់​ពី​ភាគី​សាលា​បានទេ ដោយសារ​ខាង​សន្ដិសុខ​យាម​មិន​អនុញ្ញាត​ដោយ​លើក​ហេតុផល​ថា ទាល់តែ​មាន​ការធ្វើ​សន្និសីទ​កាសែត​ទើប​អនុញ្ញាត​ឱ្យចូល​។

ក៏ប៉ុន្តែ​លោក អ៊ាង សុផល្លែត ប្រធានកិត្តិយស​សាលា​អន្តរជាតិ​ផារ៉ាហ្គន​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​តាម​ទូរស័ព្ទ​ថា សាលា​ធ្លាប់​បាន​បញ្ជាក់​ច្បាស់​ក្នុង​សេចក្ដី​ជូនដំណឹង​នោះ​រួចហើយ​ថា នឹង​ជួយ​សម្រួល​តម្លៃ​ចំពោះ​សិស្ស​ដែល​មាន​ឪពុកម្ដាយ​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារ​ជំងឺ​កូវីដ ​១៩​។

លោក​ថា​៖ «​យើង​បាន​ជួយ​សម្រួល​អស់​ហើយ​តាមរយៈ​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​។

សូម​អញ្ជើញ​មកជួប​ជាមួយ​សាលា​មក​ដើម្បី​ដោះស្រាយ ហើយ​ដូចជា​អត់​មានអី​ទៀត​ទេ​ប្រសិនបើ​គាត់​ចង់បាន យើង​នឹង​ជួយ​»​។

កាលពី​ពេល​ថ្មីៗ​នេះ សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​​បាន​ចេញ​សេចក្ដី​អំពាវនាវ​ទៅ​ដល់​ឪពុកម្ដាយ​សិស្ស ត្រូវ​ដាក់​ពាក្យសុំ​បញ្ចុះតម្លៃ​សិក្សា​មក​សាលា និង​មិនគួរ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​តាម​សាលា​ឡើយ ដើម្បី​ចៀសវាង​ការឆ្លង​កូវីដ​១៩​។

ជាមួយ​គ្នា​នេះ​សមាគម​បាន​បន្តថា គ្រឹះស្ថានសិក្សា​ឯកជន​ក៏​កំពុង​ជួប​ការលំបាក និង​ប៉ះពាល់​ខ្លាំង​ពី​ជំងឺ​កូវីដ​ដែរ ដូចជា​ត្រូវ​បន្ត​បើកប្រាក់​បៀវត្សរ៍​ដល់​បុគ្គលិក បន្ត​បង់​ឈ្នួល​​អគារ បន្ត​បង់​ការប្រាក់ និង​ប្រាក់​ដើម​ដល់​ធនាគារ និង​ចំណាយ​​ផ្សេងៗ​ទៀត ខណៈ​សាលា​ធ្លាក់ចុះ​ប្រាក់ចំណូល ដោយសារ​ថយចុះ​ចំនួន​សិស្ស​ជាដើម​។

លោក លី សុវ៉ាត់ ដែលមាន​កូន​ ៣ ​នាក់​រៀន​ថ្នាក់​ទី​ ៥ ទី​ ៧ និង​ថ្នាក់​ទី​ ៨ ​នៃ​សាលា​មួយ​នេះ​បាន​បញ្ជាក់ថា ការតម្រូវ​ឱ្យ​កូនសិស្ស​រៀន​តាម​អនឡាញ​​ពី​ផ្ទះ​គឺ​តម្រូវឱ្យ​ឪពុកម្ដាយ​ត្រូវ​ចំណាយពេល​ ១ ​កម្រិត​ទៀត​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការចេញ​ទៅ​ប្រកបមុខរបរ​ដើម្បី​រកប្រាក់​កម្រៃ​។

លោក​ថា​៖ «​សម្រាប់​ពួកខ្ញុំ​អ្នករកស៊ី​គឺ​កំពុង​យ៉ាប់​ដោយសារ​ការផ្ទុះឡើង​ជំងឺ​កូវីដ​ ១៩ ​នេះ​ហើយ​ណាមួយ​ត្រូវ​គ្មាន​ពេលចេញ​រកស៊ី​ដោយសារ​ត្រូវ​នៅ​មើល​កូន​ដែល​ត្រូវ​រៀន​នៅតាម​ផ្ទះ​។ នៅពេល​រៀន​តាម​អនឡាញ យើង​ត្រូវ​នៅ​ឈរ​មើល​កូន​រៀន​នៅតាម​ផ្ទះ​​អ៊ីចឹងទៅ ឥឡូវ​ចង់​ស្ដ្រេស​ទៅវិញ ដោយសារ​អត់​បានចេញ​ទៅណា​។ ប្រសិនបើ​សាលា​មិន​ទទួលយក​ការទាមទារ​ទេ យើង​មានតែ​សម្រេច​ឱ្យ​កូន​ដូរ​សាលា​ដែល​យើង​គិត​អាចមាន​លទ្ធភាព​»​។

តាម​តារាង​តម្លៃ​សិក្សា​សម្រាប់​ឆ្នាំ​សិក្សា​ ២០២០-២០២១ ​នៅ​​សាលារៀន​អន្តរជាតិ​ផារ៉ាហ្គន​បាន​បង្ហាញថា កម្មវិធីសិក្សា​អន្តរជាតិ​សម្រាប់​កុមារ​ដែល​​ទើបតែ​ចេះ​ដើរ មាន​ប្រហែល​ ៣ ០០០ ​ដុល្លារ ហើយ​ចាប់ពី​ថ្នាក់​ទី​ ៧ ដល់​ថ្នាក់​ទី​ ៩ ត្រូវ​បង់​ ៨ ៩៥០ និង​ចាប់ពី​ថ្នាក់​ទី​ ១០ ​ដល់​ថ្នាក់​ទី​ ១២ ត្រូវ​បង់​ចំនួន​ចំនួន ៩ ៤២០ ​ដុល្លារ​៕